មន្រ្តីជាន់ខ្ពស់ក្រសួងផែនការ៖ ចំណូលជាមធ្យមសម្រាប់ពលរដ្ឋខេត្តតាកែវម្នាក់ៗកើនឡើងដល់ ២៣១០ដុល្លារ ក្នុងឆ្នាំ២០២៥
06-08-2026 14:51
(តាកែវ)៖ សម្រាប់ឆ្នាំ២០២៥ កន្លងទៅនេះ ចំណូលជាមធ្យមផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រជាពលរដ្ឋម្នាក់ៗក្នុងខេត្តតាកែវ បានកើនឡើងដល់ ២៣១០ដុល្លារ ដែលជាការកើនឡើងជាង ៨ ភាគរយ ឬប្រមាណ ១៨៨ ដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០២៤។ នេះបើយោងតាមការថ្លែងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងផែនការ។
ថ្លែងនៅក្នុងពិធីប្រកាសផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិឆ្នាំ២០២៥ របស់ខេត្តតាកែវ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ លោក រិន វិរៈ ទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងផែនការ បានបញ្ជាក់ថា ខេត្តតាកែវ គឺជាខេត្តមួយដែលមានសក្តានុពលខ្លាំងលើវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ដែលជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចខេត្ត។ ជាលទ្ធផល សេដ្ឋកិច្ចខេត្តតាកែវក្នុងឆ្នាំ២០២៥ មានទំហំសេដ្ឋកិច្ចប្រមាណ ២៦៥៦ លានដុល្លារអាមេរិក ស្មើនឹង ៥,២% នៃសេដ្ឋកិច្ចជាតិ និងមានកំណើន ៦,៤%។
លោក រិន វិរៈ បានបន្តថា រចនាសម្ព័ន្ធសេដ្ឋកិច្ចបច្ចុប្បន្នក្នុងខេត្តតាកែវ វិស័យកសិកម្មមានចំណែក ៤៦% វិស័យឧស្សាហកម្មមានចំណែក ៣៧% និងវិស័យសេវាកម្មមានចំណែក ១៧%។ ខេត្តតាកែវមានសក្តានុពលខ្ពស់ លើវិស័យសេវាកម្ម ជាពិសេសពាណិជ្ជកម្មលក់ដុំ លក់រាយ និងសេវាទេសចរណ៍ រួមទាំងវិស័យឧស្សាហកម្ម ដែលជាវិស័យសក្តានុពលទីពីរ បន្ទាប់ពីសេវាកម្ម ដែលអាចជំរុញសេដ្ឋកិច្ចខេត្តឱ្យកាន់តែរីកចម្រើន។
ក្នុងឱកាសនោះ លោក វ៉ី សំណាង បានចាត់ទុកការកើនឡើង នៃចំណូលជាមធ្យមរបស់ប្រជាពលរដ្ឋនេះថា ជាការឆ្លុះបញ្ចាំងពីស្ថានភាពកម្រិតជីវភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលមានការកើនឡើងជាលំដាប់។
លោកថា «នេះក៏ជាភស្តុតាងនៃការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានធ្វើឱ្យខេត្តមានកំណើនសេដ្ឋកិច្ចរួម និងតាមវិស័យនានា។ សូចនាករទាំងនេះនឹង ក្លាយជាឧបករណ៍ថ្មីមួយទៀតសម្រាប់កៀគរអ្នកវិនិយោគទុនទាំងក្នុង និងក្រៅប្រទេស មកបណ្តាក់ទុនរកស៊ីនៅលើទឹកដីខេត្តតាកែវ ក្នុងគោលដៅពន្លឿនការអភិវឌ្ឍខេត្តឱ្យបានរីកចម្រើនឆាប់រហ័ស»៕




















