អភិបាលខេត្តកោះកុង ប្រកាសសមាសភាពលេខាធិការដ្ឋាន អ.ន.ក ខេត្ត និងលើកឡើងពីគុណបំណាច់អតីតយុទ្ធជន
18-08-2026 17:12
(កោះកុង)៖ លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) ខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស សមាសភាពលេខាធិការដ្ឋានក្រុមការងារជំនាញនៃគណៈកម្មាធិការ អ.ន.ក ខេត្ត លេខាធិការដ្ឋាន អ.ន.ក ក្រុង ស្រុក និងលេខាសមាគម អ.ន.ក ឃុំ សង្កាត់ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកស្រីអភិបាលខេត្តបានសង្កត់ធ្ងន់ថា យើងទាំងអស់គ្នាដែលជាអ្នកបន្តវេន និងកំពុងរស់នៅក្នុងភាពសុខសាន្ត មិនត្រូវបំភ្លេចដាច់ខាតនូវសច្ចធម៌ប្រវត្តិសាស្ត្រ ដែលថាបងប្អូនអតីតយុទ្ធជនរបស់យើង គឺជាអ្នកដែលបានយកដើមទ្រូងធ្វើជាជញ្ជាំងការពារជាតិ និងទឹកដី ព្រមទាំងបានយកសាច់ស្រស់ឈាមស្រស់ទៅស្រោចស្រពលើខ្សែបន្ទាត់ព្រំដែន ដើម្បីប្រឈមមុខទប់ទល់ និងបដិសេធរាល់ឧបាយកល និងសកម្មភាពប៉ុនប៉ងរំលោភបំពានពីសំណាក់សត្រូវខាងក្រៅ។
លោកស្រីបានបន្តទៀតថា ឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រដ៏ជូរចត់ និងការប្រឈមមុខដាក់គ្នាយ៉ាងតឹងរ៉ឹងនៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន បងប្អូនយុទ្ធជនយើងបានឈរជើងយ៉ាងរឹងមាំដូចមហាកំផែងដែកថែប នៅតាមសមរភូមិជួរមុខ តាមព្រៃភ្នំក្រោមថ្ម និងតំបន់ដាច់ស្រយាលទាំងយប់ទាំងថ្ងៃ ដោយទទួលរងនូវការគំរាមកំហែងគ្រប់វិនាទីពីសត្រូវឈ្លានពាន។
បងប្អូនខ្លះបានពលីជីវិតចោលប្រពន្ធកូន សាច់ញាតិ និងខ្លះទៀតបានបាត់បង់សរីរាង្គកាយ ប្រែជាមានពិការភាពជាប់ខ្លួនពេញមួយជីវិត នៅលើសមរភូមិដើម្បីធានាការពារដាច់ខាតនូវអធិបតេយ្យភាព និងបូរណភាពទឹកដី។
លោកស្រីអភិបាលខេត្តបានបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគម អ.ន.ក កម្ពុជា រួមជាមួយការយកចិត្តទុកដាក់ដ៏ស្មោះស្ម័គ្រ និងព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺថារាជរដ្ឋាភិបាលមិនដែលបំភ្លេច ឬបោះបង់ចោលបងប្អូនអតីតយុទ្ធជន និងមន្ត្រីរាជការម្ដងណាឡើយ។ ការប្រកាសសមាសភាពលេខាធិការដ្ឋាននេះ គឺជាការបន្តពង្រឹងយន្តការគាំទ្រ និងលើកកម្ពស់ជីវភាពអតីតយុទ្ធជនឱ្យកាន់តែប្រសើរឡើង។













