រដ្ឋបាលខេត្តបាត់ដំបង ប្រកាសអនុវត្តគម្រោងសាកល្បងប្រព័ន្ធញែកសំរាម សំណល់រឹង នៅក្រុងបាត់ដំបង

18-08-2026 15:22

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង, លោកបណ្ឌិត សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ហ្រ្វាំង ដ្យាត់ ប្រធានក្រុមការងារអាស៊ានទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចាប់ផ្ដើមការអនុវត្តគម្រោងសាកល្បងប្រព័ន្ធញែកសំរាម សំណល់រឹងនៅក្រុងបាត់ដំបង និងពិធីប្រគល់សម្ភាៈពាក់ព័ន្ធ ដែលពិធីនេះធ្វើឡើងនៅសាលាក្រុងបាត់ដំបង នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។

លោក ហ្រ្វាំង ដ្យាត់ បង្ហាញអារម្មណ៍សប្បាយរីករាយ ដែលបានផ្ដល់រថយន្តដឹកសំណល់ដល់រដ្ឋបាលក្រុងបាត់ដំបង និងសង្ឃឹមថា ការអនុវត្តសាកល្បងប្រព័ន្ធញែកសំរាម នឹងទទួលបានជោគជ័យធ្វើ ជាគំរូសម្រាប់ពង្រីកការអនុវត្តនៅតំបន់ផ្សេងទៀត។

លោក សុខ លូ បានណែនាំដល់អាជ្ញាធរត្រូវខិតខំពន្យល់ប្រជាពលរដ្ឋពីការទុកដាក់ និងញែកសំរាមឲ្យបានត្រឹមត្រូវ ព្រមទាំងចូលរួមបង់ថ្លៃសេវាប្រមូលសំរាមឲ្យបានទៀងទាត់។ លោកបានបង្ហាញចក្ខុវិស័យរៀបចំក្រុងបាត់ដំបង ឲ្យក្លាយទៅជាទីក្រុងស្អាត ឆ្លាតវៃ បៃតង និងអាចដើរបាន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងបង្កើនការទាក់ទាញភ្ញៀវទេសចរ។

លោកថ្លែងអំណរគុណដល់ GIZ ដែលបានផ្ដល់ជំនួយជារថយន្តដឹកសំរាម និងសម្ភារៈផ្សេងៗបម្រើឲ្យការអនុវត្តគម្រោងសាកល្បងប្រព័ន្ធញែកសំរាមសំណល់រឹងនៅក្រុងបាត់ដំបង។ លោកជឿជាក់ថា ការអនុវត្តសាកល្បងប្រព័ន្ធញែកសំរាម សំណល់រឹង នឹងសម្រេចបានជោគជ័យ និងអាចពង្រីកបានទូទាំងក្រុងបាត់ដំបង និងតំបន់ទីប្រជុំជនស្រុកនានានៅពេលអនាគត។

លោកបណ្ឌិត សាបូ អូហ្សាណូ បង្ហាញការគាំទ្រការអនុវត្តសាកល្បងប្រព័ន្ធញែកសំរាមសំណល់រឹងនៅក្រុងបាត់ដំបង ខណៈការទុកដាក់សំរាមជាការងារអាទិភាពមួយ ដែលរាជរដ្ឋាភិបាលបានផ្ដល់ការយកចិត្តទុកខ្ពស់។ លោកបានសង្កត់ធ្ងន់ថា ការទុកដាក់សំរាមបានត្រឹមត្រូវនឹងជួយលើកកម្ពស់សុខភាព សោភ័ណភាព សេដ្ឋកិច្ច និងបរិស្ថាន ហើយទាំងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋពិតជាចង់ឃើញទីក្រុងបាត់ដំបងជាទីក្រុងស្អាត៕