ជំនួបអាហារពេលព្រឹកពិភាក្សាការងាររវាងផ្នែករដ្ឋ និងផ្នែកឯកជនលើកទី៣, អ្នកឧកញ៉ា គិត ម៉េង អំពាវនាវឱ្យវិនិយោគិនអន្តរជាតិ ចូលរួមអនុសាសន៍រួម សម្រាប់ «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី២០»
06-08-2026 15:38
(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ក្រុមការងារផ្នែកឯកជន (G-PSF) និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់អាស៊ានរបស់កម្ពុជា នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំសមាជិកសមាជិកាជាន់ខ្ពស់អញ្ជើញចូលរួម និងថ្លែងមតិស្វាគមន៍ក្នុង «ជំនួបអាហារពេលព្រឹក ពិភាក្សាការងាររវាងផ្នែករដ្ឋ និងផ្នែកឯកជន លើកទី៣» ក្រោមប្រធានបទ «ការពិនិត្យលើការពង្រឹងគ្រឹះខ្សែច្រវាក់ផ្គត់ផ្គង់៖ ការផ្ដល់ថាមពលដល់ការផ្លាស់ប្ដូររូបរាងឧស្សាហកម្មកម្ពុជា» នៅសណ្ឋាគារ រ៉ាហ្វល លឺ រ៉ូយ៉ាល់។
កម្មវិធីនេះរៀបចំដោយសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា (CCCCA) និងសហការសម្របសម្រួលពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាពិសេស ដោយមានការអញ្ជើញចូលរួមពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងវត្តមាន លោក Lin Shiqiang ប្រធានសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា, តំណាងស្ថានទូតចិន ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មអន្តរជា តំណាងប្រធានសភាពាណិជ្ជកម្មអន្តរជាតិនានា (AmCham, EuroCham, JBAC, KoCham) និងតំណាងសមាគម ក្រុមហ៊ុនជាតិ-អន្តរជាតិ ឯកជនជាច្រើនផងដែរ។
ចំណុចសំខាន់ៗនៃប្រសាសន៍របស់អ្នកឧកញ៉ា ថ្លែងក្នុងកិច្ចពិភាក្សានេះរួមមាន៖
១. ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់៖ ការបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់រឹងមាំ គឺជាសសរទ្រទ្រង់ជួយរញ៉ោចការធ្វើបរិវត្តកម្មឧស្សាហកម្មកម្ពុជា ទៅជាការផលិតដែលមានតម្លៃបន្ថែមខ្ពស់។
២. CCC ជាស្ពានចម្លងតែមួយគត់៖ សភាពាណិជ្ជកម្មកម្ពុជា (CCC) គឺជាច្រកចេញចូលតែមួយ ក្នុងការនាំយកនូវរាល់បញ្ហាប្រឈមរបស់សភាពាណិជ្ជកម្មអន្តរជាតិ ចូលទៅក្នុងយន្តការផ្លូវការនៃ G-PSF។
៣. ការអំពាវនាវ អញ្ជើញវិនិយោគិនអន្តរជាតិចូលរួមក្នុង «ក្រុមការងារផ្នែកឯកជនទាំង ១៦» ដើម្បីរៀបចំអនុសាសន៍រួមសម្រាប់ «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី២០» ឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
ថ្លែងទៅកាន់អង្គពិធី លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តល់នូវមតិបូកសរុបយ៉ាងស៊ីជម្រៅ ដោយបានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ជាពិសេសស្ថាប័ន ក.អ.ក.ផ្ទាល់ ក្នុងការធ្វើកំណែទម្រង់ផ្ទៃក្នុងដ៏មុតស្រួច សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពការអនុវត្តការងារស្នូលរបស់ស្ថាប័ន រួមមានជាអាទិ៍៖
(១) ការលើកកម្ពស់ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជា តាមរយៈការផ្សព្វផ្សាយពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគដ៏សម្បូរបែប,
(២) ការផ្តល់កិច្ចសម្របសម្រួលវិនិយោគគ្រប់ជ្រុងជ្រោយ ចាប់តាំងពីការដាក់ពាក្យស្នើសុំវិនិយោគ រហូតដល់គម្រោងវិនិយោគអាចចាប់ផ្តើមប្រតិបត្តិការបានដោយរលូន, និង
(៣) ការផ្តល់សេវាថែទាំ និងគាំទ្រការវិនិយោគយ៉ាងជិតស្និទ្ធ ដើម្បីធានាបាននូវការជឿទុកចិត្ត និងភាពជោគជ័យយូរអង្វែងរបស់វិនិយោគិនបរទេសនៅកម្ពុជា។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្តដល់វិស័យឯកជន ឱ្យបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ ដើម្បីរំកិលខ្លួនឈានទៅប្រមូលផ្តុំការវិនិយោគលើឧស្សាហកម្ម ដែលជាប្រភពដើមនៃខ្សែច្រវាក់ផលិតកម្ម និងមានតម្លៃបន្ថែមខ្ពស់។
ជាមួយគ្នានេះ លោកបានបន្តអំពាវនាវឱ្យមានការបើកទូលាយ និងពង្រឹងយន្តការប្រាស្រ័យទាក់ទងគ្នាឱ្យកាន់តែសកម្ម និងជិតស្និទ្ធបន្ថែមទៀត រវាងផ្នែករដ្ឋ និងផ្នែកឯកជន សំដៅរួមគ្នាកសាងនូវសមិទ្ធផល និងរឿងរ៉ាវជោគជ័យថ្មីៗបន្ថែមទៀត នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
«ភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ ទាមទារឱ្យមានកិច្ចសម្របសម្រួលយ៉ាងស៊ីជម្រៅរវាងសភាពាណិជ្ជកម្មជាតិ-អន្តរជាតិទាំងអស់ ក្រសួង-ស្ថាប័នរដ្ឋ និងធុរជន-វិនិយោគិន។ រួមគ្នា យើងរឹងមាំ!»៕


















