លោក មាន ចាន់យ៉ាដា នាំយកអំណោយសង្គ្រោះបន្ទាន់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនស្ត្រីរងគ្រោះដោយសារជាន់គ្រាប់មីននៅស្រុកអន្លង់វែង
06-08-2026 15:32
(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅប្រគល់ជូនលោកស្រី អ៊ាន បៀត អាយុ៤៩ឆ្នាំ រស់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលបានរងរបួសធ្ងន់ធ្ងរដោយសារជាន់គ្រាប់មីន។
តាមព័ត៌មានបានឱ្យដឹងថា លោកស្រី អ៊ាន បៀត បានរងគ្រោះខណៈចូលព្រៃរកផ្សិត ហើយបានជាន់គ្រាប់មីនប្រភេទ GYATA-64 នៅតំបន់ខាងមុខតំបន់ប្រវត្តិសាស្ត្រយោធាតាទុំ (ចេតិយ) ចំណុច UA (76.87) បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ រហូតត្រូវកាត់ជើងម្ខាង។ បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ និងគ្រោងបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ (មន្ទីរពេទ្យលោកសង្ឃ) រាជធានីភ្នំពេញ។
ក្នុងឱកាសចុះសួរសុខទុក្ខ លោក មាន ចាន់យ៉ាដា បានថ្លែងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះជនរងគ្រោះ និងក្រុមគ្រួសារ ព្រមទាំងបានលើកទឹកចិត្តឱ្យបន្តសម្រាកព្យាបាល និងថែទាំសុខភាព ដើម្បីឆាប់ជាសះស្បើយ។
លោក មាន ចាន់យ៉ាដា បានថ្លែងបញ្ជាក់ថា៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់ និងគិតគូរជានិច្ចពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយ ឬឧបទ្ទវហេតុផ្សេងៗ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ មិនទុកឱ្យនរណាម្នាក់រងទុក្ខដោយមិនបានដឹង និងមិនបានជួយដោះស្រាយនោះឡើយ។
ជាមួយគ្នានេះលោកប្រធានគណៈកម្មាធិការសាខា ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅ ឬប្រកបរបរនៅតាមតំបន់ព្រំដែន និងតំបន់ដែលធ្លាប់មានសមរភូមិប្រយុទ្ធ សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះសំណល់ជាតិផ្ទុះពីសម័យសង្គ្រាម ជាពិសេសគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដោយមិនត្រូវចូលទៅកាន់តំបន់ដែលមិនទាន់បានបោសសម្អាត ឬមានស្លាកសញ្ញាព្រមានឡើយ និងត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរ ឬមន្ត្រីជំនាញ នៅពេលប្រទះឃើញវត្ថុសង្ស័យ ដើម្បីការពារសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ខ្លួន និងសហគមន៍៕














