ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់
02-10-2026 06:58
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់។ ពិធីនេះ រៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា រាប់ចាប់តាំងពីក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត វិស័យអប់រំ គឺជាវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់បំផុត។ ការអប់រំ គឺជាគន្លឹះដ៏ចាំបាច់ក្នុងការបណ្តុះបណ្តាលធនធានដែលមានសមត្ថភាពខាងចំណេះ និងជំនាញឈានទៅកសាងជីវភាពគ្រួសារ រួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជំរុញដល់កិច្ចអភិវឌ្ឍ។
ឈរលើស្មារតីនេះហើយ ទើបរាជរដ្ឋាភិបាលគ្រប់អាណត្តិតាំងពីពេលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បន្តរហូតដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវកិច្ចការគន្លឹះជាច្រើនប្រែក្លាយសាលារៀន ទៅជាថ្នាលអប់រំប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ក្រៅពីយកចិត្តទុកដាក់ជំរុញលើកិច្ចការអប់រំ បណ្តុះបណ្តាលហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែផ្តល់កិត្តិយសអញ្ជើញជាអធិបតីក្នុងកម្មវិធីនានាពាក់ព័ន្ធនឹងការអប់រំ បូករួមទាំងការប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សា។
ការចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញជាអធិបតីក្នុងកម្មវិធីអប់រំ និងការប្រគល់សញ្ញាបត្រដល់និសិត្ស គឺស្តែងឱ្យឃើញនូវការយកចិត្តទុកដាក់ និងការផ្តល់កិត្តិយសដល់និស្សិត ដែលបានប្រឹងប្រែងបញ្ចប់ការសិក្សារៀនសូត្ររហូតបញ្ចប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិតជាដើម ដែលជាលទ្ធផលមួយកើតចេញពីការប្រឹងប្រែង និងជម្នះការលំបាកជាច្រើន ដើម្បីទទួលបានផ្លែផ្កាដ៏មានឱជារសពីការអប់រំ គឺទទួលបានសញ្ញាបត្រនេះ។
របាយការណ៍របស់សាកលវិទ្យាល័យ បានបង្ហាញថា និស្សិតដែលបញ្ចប់ការសិក្សាដោយជោគជ័យ ហើយទទួលបានសញ្ញាបត្រនាព្រឹកថ្ងៃនេះ រួមមានថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងបណ្ឌិតកិត្តិយស សរុបចំនួន ២ ៥៧៣ អង្គ/នាក់ មាននារី១ ២៥៧នាក់ បានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០២២-២០២៣ និង២០២៣-២០២៤កន្លងទៅនេះ។ ក្នុងនោះ មាននិស្សិតអាហារូបករណ៍សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៤៤នាក់ នារី ២២នាក់។
យោងតាមការស្ទង់មតិដោយសាកលវិទ្យាល័យ និស្សិតជ័យលាភីដែលបានបញ្ចប់ការសិក្សា មានការងារធ្វើទាំងក្នុងស្ថាប័នរដ្ឋ និងឯកជនសរុប ចំនួនប្រមាណ ៩១,៦៨% និងក្រៅពីនេះ ភាគច្រើន គឺមានការងារជាមុខរបរផ្ទាល់ខ្លួន។
សាកលវិទ្យាល័យអាស៊ី អឺរ៉ុប គឺជាគ្រឹះស្ថានអប់រំឯកជនមួយនៅកម្ពុជា ដែលបានចាប់ដំណើរការដំបូងចេញពីអង្គការតូចមួយ ដែលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ កម្រិតវិញ្ញាបនបត្រ។ ក្នុងដំណើរប្រវត្តិកសាងគ្រឹះស្ថាននេះ អង្គការតែងតែទទួលបានការយកចិត្តទុកដាក់ និងការលើកទឹកចិត្តប្រកបដោយសមានចិត្តមនុស្សធម៌ពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈការជួយឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹង ទាំងផ្នែកស្មារតី សម្ភារៈ និងថវិកាប្រចាំខែយ៉ាងទៀងទាត់ និងរហូតដល់បច្ចុប្បន្ន សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានបន្តឧបត្ថម្ភអង្ករ និងថវិកាជារៀងរាល់ខែ ដើម្បីជួយផ្គត់ផ្គង់ដល់សិស្ស និស្សិត ដែលមានជីវភាពខ្វះខាត។
គិតពីឆ្នាំសិក្សាឆ្នាំ២០០៥ ដល់ឆ្នាំ២០២៤ រួមទាំងនិស្សិតជ័យលាភីនាថ្ងៃនេះ អង្គការ និងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានបណ្តុះបណ្តាលសិស្សថ្នាក់ជំនាញវិជ្ជាជីវៈ និងនិស្សិតថ្នាក់ឧត្តមសិក្សា សរុបចំនួន ៦៨ ២៧៦អង្គ/នាក់ (នារី ២៩ ១១៨នាក់)។ ក្នុងនោះ និស្សិតបញ្ចប់ការសិក្សាសុទ្ធតែមានសមត្ថភាពពេញលេញក្នុងការបំពេញការងារនៅតាមបណ្ដាក្រសួងស្ថាប័នរដ្ឋ និងឯកជនទូទាំងប្រទេស។
បច្ចុប្បន្នសាកលវិទ្យាល័យ មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសាស្ត្រាចារ្យ សរុបចំនួន ៤០០នាក់ នារី ៨០នាក់ និងកំពុងបណ្ដុះបណ្ដាលសិស្សវិជ្ជាជីវៈ និងនិស្សិតកំពុងសិក្សាសរុបចំនួន ៩ ៨៨៩អង្គ/នាក់ នារី ៥ ៤២៩នាក់។
ក្នុងស្មារតីសុឆន្ទៈ ការប្តេជ្ញាចិត្តកសាង និងអភិវឌ្ឍមូលធនមនុស្ស សាកលវិទ្យាល័យ បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ និងផែនការយុទ្ធសាស្ត្រវិស័យអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ផ្អែកលើមូលដ្ឋាននេះ និងដើម្បីឆ្លើយតបតម្រូវការរបស់សង្គមជាតិ ក៏ដូចជាការរីកចម្រើននៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឧស្សាហកម្ម ៤.០ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានដាក់ចេញនូវផែនការដែលផ្តោតលើអាទិភាពជាយុទ្ធសាស្ត្រចំនួន ៣រួមមាន៖
* អាទិភាពទី១៖ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការបង្រៀន ការសិក្សាស្រាវ ជ្រាវ និងការគ្រប់គ្រងអប់រំ ដើម្បីលើកកម្ពស់ការអភិវឌ្ឍជំនាញ និងសមត្ថភាពឌីជីថលរបស់និស្សិត លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និងបុគ្គលិក។
* អាទិភាពទី២៖ កែលម្អប្រព័ន្ធគ្រប់គ្រង និងអភិបាលកិច្ច តាមរយៈការពង្រឹងប្រព័ន្ធ ទិន្នន័យ ការវិភាគ និងការប្រើប្រាស់។
* អាទិភាពទី៣៖ បង្កើនកិច្ចសហប្រតិបត្តិការទាំងក្នុងនិងក្រៅប្រទេស ដើម្បីបង្កើតឱកាសការងារជូននិស្សិតបានទូលំទូលាយ។
ជាក់ស្តែង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បាននិងកំពុងអនុវត្តប្រព័ន្ធគ្រប់គ្រងសេវាកម្មអប់រំតាមបែបឌីជីថលទំនើបៗ និងបានផ្តល់អាទិភាពលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីផ្សារភ្ជាប់ចំណេះដឹងទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង សម្រាប់និស្សិត រួមមាន ៖ ការរៀបចំសាលសវនាការនិមិត្ត បន្ទប់ពិសោធន៍បច្ចេកវិទ្យាដ៏ទំនើប បន្ទប់អនុវត្តជំនាញសណ្ឋាគារ បន្ទប់ពិសោធន៍ផ្នែកម្ហូបអាហារ និងភេសជ្ជៈ បន្ទប់អនុវត្តសេវាកម្មធនាគារគំរូ និងបរិក្ខារសម្រាប់ ការអនុវត្តជំនាញផ្សេងៗទៀត។
ទន្ទឹមនឹងការអភិវឌ្ឍធនធានមនុស្ស សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានបន្តពង្រឹងយន្តការដឹកនាំ និងនវានុវត្តន៍ក្នុងការគ្រប់គ្រង ស្របតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំ និងគោលនយោបាយរបស់ក្រសួង អប់រំ យុវជន និងកីឡា រហូតសម្រេចបានការទទួលស្គាល់ពេញសិទ្ធិពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា។
ជាមួយគ្នានេះ សាកលវិទ្យាល័យ បានផ្ដោតលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាក្រសួង-ស្ថាប័នរដ្ឋ និងឯកជន តាមរយៈការរៀបចំសិក្ខាសាលា បាឋកថា និងវេទិកានានា ដោយអញ្ជើញឥស្សរជន អ្នកជំនាញជាន់ខ្ពស់ និងវាគ្មិនល្បីៗ ដើម្បីមកចែករំលែកបទពិសោធល្អៗ ជាចំណេះដឹងជូនដល់និស្សិតគ្រប់ជំនាន់។
សាកលវិទ្យាល័យ ក៏មានដៃគូសហប្រតិបត្តិការជាតិ និងអន្តរជាតិសរុបចំនួន៩៥ មានដូចជា ចិន កូរ៉េខាងត្បូង ស្វីស សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិក។ ជាមួយកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អនេះ សាកលវិទ្យាល័យ តែងតែបានបញ្ជូននិស្សិតចុះកម្មសិក្សា និងធ្វើទស្សនកិច្ចសិក្សាទាំងក្នុងនិងក្រៅប្រទេសជាប្រចាំ ដែលលើកកម្ពស់ការសិក្សាស្រាវជ្រាវ ការសរសេររបាយការណ៍បញ្ចប់ការសិក្សា និងបង្កើតបាននូវឱកាសការងារជាច្រើនសម្រាប់និស្សិត។
ក្រៅពីផ្តោតលើការពង្រឹងគុណភាពអប់រំ ដើម្បីធានាឱ្យនិស្សិតទទួលបានចំណេះដឹង និងជំនាញពិតប្រាកដ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប តែងតែឈរលើទស្សនវិស័យច្បាស់លាស់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយសមត្ថភាពគ្រប់ជ្រុងជ្រោយ។
សាកលវិទ្យាល័យបានគាំទ្រលើកទឹកចិត្តនិស្សិតក្នុងសកម្មភាពសង្គម កីឡា អក្សរសាស្ត្រ ដោយជំរុញ និងបញ្ជូននិស្សិតឱ្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីកីឡាទាំងថ្នាក់ជាតិ និងអន្តរជាតិ រហូតសម្រេចបានលទ្ធផលជោគជ័យក្នុងការប្រកួតជារៀងរាល់ឆ្នាំ។ ជាក់ស្ដែង ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២៦នេះ និស្សិតនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានចូលរួមក្នុងកម្មវិធីកីឡាឧត្តមសិក្សានិងមធ្យមសិក្សាថ្នាក់ជាតិ និងតែងតែសម្រេចបាន «ពានឧត្តមភាពមេដាយ» ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមគ្រឹះស្ថានសិក្សាទូទាំងប្រទេសលើការប្រកួតច្រើនប្រភេទដូចជា កីឡាបាល់ទះ បាល់បោះ ហែលទឹក អត្តពលកម្ម ប៊ូលនិងប៉េតង់ តេក្វាន់ដូITF វាយកូនឃ្លីលើតុ និងកីឡាគុនដាវ។
មិនតែប៉ុណ្ណោះ ក្រៅពីទទួលជោគជ័យលើផ្នែកកីឡា និស្សិតក៏ទទួលបានជ័យលាភី ក្នុងការប្រកួតផ្នែកអក្សរសាស្ត្រចិនជាបន្តបន្ទាប់។ ជាមួយគ្នានេះ សាកលវិទ្យាល័យក៏បានបណ្តុះស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវចំពោះសង្គមជាតិ តាមរយៈ ការផ្ដល់ឱកាសឱ្យនិស្សិតចូលរួមក្នុងចលនាមនុស្សធម៌ និងស្ម័គ្រចិត្ត ស្ថិតក្រោមក្របខណ្ឌ យុវជនកាកបាទក្រហមកម្ពុជា និងស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យ ដោយបានចូលរួមក្នុងសកម្មភាពនានារួមមាន យុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោក យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ការរៀបចំមូលនិធិកៀរគរគាំទ្រកម្លាំងជួរមុខ និងជនភៀសសឹក ការឧបត្ថម្ភសមាជិកមូលនិធិត្រីចក្រយានកម្ពុជានិងរួមគ្នាជួយដល់សមាជិកយុវជន ដែលមានជីវភាពខ្វះខាតជាដើម៕




