ខឹងមិត្តភក្កិហៅមកផឹកស្រា តែមកដល់អត់មានស្រា ទាញកាំបិតផ្គាក់ កាប់ស្លាប់
18-08-2026 17:07
(ព្រៃវែង)៖ មានបុរសម្នាក់ បានកាប់ដៃគូផឹកស៊ីជាមួយគ្នាជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់ ដោយសារតែខឹងហៅមកផឹកស្រា តែមកដល់គ្មានស្រាឲ្យផឹក។
អំពើឃាតកម្មនេះបានកើតឡើង វេលាម៉ោង ៨៖៣០នាទីយប់ ថ្ងៃទី១៧ សីហា នៅចំណុចភូមិត្នោត ឃុំត្នោត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
ជនសង្ស័យមានឈ្មោះ ជៀន សុខា ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិគក ឃុំត្នោត ស្រុកកញ្ជ្រៀច ចំណែកជនរងគ្រោះមានឈ្មោះ អ៉ី អ៊ន់ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ និងជនសង្ស័យ គឺជាដៃគូផឹកជាមួយគ្នា និងតែងតែស្រវឹងខួបជាមួយគ្នាជាប្រចាំ។ តាមចម្លើយរបស់ជនសង្ស័យក្រោយត្រូវចាប់ខ្លួន មូលហេតុដែលរូបគេកាប់ជនរងគ្រោះ គឺដោយសារខឹងជនរងគ្រោះ ហៅរូបគេមកផឹកស្រា តែពេលគេមកដល់ គ្មានស្រាឲ្យគេផឹក។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគបាលស្រុកកញ្ជ្រៀច ដោយសមត្ថកិច្ចកំពុងបន្តនីតិវិធី៕






