វេទិកាសម្ព័ន្ធសង្គមស៊ីវិលលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលខេត្តកោះកុង ទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងជំរុញបរិវត្តកម្មឌីជីថលក្នុងសហគមន៍ ដើម្បីចូលរួមចំណែកដល់ការកសាងសង្គមឌីជីថលនៅកម្ពុជា
06-08-2026 14:46
(កោះកុង)៖ ដោយសហការជាមួយរដ្ឋបាលខេត្តកោះកុង វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការគណៈរដ្ឋមន្រ្តី បានរៀបចំវេទិកាសន្ទនា ក្រោមប្រធានបទស្ដីពី «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅខេត្តកោះកុង ក្រោមអធិបតីភាពលោក ប៉ៃ សំបូរ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន វ.ស.ស. តំណាងលោក កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងលោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង តំណាងលោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គការសង្គមស៊ីវិលក្នុងខេត្តកោះកុង និងអាជ្ញាធរមូលដ្ឋានជាច្រើននាក់។
ថ្លែងក្នុងពិធីបើកអង្គវេទិកានាព្រឹកនេះ លោកអគ្គលេខាធិការ វ.ស.ស. បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលខេត្តកោះកុងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយក្នុងសហគមន៍ និងការលើកកម្ពស់ បរិវត្តកម្មឌីជីថលក្នុងសហគមន៍ ដើម្បីជំរុញការកសាងសង្គមឌីជីថលនៅកម្ពុជា ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកបានគូសបញ្ជាក់អំពីភាពចាំបាច់ និងសារៈសំខាន់ នៃការយល់ដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីពង្រឹងប្រសិទ្ធភាពការងារទំនាក់ទំនងប្រកបដោយសុវត្ថិភាពខ្ពស់។ ឆ្លៀតក្នុងឱកាសនេះដែរ លោកក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលក្នុងមូលដ្ឋានជួយផ្សព្វផ្សាយជំរុញឱ្យយុវជនយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ដោយអាចពិចារណាចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសខេត្តកោះកុង ដើម្បីទទួលបានឱកាសការងារកាន់តែល្អប្រសើរនៅតាមក្រុមហ៊ុន សហគ្រាសក្នុងមូលដ្ឋាន ដែលអាចជួយលើកកម្ពស់ជីវភាពរស់នៅកាន់តែល្អប្រសើរ។
ក្នុងឱកាសនោះលោក ហាក់ ឡេង បានជម្រាបជូនអង្គប្រជុំអំពីអាទិភាពគន្លឹះទាំង៥ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។
លោកបានបន្ថែមថា បច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្នអាចជួយសម្រួលដល់ប្រសិទ្ធភាពការងារនិងទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក ហើយក៏អាចបង្កនូវភាពងាយរងគ្រោះពីការឆបោកតាមប្រព័ន្ធឌីជីថលតាមគ្រប់រូបភាពពីសំណាក់ជនខិលខូចផងដែរ ដែលទាមទារឱ្យអ្នកប្រើប្រាស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់។ ជាមួយគ្នានេះដែរ លោកក៏បានលើកទឹកចិត្តដល់អង្គការសង្គមស៊ីវិលក្នុងខេត្តកោះកុងទាំងអស់ បន្តចូលរួម កាន់តែសកម្មថែម ទៀតជាមួយអាជ្ញាធរមូលដ្ឋាននិងស្ថាប័នពាក់ព័ន្ធ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយបរិយាបន្ន និងរួមគ្នាកសាងសុខដុមនីយកម្មសង្គមស៊ីវិលនៅកម្ពុជា។
ក្នុងឱកាសនោះ តំណាងអង្គការសង្គមស៊ីវិលក្នុងខេត្តកោះកុងលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរមកជជែកពិភាក្សាដោយត្រង់ទៅត្រង់មកជាមួយអាជ្ញាធរមូលដ្ឋាន។ ជាលទ្ធផល បញ្ហាប្រឈម និងសំណូមពរមួយចំនួន ត្រូវបានរួមគ្នាដោះស្រាយជាក់ស្តែងក្នុងកិច្ចពិភាក្សាដោយផ្ទាល់នៅក្នុងអង្គវេទិកា ហើយបញ្ហាសេសសល់មួយចំនួនទៀត នឹងត្រូវយកទៅពិភាក្សាលម្អិតជាមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ។
នៅក្នុងអង្គវេទិកានេះដែរ លោក វ៉េង ពន្លឺ អ្នកស្រាវជ្រាវ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានចូលរួមធ្វើបទបង្ហាញជូនដល់អង្គវេទិកាអំពី «ការយល់ដឹងអំពីអក្ខរកម្មឌីជីថល និងសុវត្ថិភាពតាមប្រព័ន្ធបច្ចេកវិទ្យាសម្រាប់អង្គការសង្គមស៊ីវិល» ក្នុងគោលបំណងផ្សព្វផ្សាយឱ្យអង្គការសង្គមស៊ីវិលនិងអាជ្ញាធរមូលដ្ឋានបានឈ្វេងយល់អំពីបរិវត្តកម្មឌីជីថល និងការយល់ដឹងអំពីគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥៕
































