ក្រសួងព័ត៌មាន និង Smart ចាប់ដៃគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងលើកកម្ពស់សុវត្ថិភាពឌីជីថល
06-08-2026 15:46
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន និងក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ Smart Axiata បានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តក្នុងការសហការ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានដែលមានគុណភាពខ្ពស់ ប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវ ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពនៅក្នុងសង្គម។
ការបញ្ជាក់ជំហរបែបនេះបានធ្វើឡើងនៅក្នុងឱកាសដែលលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយលោក Ritesh KUMAR SINGH នាយកប្រតិបត្តិក្រុមហ៊ុន ស្មាត អាស្សាតា ខូ អិលធីឌី (Smart Axiata Co., Ltd.) នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពិភាក្សាអំពីកិច្ចសហការ និងការរួមចំណែកជំរុញការអភិវឌ្ឍវិស័យព័ត៌មាន ទូរគមនាគមន៍ និងបរិវត្តកម្មឌីជីថលនៅកម្ពុជា។
ក្នុងជំនួបនេះ លោក Ritesh KUMAR SINGH បានជម្រាបជូនថា ក្រុមហ៊ុន ស្មាត គឺជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខមួយនៅកម្ពុជា ដែលបាន និងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច តាមរយៈការបន្តវិនិយោគជាប្រចាំ ដើម្បីពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា និងសេវាកម្មឌីជីថលទំនើប ព្រមទាំងបានបង្កើតឱកាសការងារជាច្រើនជូនប្រជាពលរដ្ឋកម្ពុជា។
នាយកប្រតិបត្តិក្រុមហ៊ុនក្រុមហ៊ុន Smart ក៏បានសំដែងការគាំទ្រក្រសួងព័ត៌មានដែលកំពុងបន្តអនុវត្ត យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២ នៅឆ្នាំ២០២៦ ក្រោមទិសស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដើម្បីពង្រឹងអក្ខរកម្មឌីជីថល។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសម្តែងការកោតសរសើរចំពោះការរួមចំណែករបស់ក្រុមហ៊ុន ស្មាត ក្នុងការអភិវឌ្ឍវិស័យទូរគមនាគមន៍ និងការជំរុញបរិវត្តកម្មឌីជីថលនៅកម្ពុជា ដែលបានរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការជំរុញបរិវត្តកម្មឌីជីថល និងការកសាងសេដ្ឋកិច្ចឌីជីថល ដោយលើកទឹកចិត្តឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ក្រសួងព័ត៌មានផ្តល់តម្លៃខ្ពស់ចំពោះកិច្ចសហការជាមួយវិស័យឯកជន និងលើកទឹកចិត្តឱ្យក្រុមហ៊ុន ស្មាត បន្តចូលរួមជាមួយក្រសួងព័ត៌មាន ក្នុងការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានដែលមានគុណភាព ប្រកបដោយវិជ្ជាជីវៈ សីលធម៌ និងទំនួលខុសត្រូវ ព្រមទាំងរួមចំណែកប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។
លោករដ្ឋមន្ត្រី ក៏បានសម្តែងជំនឿជឿជាក់ថា ក្រុមហ៊ុន ស្មាត នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងព័ត៌មាន និងស្ថាប័នពាក់ព័ន្ធ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ ស្របតាមបរិបទនៃបដិវត្តន៍ឌីជីថល និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកសាងសង្គមឌីជីថលនៅកម្ពុជា៕












