រោងចក្រផ្គុំ និងដំឡើងរថយន្ត GAC និងChevrolet នៅកម្ពុជា ត្រូវបានសាងសង់រួចរាល់ និងកំពុងដំណើរការ
18-08-2026 19:01
(ភ្នំពេញ)៖ រោងចក្រផ្គុំ និងដំឡើងរថយន្ត GAC និង Chevrolet នៅកម្ពុជា ត្រូវបានសាងសង់រួចរាល់ និងកំពុងដំណើរការ។ រោងចក្រនេះ មានទីតាំងលើទឹកដីខេត្តកំពង់ឆ្នាំង ហើយអាចផ្តល់ការងារបាន ២៥០កន្លែង។
នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ លោក ណម តុង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងជំនួបនោះ លោកប្រធានក្រុមប្រឹក្សាភិបាល បានសម្ដែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលតែងផ្តល់ការគាំទ្រ និងសម្របសម្រួល ដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ប្រព្រឹត្តទៅដោយរលូន។
លោកប្រធានក្រុមប្រឹក្សាភិបាលក៏បានជម្រាបជូនសម្ដេចធិបតីអំពីសមិទ្ធផល និងប្រតិបត្តិការរបស់ក្រុមហ៊ុន ដោយបានគូសបញ្ជាក់ថា ក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្តាច់មុខនូវរថយន្តម៉ាក GAC និង Chevrolet នៅកម្ពុជា ហើយក្រុមហ៊ុន ក៏បានពង្រីកការវិនិយោគលើការកសាងរោងចក្រផ្គុំ និងដំឡើងរថយន្តទាំងពីរម៉ាកនេះ នៅប្រទេសកម្ពុជា ដោយរោងចក្របង្គុំ និងដំឡេីងរថយន្តនេះ បានសាងសង់រួចរាល់ និងបានចាប់ផ្តេីមដំណេីរការបឋមនាពេលថ្មីៗនេះ។
លោកប្រធានក្រុមប្រឹក្សាភិបាល បានបន្ថែមទៀតថា ក្រុមហ៊ុនមានបុគ្គលិកកំពុងបម្រើការងារនៅរោងចក្រប្រមាណ ២៥០នាក់ ដែលសុទ្ធសឹងទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសយ៉ាងច្បាស់លាស់ ដើម្បីធានាបាននូវរថយន្តដែលមានគុណភាព, សុវត្ថិភាព និងតម្លៃសមរម្យជូនអតិថិជនកម្ពុជា។ លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពអញ្ជើញសម្ដេចមហាបវរធិបតី ផ្តល់កិត្តិយសអញ្ជើញជាអធិបតីសម្ពោធផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តទាំងពីរម៉ាកនេះ ក្នុងពេលវេលាសមស្របណាមួយនាឆ្នាំ២០២៦នេះ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការអបអរសារទរចំពោះវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន និងជឿជាក់ថា ក្រុមហ៊ុននឹងបន្តរីកចម្រើនបន្ថែមទៀត។ សម្ដេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះការពង្រីកការវិនិយោគជាបន្តបន្ទាប់របស់ក្រុមហ៊ុន ដែលការវិនិយោគលើវិស័យនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ, ការផ្ទេរបច្ចេកវិទ្យាដល់កម្លាំងពលកម្មកម្ពុជា និងផ្តល់នូវផលិតផលដែលមានគុណភាព, សុវត្ថិភាព និងតម្លៃសមរម្យ។
សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់អំពីគោលនយោបាយ និងយន្តការគាំទ្រនានារបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងធានាបរិយាកាសវិនិយោគនៅកម្ពុជា ប្រកបដោយភាពធន់ និង ភាពប្រកួតប្រជែង។
សម្ដេចមហាបវរធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាអំពីលទ្ធភាពក្នុងការចាប់ដៃគូសហការជាមួយក្រុមហ៊ុន ឬសិប្បកម្មក្នុងស្រុក ដើម្បីផ្គត់ផ្គង់សម្ភារបំពាក់ក្នុងរថយន្ត ក្នុងន័យបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ៕













