ប័ណ្ណសមធម៌ ជាជំនួយជីវិតគ្រួសារអ្នកស្រី សែម ម៉ាច ពេលជួបការលំបាកផ្នែកសុខភាព (Video insode)
02-10-2026 09:08
(ភ្នំពេញ)៖ ប័ណ្ណសមធម៌របស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រាលបន្ទុកជីវភាព និងធានាការថែទាំសុខភាពជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះនៅទូទាំងប្រទេស។
ជាក់ស្ដែង អ្នកស្រី សែម ម៉ាច ដែលជាប្រជាពលរដ្ឋម្នាក់បានទទួលផលពីប័ណ្ណសមធម៌នេះ បានអះអាងថា ប័ណ្ណនេះពិតជាបានជួយជីវិតគ្រួសារអ្នកស្រីយ៉ាងពិតប្រាកដ។
អ្នកស្រី សែម ម៉ាច បានរៀបរាប់ថា អ្នកស្រី និងក្រុមគ្រួសារ តែងតែទទួលបានប្រាក់ឧបត្ថម្ភជាទៀងទាត់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈប័ណ្ណសមធម៌នេះ។ ជំនួយឧបត្ថម្ភនេះបានរួមចំណែកយ៉ាងធំក្នុងការទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារអ្នកស្រី។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺប័ណ្ណសមធម៌បានផ្ដល់នូវភាពកក់ក្ដៅ និងលុបបំបាត់ការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលដែលសមាជិកគ្រួសារមានជំងឺឈឺថ្កាត់។
អ្នកស្រីបានបន្តថា កាលពីមុន នៅពេលមានជំងឺ គ្រួសារអ្នកស្រីតែងតែជួបការលំបាកក្នុងការស្វែងរកថវិកាសម្រាប់បង់ថ្លៃព្យាបាលនៅមន្ទីរពេទ្យ។ ប៉ុន្តែចាប់តាំងពីមានប័ណ្ណសមធម៌មក អ្នកស្រី និងក្រុមគ្រួសារអាចទៅព្យាបាលជំងឺនៅមន្ទីរពេទ្យដោយគ្មានការព្រួយបារម្ភអ្វីឡើយ ព្រោះរាជរដ្ឋាភិបាលជាអ្នករ៉ាប់រងថ្លៃព្យាបាលជំនួសទាំងអស់។ នេះបានបង្ហាញយ៉ាងច្បាស់ពីប្រសិទ្ធភាព និងសារៈសំខាន់នៃកម្មវិធីប័ណ្ណសមធម៌ ដែលជាគោលនយោបាយមនុស្សធម៌ដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
អ្នកស្រី សែម ម៉ាច ក៏សូមអរគុណដល់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជួយដល់ក្រុមគ្រួសារគាត់ ក៏ដូចប្រជាពលរដ្ឋផ្សេងៗទៀត ដែលជាជនក្រីក្រ ថវិកាទាំងនេះបានជួយសម្រាលការលំបាកមួយចំនួនដូចជាទិញអង្ករ និងសម្ភារៈកូនចៅរៀនសូត្រជាដើម។
គួរឱ្យដឹងថា កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជើញជាអធិបតីភាពប្រកាសបើក «សប្តាហ៍គាំពារសង្គម ឆ្នាំ២០២៦» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការប្រតិបត្តិសម្រាប់អនុវត្តគោលការណ៍ណែនាំ ស្តីពីក្របខណ្ឌកិច្ចគាំពារសង្គម ឆ្លើយតបនឹងគ្រោះអាសន្ន ឆ្នាំ២០២៦-២០៣០»។ «សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦» បានធ្វើឡើងក្រោមមូលបទ «គាំពារសង្គមក្នុងអំឡុងពហុវិបត្តិ ក្នុងបរិបទកម្ពុជា និងតំបន់៖ នវានុវត្តន៍, កិច្ចសហប្រតិបត្តិការ, ភាពធន់ និងចីរភាព»។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានរម្លឹកថា ក្រុមប្រឹក្សាជាតិគាំពារសង្គម បានរៀបចំ «សប្តាហ៍គាំពារសង្គមកម្ពុជា» លើកទី១ កាលពីឆ្នាំ២០២២ ពោលគឺ ចំពេលដែលពិភពលោក ក៏ដូចជាកម្ពុជា នៅជួបប្រឈមនឹងវិបត្តិនៃជំងឺកូវីដ១៩ ជាសកលនៅឡើយ។ បន្ទាប់ពីនោះមកសភាពការណ៍ក្នុងតំបន់ និងលើសកលលោក មានការប្រែប្រួលយ៉ាងរហ័សជាបន្តបន្ទាប់។ បច្ចុប្បន្ន កម្ពុជា នៅតែបន្តជួបប្រឈមនឹងអន្តរកាលនៃពហុវិបត្តិ ក្នុងន័យថា៖ ខណៈដែលការប្រែប្រួលរបបពាណិជ្ជកម្មសកល ពោលគឺសង្គ្រាមពន្ធគយជាសកលកំពុងតែនៅបន្តមួយវិញទៀត យុទ្ធនាការបោសសម្អាត និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធ អនឡាញក្នុងប្រទេស ក៏នៅតែបន្តប្រព្រឹត្តទៅយ៉ាងសកម្ម តែមិនទាន់ដល់ទីបញ្ចប់នៅឡើយហើយបន្ថែមលើនេះបញ្ហាព្រំដែនកម្ពុជា-ថៃ ក៏នៅមិនទាន់មានភាពច្បាស់លាស់ នៅឡើយដែរទោះវិបត្តិនៅតំបន់មជ្ឈិមបូព៌ា ក៏បានផ្ទុះឡើងទៀត។
គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៦ កម្មវិធីជាតិជំនួយសង្គមចំនួន១០ ដែលមានវិសាលភាពគ្របដណ្តប់ពលរដ្ឋប្រមាណ ៤,៨លាននាក់ (ឬស្មើនឹងប្រមាណ ២៨% នៃពលរដ្ឋសរុប) ដោយក្នុងឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលបានវិភាជថវិការដ្ឋប្រមាណ ១ ១៣០,១ប៊ីលានរៀល ឬស្មើនឹង ២៨២លានដុល្លារអាម៉េរិក។ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានពង្រីកវិសាលភាពនៃកម្មវិធីជាតិជំនួយសង្គមដែលមានស្រាប់ រួមទាំងមូលនិធិសមធម៌សុខាភិបាល ដល់ក្រុមគោលដៅនានា ក៏ដូចជាបានដាក់ឱ្យអនុវត្តកម្មវិធី និងអន្តរាគមន៍ថ្មីៗដើម្បីបន្តជួយគាំទ្រជីវភាពពលរដ្ឋគោលដៅ និងផ្តល់ឱកាសឱ្យពួកគេអាចស្ថិតលើគន្លងចាកចេញពីភាពក្រីក្រ ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់»។
ដោយឡែកសម្រាប់ទិដ្ឋភាពសន្តិសុខសង្គម គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៦ របបសន្តិសុខសង្គមបានគ្របដណ្តប់ពលរដ្ឋប្រមាណ ៣,៧លាននាក់ (ស្មើនឹងប្រមាណ ២២% នៃពលរដ្ឋសរុប) ដោយក្នុងឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានវិភាជថវិការដ្ឋចំនួនប្រមាណ ១ ៩០០ប៊ីលានរៀល (ស្មើនឹងប្រមាណ ៤៨៧លានដុល្លារអាម៉េរិក) បន្ថែមលើថវិកាភាគទានដែលប្រមូលបានពីសមាជិក ប.ស.ស. ដើម្បីអនុវត្តរបបសន្តិសុខសង្គមចំនួន ៣ធំៗរួមមាន៖ ១) របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់កម្មករនិយោជិត, មន្ត្រីសាធារណៈ, អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន, បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស., ២) របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់កម្មករនិយោជិត និងមន្ត្រីសាធារណៈ, ៣) របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់កម្មករនិយោជិត, អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន។





