ជំនួយស្បៀងអាហាររបស់លោកស្រី សុខា គងពិសី គីមរិទ្ធី ត្រូវបន្តលើកទឹកចិត្តវីរកងទ័ពជួរមុខ នៅទិសទី១ ប្រាសាទព្រះវិហារ

06-08-2026 16:05

(ព្រះវិហារ)៖ ស្មារតីគាំទ្រពីសមរភូមិក្រោយ នៅតែបន្តហូរចូលសមរភូមិមុខ ដើម្បីលើកទឹកចិត្តដល់វីរកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដោយមិនខ្លាចនឿយហត់ និងលះបង់គ្រប់បែបយ៉ាងដើម្បីមាតុភូមិ។

នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ លោកស្រី ខូយ ប៊ុនថាន សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ រួមជាមួយសហការី បាននាំយកស្បៀងអាហារដ៏ថ្លៃថ្លា ជាអំណោយរបស់លោកស្រី សុខា គងពិសី គីមរិទ្ធី ទៅប្រគល់ជូនដោយផ្ទាល់ដល់វីរកងទ័ពចំនួន ២អង្គភាព ចំណុះកងពលតូចអន្តរាគមន៍លេខ៨ ដែលកំពុងបំពេញបេសកកម្មនៅសមរភូមិមុខ ទិសទី១ ប្រាសាទព្រះវិហារ។

ក្នុងឱកាសនោះ លោកស្រី ខូយ ប៊ុនថាន បានលើកឡើងថា អំណោយដែលបាននាំយកមកប្រគល់ជូននាពេលនេះ គឺជាសក្ខីភាពនៃការយកចិត្តទុកដាក់ ក្តីនឹករលឹក និងទឹកចិត្តដ៏ស្មោះស្ម័គ្ររបស់លោកស្រី សុខា គងពិសី គីម រិទ្ធី ចំពោះវីរកងទ័ពដែលកំពុងបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមការពារមាតុភូមិ។

លោកស្រី ខូយ ប៊ុនថាន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការលើកទឹកចិត្តពីថ្នាក់ដឹកនាំនៅសមរភូមិក្រោយ ដោយបញ្ជាក់ថា ថ្នាក់ដឹកនាំតែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កងទ័ពគ្រប់រូបជានិច្ច។

លោកស្រី ហែម សុគុណពិសី ក៏បានសម្តែងនូវការកោតសរសើរចំពោះស្មារតីលះបង់ និងភាពអង់អាចក្លាហានរបស់វីរកងទ័ព ព្រមទាំងជូនពរឱ្យកងទ័ពទាំងអស់មានសុខភាពល្អ កម្លាំងមាំមួន និងបន្តទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចដ៏ថ្លៃថ្នូរ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប តំណាងវីរកងទ័ពនៃកងពលតូចអន្តរាគមន៍លេខ៨ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី សុខា គងពិសី គីម រិទ្ធី និងគណៈប្រតិភូ ដែលបាននាំយកអំណោយ និងការលើកទឹកចិត្តមកដល់សមរភូមិមុខ។

លោកបានបញ្ជាក់ថា ទឹកចិត្ត និងការគាំទ្រពីសមរភូមិក្រោយ គឺជាកម្លាំងចិត្តដ៏មហិមា ដែលជំរុញឱ្យវីរកងទ័ពកាន់តែមានភាពរឹងមាំ ប្តេជ្ញាការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិឱ្យបានគង់វង្ស មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

សូមបញ្ជាក់ថា អំណោយដែលបានប្រគល់ជូនរួមមាន ទឹកបរិសុទ្ធចំណុះ ១,៥០០មីលីលីត្រ ចំនួន ៤០០យួរ (ស្មើនឹង ២០០កេស) ភេសជ្ជៈ V-Active ចំនួន ៥០កេស មីកញ្ចប់ចំនួន ២០០កេស ព្រមទាំងសាច់គោ ៤០គីឡូក្រាម សាច់ជ្រូក ៤០គីឡូក្រាម សាច់មាន់ ៤០គីឡូក្រាម និងបន្លែស្រស់ចំនួន ៣មុខ ដែលក្នុងមួយមុខមានទម្ងន់ ១០គីឡូក្រាម ដើម្បីផ្គត់ផ្គង់ដល់ការរស់នៅប្រចាំថ្ងៃរបស់វីរកងទ័ពនៅជួរមុខ៕