Fresh Exclusive: កម្ពុជានិងថៃ មានអំណាចមិនស្មើគ្នា៖ តើ UNCLOS ផ្តល់ឱកាសអ្វីខ្លះដល់កម្ពុជា? (Video inside)
18-08-2026 16:40
(ភ្នំពេញ)៖ កម្ពុជា និងថៃ អាចមានទំហំប្រទេស សេដ្ឋកិច្ច និងកម្លាំងយោធា មិនស្មើគ្នាឡើយ។ ប៉ុន្តែពេលវិវាទព្រំដែនសមុទ្រ ឈានចូលក្នុងនីតិវិធីផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ទីលានប្រកួត បានប្តូរ៖ ពីអំណាច មកជាច្បាប់ ភស្តុតាង និងអំណះអំណាង។ តើការចូលមកកាន់ទីលានច្បាប់នេះ អាចផ្តល់ឱកាសអ្វីខ្លះ ដល់កម្ពុជា ក្នុងនាមជាប្រទេសតូច?
Fresh Exclusive មានអត្ថបទវិភាគស៊ីជម្រៅមួយជុំវិញសំណួរនេះ៖
ក្នុងទំនាក់ទំនងអន្តរជាតិ ប្រទេសនីមួយៗមិនមានទំហំ សេដ្ឋកិច្ច កម្លាំងយោធា និងឥទ្ធិពលការទូតស្មើគ្នាទេ។ ប៉ុន្តែបើវិវាទមួយ ត្រូវបាននាំចូលក្នុងក្របខណ្ឌច្បាប់អន្តរជាតិ សំណួរមិនមែននៅត្រឹមថា «អ្នកណាខ្លាំងជាង?» ទៀតទេ។ សំណួរប្តូរទៅជា៖ តើអ្នកណាមានអំណះអំណាង ភស្តុតាង និងមូលដ្ឋានច្បាប់ដែលរឹងមាំជាង?
នេះហើយជាសារៈសំខាន់មួយនៃការសម្រេចរបស់កម្ពុជា ក្នុងការប្រើ នីតិវិធីផ្សះផ្សាដោយបង្ខំ ឬ Compulsory Conciliation ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ឆ្នាំ១៩៨២ ឬ UNCLOS បន្ទាប់ពីថៃលុប MOU-2001 ជាឯកតោភាគី។
ក្តីសង្ឃឹមសម្រាប់កម្ពុជា មិនមែនស្ថិតនៅត្រង់ថា UNCLOS ធានាថា «កម្ពុជានឹងឈ្នះ» នោះទេ។ ច្បាប់ មិនអាចធានាជ័យជម្នះមុនពេលភស្តុតាង និងអំណះអំណាងរបស់ភាគីទាំងពីរត្រូវបានពិនិត្យឡើយ។
ប៉ុន្តែអ្វីដែល UNCLOS អាចធ្វើបាន គឺប្តូរទីលានពីការប្រកួតប្រជែងដោយអំណាច ទៅជាទីលានដែលច្បាប់ អង្គហេតុ ផែនទី ទិន្នន័យបច្ចេកទេស និងអំណះអំណាងរបស់ភាគីទាំងពីរត្រូវបានដាក់មុខអ្នកជំនាញអន្តរជាតិឯករាជ្យ។ នេះអាចជាអត្ថប្រយោជន៍ដ៏សំខាន់មួយសម្រាប់ប្រទេសតូច។
*ប្រទេសតូច និងប្រទេសធំ មិនស្មើគ្នាខាងអំណាច ប៉ុន្តែមានអធិបតេយ្យភាពស្មើគ្នាក្រោមច្បាប់អន្តរជាតិ
គោលការណ៍មូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ គឺ sovereign equality of States — សមភាពអធិបតេយ្យរបស់រដ្ឋ។ មាត្រា២ នៃ ធម្មនុញ្ញអង្គការសហប្រជាជាតិ កំណត់ថា អង្គការពិភពលោកនេះ ឈរលើគោលការណ៍សមភាពអធិបតេយ្យរបស់សមាជិកទាំងអស់ ហើយរដ្ឋត្រូវដោះស្រាយវិវាទអន្តរជាតិ ដោយមធ្យោបាយសន្តិវិធី។
វាមិនមានន័យថា កម្ពុជានិងថៃមានធនធាន ឬឥទ្ធិពលនយោបាយស្មើគ្នាទេ។ ប៉ុន្តែវាមានន័យថា ទំហំប្រទេស ឬកម្លាំងយោធា មិនមែនជាស្តង់ដារផ្លូវច្បាប់សម្រាប់សម្រេចថា នរណាមានសិទ្ធិលើដែនសមុទ្រប៉ុណ្ណាឡើយ។
នៅពេលកំណត់ព្រំដែន Exclusive Economic Zone EEZ ឬតំបន់សេដ្ឋកិច្ចផ្តាច់មុខ និង តំបន់ខ្ពង់រាបបាតសមុទ្ទ continental shelf, មាត្រា៧៤ និង ៨៣ នៃ UNCLOS កំណត់ឱ្យការកំណត់ព្រំដែន ត្រូវធ្វើដោយកិច្ចព្រមព្រៀងផ្អែកលើច្បាប់អន្តរជាតិ ដើម្បីសម្រេចបានដំណោះស្រាយប្រកបដោយសមធម៌ “equitable solution”។
តុលាការយុត្តិធម៌អន្តរជាតិ ក៏បានអនុវត្តគោលការណ៍នេះ ក្នុងករណីកំណត់ព្រំដែនសមុទ្រជាច្រើន ដោយសង្កត់ធ្ងន់ថា គោលដៅ គឺការសម្រេចបានលទ្ធផលប្រកបដោយសមធម៌ មិនមែនផ្តល់អត្ថប្រយោជន៍ដល់ភាគីដែលមានអំណាចខ្លាំងជាងឡើយ។
នេះហើយជាចំណុចដែលកម្ពុជាអាចមើលឃើញក្តីសង្ឃឹម៖ នៅលើទីលានច្បាប់ សំណួរមិនមែនថា អ្នកណាមានអាវុធច្រើនជាងទេ ប៉ុន្តែថា អំណះអំណាងណា អាចឈរបានរឹងមាំជាងនៅចំពោះមុខច្បាប់ និងភស្តុតាង។
*ការបញ្ចប់ MOU-2001 មិនបានធ្វើឱ្យវិវាទ ឬសិទ្ធិផ្លូវច្បាប់បាត់ទៅទេ
ការបញ្ចប់ MOU-2001 បានបិទក្របខណ្ឌចរចាមួយក៏ពិតមែន ប៉ុន្តែមិនមានន័យថា វិវាទព្រំដែនសមុទ្រ បានបាត់ទៅតាម MOU នោះទេ។
ថៃផ្ទាល់បានប្រកាសថា ក្រោយបញ្ចប់ MOU-2001 ខ្លួនមានបំណងចាប់ផ្តើមការពិភាក្សាថ្មី ដែលផ្អែកលើច្បាប់អន្តរជាតិ និងគោលការណ៍ UNCLOS។ បន្ទាប់ពីកម្ពុជាផ្ញើសេចក្តីជួន ដំណឹងស្តីពីការចាប់ផ្តើមនីតិវិធីផ្សះផ្សាដោយបង្ខំ ថៃក៏បានដាក់ចម្លើយជាផ្លូវការនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ តែងតាំង ភ្នាក់ងារ និង អ្នកសម្របសម្រួលរបស់ខ្លួន ហើយប្រកាសថា ខ្លួនត្រៀមចូលរួមក្នុងដំណើរការនេះដោយសុចរិត និងស្របតាមកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន។ ចំណុចនេះមានន័យជាខ្លាំង។
កម្ពុជា និងថៃ អាចនៅតែខុសគ្នាលើហេតុផលនៃការបញ្ចប់ MOU-2001 និងលើជំហរផ្លូវច្បាប់ជាច្រើន។ ប៉ុន្តែភាគីទាំងពីរ ឥឡូវនេះបានចូលក្នុង ដំណើរការមួយដែលច្បាប់ UNCLOS កំណត់រចនាសម្ព័ន្ធឱ្យហើយ។
នោះគឺជាការផ្លាស់ប្តូរពីវិវាទ ដែលធ្លាប់ជាប់គាំងនៅក្នុងក្របខណ្ឌទ្វេភាគី ទៅជាវិវាទដែលមានគណៈកម្មការផ្សះផ្សាអន្តរជាតិជួយពិនិត្យ និងសម្របសម្រួល។
*«សមភាពខាងច្បាប់» មិនមានន័យថា កម្ពុជាឬថៃ អាចមានប្រៀបជាមុនទេ
ការនិយាយថា UNCLOS ផ្តល់ទីលានច្បាប់ដែលមានរចនាសម្ព័ន្ធស្មើគ្នា មិនមានន័យថា គណៈកម្មការ នឹងសន្មតថាភាគីណាមួយ ត្រឹមត្រូវជាងភាកីណាមួយនោះ ទេ។
គណៈកម្មការ ត្រូវស្តាប់ភាគីទាំងពីរ ពិនិត្យអំណះអំណាង និងគោលដៅ និងជួយស្វែងរកដំណោះស្រាយ។ របាយការណ៍ចុងក្រោយរបស់គណៈកម្មការ រួមទាំងសេចក្តីសន្និដ្ឋាន និង សំណើជាអនុសាសន៍ មិនមានអានុភាពចងភ្ជាប់ភាគីឡើយ។
ដូច្នេះ ចាប់ពីពេលនេះទៅ «អាវុធ» ដែលមានតម្លៃបំផុតសម្រាប់ភាគីទាំងពីរ មិនមែនកាំភ្លើងទេ ប៉ុន្តែគឺ៖ គុណភាពនៃភស្តុតាង ភាពស៊ីសង្វាក់នៃអំណះអំណាងច្បាប់ ទិន្នន័យបច្ចេកទេស និងសមត្ថភាពបង្ហាញថា ដំណោះស្រាយ ដែលខ្លួនស្នើស្របនឹង UNCLOS និងគោលការណ៍សមធម៌។
*បើកម្ពុជាមានទម្ងន់ផ្លូវច្បាប់ខ្លាំង តើថៃអាចរក «លេស» ប្រើកម្លាំងដើម្បីបំបែកដំណើរការបានទេ?
នេះជាសំណួរដែលងាយបង្កការព្រួយបារម្ភ ប៉ុន្តែត្រូវឆ្លើយដោយបែងចែករវាង លេសនយោបាយ និង មូលដ្ឋានច្បាប់។
តាមច្បាប់អន្តរជាតិ ចម្លើយច្បាស់គឺ៖ ការមើលឃើញថាខ្លួនអាចខាតប្រៀប ក្នុងដំណើរការច្បាប់ មិនមែនជាមូលដ្ឋានស្របច្បាប់សម្រាប់វាយប្រហាររដ្ឋមួយផ្សេងទៀតឡើយ។
មាត្រា 2(4) នៃ ធម្មនុញ្ញអង្គការសហប្រជាជាតិ ហាមការគំរាម ឬប្រើកម្លាំងប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជ្យនយោបាយរបស់រដ្ឋមួយផ្សេងទៀត ខណៈ មាត្រា 2(3) តម្រូវឱ្យរដ្ឋដោះស្រាយវិវាទដោយសន្តិវិធី។
មូលដ្ឋានសំខាន់បំផុតដែលធម្មនុញ្ញអង្គការសហប្រជាជាតិ ទទួលស្គាល់សម្រាប់រដ្ឋប្រើកម្លាំងដោយខ្លួនឯង គឺ សិទ្ធិការពារខ្លួនក្រោម មាត្រា 51 នៅពេលមានការវាយប្រហារដោយអាវុធ។ ករណីមួយផ្សេងទៀត គឺការប្រើកម្លាំងដែលមានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខក្រោម ជំពូកទី VII។
ដូច្នេះ «ប្រៀបចាញ់ នៅលើតុច្បាប់» មិនអាចក្លាយជាមូលដ្ឋានច្បាប់សម្រាប់សង្គ្រាមបានទេ។ហើយប្រសិនបើរដ្ឋណាមួយប្រើកម្លាំងដោយគ្មានមូលដ្ឋានស្របច្បាប់ ការប្រើកម្លាំងនោះក៏មិនអាចលុបបំបាត់សំណួរផ្លូវច្បាប់អំពីព្រំដែនសមុទ្របានទេ។ ផ្ទុយទៅវិញ វាអាចបង្កើត បញ្ហាច្បាប់ និងទំនួលខុសត្រូវអន្តរជាតិថ្មីមួយទៀត បន្ថែមពីលើវិវាទដើម។
*បទពិសោធន៍នៅ Timor-Leste បង្ហាញថា ប្រទេសតូចមិនត្រូវអស់សង្ឃឹម
បទពិសោធន៍ Timor-Leste–Australia ជាករណីសំខាន់មួយ ដែលបង្ហាញថា យន្តការផ្សះផ្សាដោយបង្ខំ អាចមានតម្លៃយ៉ាងណា នៅពេលប្រទេសពីរមានអំណាចមិនស្មើគ្នា។
នៅឆ្នាំ២០១៦ Timor-Leste បានចាប់ផ្តើមនីតិវិធីផ្សះផ្សាបង្ខំ ក្រោមអនុសញ្ញាច្បាប់សមុទ្ទ UNCLOS ដើម្បីស្វែងរកដំណោះស្រាយលើវិវាទព្រំដែនសមុទ្រជាមួយ Australia។ ប៉ុន្តែដំណើរការនេះ មិនបានបញ្ចប់ដោយការបញ្ជូនវិវាទទៅតុលាការទេ។
ផ្ទុយទៅវិញ គណៈកម្មការផ្សះផ្សា បានជួយភាគីទាំងពីរ បន្តការចរចា បង្រួមគម្លាតនៃការខ្វែងគំនិត និងស្វែងរកចំណុចដែលអាចទទួលយកបាន។ នៅទីបំផុត ក្នុងឆ្នាំ២០១៨ Timor-Leste និង Australia បានចុះហត្ថលេខាលើសន្ធិសញ្ញាកំណត់ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ។
ករណីនេះបង្ហាញថា គោលដៅសំខាន់របស់ Compulsory Conciliation មិនមែននាំភាគីទៅរកការកាត់ក្តី ដើម្បីកំណត់អ្នកឈ្នះ និងអ្នកចាញ់ទេ។ ផ្ទុយទៅវិញ វាបង្កើតផ្លូវមួយ ដើម្បីនាំភាគីដែលមានជំហរខុសគ្នា ឱ្យត្រឡប់មករកការចរចា និងស្វែងរកកិច្ចព្រមព្រៀង។
ជាការពិត ករណី Timor-Leste–Australia មិនអាចធានាថា កម្ពុជា–ថៃនឹងទទួលបានលទ្ធផលដូចគ្នានោះទេ ព្រោះវិវាទនីមួយៗមានអង្គហេតុ មូលដ្ឋានច្បាប់ ផលប្រយោជន៍ និងបរិបទនយោបាយខុសគ្នា។
ប៉ុន្តែមេរៀនសំខាន់ពីករណីនេះ គឺ៖ ភាពមិនស្មើគ្នាខាងអំណាច មិនមានន័យថា ប្រទេសតូចអស់ផ្លូវច្បាប់ឡើយ។ នៅពេលការចរចាទ្វេភាគីជាប់គាំង យន្តការអន្តរជាតិអាចបង្កើតទីលានថ្មីមួយ ដែលភាគីទាំងពីរត្រូវត្រឡប់មកប្រឈមមុខគ្នាតាមរយៈច្បាប់ ភស្តុតាង និងការចរចា។
ដូច្នេះ បទពិសោធន៍ Timor-Leste ផ្តល់មេរៀនមួយសម្រាប់កម្ពុជា៖ ប្រទេសតូចមិនចាំបាច់មានអំណាចស្មើប្រទេសធំ ដើម្បីមានផ្លូវទៅរកដំណោះស្រាយនោះទេ។ អ្វីដែលសំខាន់ គឺត្រូវមានផ្លូវច្បាប់ មានភស្តុតាងរឹងមាំ និងមានសមត្ថភាពប្រើយន្តការនោះ ដើម្បីបម្លែងភាពជាប់គាំងទៅជាឱកាសសម្រាប់កិច្ចព្រមព្រៀង។
*សេចក្តីសន្និដ្ឋាន
ដូច្នេះ តើអនុសញ្ញាស្តីពីច្បាប់សមុទ្ទ UNCLOS អាចបម្លែងភាពខ្សោយខាងអំណាចរបស់ប្រទេសតូច ទៅជាភាពស្មើគ្នាខាងច្បាប់បានដែរឬទេ?
ចម្លើយគឺ៖ UNCLOS មិនអាចធ្វើឱ្យកម្លាំងរបស់កម្ពុជា និងថៃស្មើគ្នាទេ ប៉ុន្តែវាអាចប្តូរទីលានប្រកួតពីអំណាច ទៅជាច្បាប់ ភស្តុតាង និងអំណះអំណាង។
កម្ពុជា មិនត្រូវអស់សង្ឃឹម ប៉ុន្តែក៏មិនត្រូវមើលនីតិវិធីផ្សះផ្សាដោយបង្ខំថា ជាការធានាជ័យជម្នះដែរ។ ប៉ុន្តែការដែល កម្ពុជា ជាប្រទេសតូច ក៏មិនមានន័យថា កម្ពុជាអស់ផ្លូវនោះទេ។ អ្វីដែលសំខាន់ គឺការកសាងភស្តុតាង និងអំណះអំណាងច្បាប់ឱ្យរឹងមាំ ព្រមទាំងរក្សាវិវាទឱ្យស្ថិតនៅលើផ្លូវច្បាប់ និងសន្តិវិធី។
និយាយឱ្យខ្លី៖ ច្បាប់មិនធានាឱ្យប្រទេសតូច ឬ ប្រទេសធំ ឈ្នះនោះទេ ប៉ុន្តែវាផ្តល់ទីលានមួយ ដែលប្រទេសនោះ ទោះមានអំណាចធំ ឬ សេដ្ឋកិច្ចធំ ក៏មិនអាចកំណត់លទ្ធផលតែម្នាក់ឯងបានឡើយ៕















