អភិបាលខេត្តឧត្តរមានជ័យ ផ្ដាំផ្ញើបេក្ខជនប្រឡងបាក់ឌុប៖ «កុំភ័យ កុំតក់ស្លុត អ្នកចេះគឺជាប់» និងអំពាវនាវឱ្យគោរពវិន័យប្រឡង ដើម្បីឆ្លុះបញ្ចាំងពីសមត្ថភាពពិត

06-08-2026 15:15

(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាលោកអភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានថ្លែងអំពាវនាវបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៥-២០២៦ ទាំងអស់ ឱ្យមានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួន ដោយបានផ្ដាំផ្ញើថា «កុំភ័យ កុំតក់ស្លុត អ្នកចេះគឺជាប់» ព្រមទាំងជំរុញឱ្យបេក្ខជនប្រឹងប្រែងអស់ពីសមត្ថភាព និងគោរពបទប្បញ្ញត្តិប្រឡងឱ្យបានខ្ជាប់ខ្ជួន។

ការលើកឡើងនេះធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់បេក្ខជនប្រឡងបាក់ឌុប ដែលប្រារព្ធធ្វើនៅសហសាលប្រាសាទតាមាន់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ខេត្ត មន្ត្រីពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងបេក្ខជនយ៉ាងច្រើនកុះករ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។

លោក ប៉ិច រតនា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ បានថ្លែងឱ្យដឹងថា ឆ្នាំ២០២៦នេះ ខេត្តបានរៀបចំមណ្ឌលប្រឡងចំនួន៣ ក្នុងទីតាំង២ គឺវិទ្យាល័យហ៊ុន សែន ឧត្តរមានជ័យ និងវិទ្យាល័យតេជោសែនសំរោង ដោយមានបេក្ខជនមានសិទ្ធិប្រឡងសរុប ១,៧៣១នាក់ ក្នុងនោះស្រី ៩៧៧នាក់។

ថ្លែងក្នុងឱកាសនោះ លោក មាន ចាន់យ៉ាដា បានគូសបញ្ជាក់ថា ការប្រឡងបាក់ឌុប គឺជាដំណាក់កាលសំខាន់មួយសម្រាប់អនាគតរបស់សិស្សានុសិស្ស។ ដូច្នេះ បេក្ខជនទាំងអស់ត្រូវរក្សាភាពជឿជាក់ មិនត្រូវភ័យខ្លាច ឬតក់ស្លុតនោះទេ ព្រោះលទ្ធផលល្អកើតចេញពីការខិតខំរៀនសូត្រ និងការប្រឹងប្រែងរបស់ខ្លួន។

អភិបាលខេត្តឧត្តរមានជ័យ ក៏បានថ្លែងណែនាំឱ្យបេក្ខជនប្រើប្រាស់ចំណេះដឹងដែលបានសិក្សាកន្លងមក ធ្វើវិញ្ញាសាឱ្យបានត្រឹមត្រូវ មិនត្រូវលួចមើល ឬចម្លងគ្នា ហើយត្រូវគោរពវិន័យ និងបទប្បញ្ញត្តិនៃការប្រឡងឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាឱ្យការប្រឡងប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ តម្លាភាព និងទទួលបានលទ្ធផលដែលឆ្លុះបញ្ចាំងពីសមត្ថភាពពិតប្រាកដ។

លោក មាន ចាន់យ៉ាដា ក៏បានថ្លែងកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សខេត្តឧត្តរមានជ័យ ដែលបានខិតខំប្រឹងប្រែងរហូតសម្រេចលទ្ធផលគួរជាទីមោទនៈក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៥ ដោយទទួលបានអត្រាជាប់ ៨៧.២៩ភាគរយ ក្នុងនោះស្រី ៨៩.៦០ភាគរយ និងមានបេក្ខជននិទ្ទេស A ចំនួន ១៤នាក់ កើនឡើង ៦នាក់ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ទោះបីការប្រឡងនៅពេលនោះត្រូវផ្លាស់ប្ដូរ មណ្ឌលទៅខេត្តសៀមរាប ដោយសារស្ថានភាពព្រំដែនក៏ដោយ។

ជាចុងក្រោយលោក មាន ចាន់យ៉ាដា បានថ្លែងជូនពរដល់បេក្ខជនទាំងអស់ឱ្យមានសុខភាពល្អ មានស្មារតីរឹងមាំ បំពេញវិញ្ញាសាបានដោយជោគជ័យ និងទទួលបានលទ្ធផលល្អ សម្រេចក្តីប្រាថ្នារបស់ខ្លួន ក្លាយជាធនធានមនុស្សប្រកបដោយគុណភាពសម្រាប់សង្គម និងប្រទេសជាតិនាពេលអនាគត៕