សម្ពោធស្ពាន និងផ្លូវបេតុងប្រវែងជាង ៣០០ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអ្នកភូមិកោះចម្រើន ស្រុកលើកដែក (Video inside)
06-08-2026 15:14
(កណ្ដាល)៖ ស្ពានបេតុង និងផ្លូវបេតុងអាមេ ប្រវែងសរុបជាង ៣០០ម៉ែត្រ ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា រួមជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។
ពិធីសម្ពោធនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោក គួច ចំរើន អភិបាលខេត្តកណ្ដាល និងលោក ចៅ សម្បត្តិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកលើកដែក។
ពិធីនេះ ធ្វើឡើងចំថ្ងៃចម្រើនជន្មាយុគម្រប់ ៧៤ ឆ្នាំ ឈានចូល ៧៥ ឆ្នាំរបស់សម្ដេចតេជោ ជូនប្រជាពលរដ្ឋនៅភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល បន្ទាប់ពីតំបន់នេះបានជួបប្រទះសោកនាដកម្មលិចទូកដរ កាលពីចុងឆ្នាំ២០២២ ដែលបណ្ដាលឱ្យសិស្សសាលាចំនួន ១១នាក់បានបាត់បង់ជីវិត។
លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានបញ្ជាក់ថា ស្ពានបេតុងនេះមានប្រវែង ៥៤ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ព្រមទាំងមានដាក់លូជ្រុងមុខកាត់ ២ ម៉ែត្រ ប្រវែង ១២ ម៉ែត្រ។ ចំណែកផ្លូវបេតុងអាមេ មានប្រវែង ៣០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ និងកម្រាស់ ០,២ ម៉ែត្រ។
លោក គួច ចំរើន អភិបាលខេត្តកណ្ដាល ក៏បានឧបត្ថម្ភបង្គោលភ្លើងបំពាក់ភ្លើងសូឡាជាង ៦០០ ដើម ដោយបានបំពាក់រួចរាល់ចំនួន ២៥២ ដើម ជូនដល់អ្នកភូមិកោះចម្រើនផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក គួច ចំរើន បានគូសបញ្ជាក់ថា សមិទ្ធផលប្រវត្តិសាស្ត្រទាំងនេះ កើតចេញពីការផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីឧបទ្ទវហេតុដ៏សោកសៅកាលពីឆ្នាំ២០២២។ លោកអភិបាលខេត្ត ក៏បាននាំនូវការចូលរួមសោកស្ដាយ និងរំលែកទុក្ខរបស់សម្ដេចតេជោ ជូនដល់ក្រុមគ្រួសារដែលបានបាត់បង់ជីវិតក្នុងឧប្បត្តិហេតុនោះ។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សាសមិទ្ធផលទាំងនេះ គោរពច្បាប់ចរាចរណ៍ និងរួមគ្នាថែរក្សាអនាម័យបរិស្ថាន ធ្វើយ៉ាងណាឱ្យភូមិកោះចម្រើនក្លាយជាភូមិដែលមានអនាម័យល្អ។ សម្រាប់រដូវទឹកឡើងខាងមុខ លោក គួច ចំរើន ក៏បានជំរុញឱ្យម្ចាស់ទូកដរទាំងអស់ត្រៀមឧបករណ៍សុវត្ថិភាពដូចជា អាវពោង និងពោងសុវត្ថិភាព ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោក នូវ ទូច ប្រធានក្រុមប្រឹក្សាឃុំកំពង់ភ្នំ រួមជាមួយប្រជាពលរដ្ឋភូមិកោះចម្រើន បានសម្ដែងនូវក្ដីត្រេកអរ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចទាំងទ្វេ ដែលបានដោះស្រាយទុក្ខលំបាករបស់ពួកគាត់។ សមិទ្ធផលដ៏រឹងមាំ និងស្រស់ស្អាតនេះ បានបញ្ចប់នូវទុក្ខវេទនាផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ដែលធ្លាប់ព្រួយបារម្ភពីសុវត្ថិភាពកូនចៅក្នុងការធ្វើដំណើរឆ្លងកាត់ទឹក។ ការសាងសង់ស្ពាន និងផ្លូវបេតុងនេះ គឺជាការឆ្លើយតបដ៏ទាន់ពេលវេលា និងជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ៕












































