រដ្ឋបាលខេត្តរតនគិរី រៀបចំកិច្ចប្រជុំត្រៀមរៀបចំការប្រឡងបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦
06-08-2026 14:55
(រតនគិរី)៖ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំមួយដើម្បីពិនិត្យ និងពិភាក្សាអំពីការត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឌុច ចាន់តូ អភិបាលខេត្តស្តីទី និងលោក វ៉ាន់ សោភា អភិបាលរងខេត្ត ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
ថ្លែងក្នុងឱកាសនោះ លោក ឌុច ចាន់តូ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យពិភាក្សាការងារចាំបាច់នានា ពិសេសលើផ្នែកសណ្ដាប់ធ្នាប់ សុវត្ថិភាព និងសុខាភិបាល ក្នុងគោលបំណងធានាឱ្យសិស្សានុសិស្ស ទាំងអស់អាចប្រឡងបានដោយសុវត្ថិភាព និងដំណើរការបានជោគជ័យ ប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ។
លោកក៏បានសំណូមពរដល់ភាគីអង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្តនូវបទដ្ឋានគតិយុត្តនានា និងយន្តការកិច្ចការប្រឡង ព្រមទាំងមានការពិនិត្យគាំទ្រជាប្រចាំលើកិច្ចការគ្រប់គ្រងបច្ចេកទេស និងចុះពិនិត្យវាយតម្លៃដល់ទីតាំងមណ្ឌលប្រឡងផ្ទាល់ ដើម្បីពង្រឹងវិធានការអនាម័យ និងសុវត្ថិភាព។
រដ្ឋបាលខេត្តរតនគិរី សង្ឃឹមយ៉ាងមុតមាំថា ដំណើរការសំណេរខាងមុខ នឹងទទួលបានសុវត្ថិភាព សុខមាលភាព តម្លាភាព យុត្តិធម៌ និងលទ្ធផលអាចទទួលយកបាន។ សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ នាពេលដ៏ខ្លីខាងមុខនេះ នៅទូទាំងខេត្តរតនគិរី មានបេក្ខជនសរុបចំនួន ១,៩៧៧នាក់ (ស្រី ១,០៨៦នាក់) ក្នុងនោះជនជាតិដើមភាគតិចមានចំនួន ៤៤.៩៩ភាគរយ៕
















