* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ណែនាំមន្ត្រីជំនាញចុះពិនិត្យស្ថានីយប្រេងឥន្ធនៈ និងសិប្បកម្មផលិតចំណីរអាហារ ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ

05-11-2026 21:53

(សៀមរាប)៖ លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានណែនាំដល់គ្រប់មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការត្រួតពិនិត្យ និងតាមដានសកម្មភាពអាជីវកម្មប្រេងឥន្ធនៈ និងសិប្បកម្ម សហគ្រាសផលិតផលនានា ដើម្បីការពារផលប្រយោជន៍ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ការថ្លែងយ៉ាងដូច្នេះរបស់លោក លី សំរិទ្ធ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប និងលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត នាយកទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត ព្រមទាំងអភិបាលក្រុងស្រុក ទាំង១៣ផងដែរ។

លោក លី សំរិទ្ធ បានបញ្ជាក់ពីចំណុចខ្វះខាត និងហានិភ័យមួយចំនួនដែលត្រូវទប់ស្កាត់ជាបន្ទាន់ ដោយក្នុងនោះមន្ត្រីជំនាញត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងស្ថានីយប្រេងដែលប្រើម៉ាស៊ីនដៃបាញ់ប្រភេទ Software ដោយសារប្រព័ន្ធនេះអាចមានការលួចកែតម្រូវទំហំ ឬបរិមាណបានក្រោយពេលដែលមន្ត្រីចុះត្រួតពិនិត្យរួច។ ដូច្នេះទាមទារឱ្យមានការរៀបចំផែនការចុះត្រួតពិនិត្យ និងតាមដានជាប់ជាប្រចាំ។

លោកប្រធានក្រុមប្រឹក្សាខេត្ត បន្ថែមថា មន្ត្រីជំនាញពាក់ព័ន្ធ ត្រូវចុះធ្វើការណែនាំដល់ម្ចាស់សិប្បកម្ម និងសហគ្រាសមួយចំនួនតូចដែលនៅខ្វះការយល់ដឹងពីការអនុវត្តផលិតកម្មល្អ (GMP) និងអនាម័យល្អ ព្រមទាំងមានអាកប្បកិរិយាលួចផលិតផលិតផលខ្វះអនាម័យ ឬប្រើប្រាស់សារធាតុគីមីមិនសមស្របតាមបទដ្ឋានស្ដង់ដារបច្ចេកទេស។ មន្ត្រីជំនាញ ត្រូវណែនាំអំពីវិធានក្នុងការកែលម្អខ្សែច្រវាក់ផលិតកម្មឱ្យមានសុវត្ថិភាព និងអនាម័យ ប៉ុន្តែបើករណីម្ចាស់សិប្បកម្មនៅតែបន្តដដែលដោយមិនព្រមស្ដាប់ការណែនាំ និងកែលម្អទេ ត្រូវចាត់វិធានការផាកពិន័យតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹង។

លោក លី សំរិទ្ធ ក៏បានជំរុញដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំ «វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត» ដោយជៀសវាងកុំឱ្យមានការរអាក់រអួលដោយប្រការណាមួយឡើយ។ ព្រោះវេទិកានេះ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការចុះស្ដាប់ក្តីកង្វល់ និងដោះស្រាយរាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តសៀមរាប និងជំរុញការអភិវឌ្ឍមូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

លោក ង៉ូវ សេងកាក់ បានលើកឡើងថា ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៦នេះ ភ្ញៀវទេសចរចូលមកទស្សនាខេត្តសៀមរាប មានការថយចុះបន្តិចបើធៀបនឹងឆ្នាំ២០២៥ ដោយភ្ញៀវអន្តរជាតិថយចុះ ២៦ភាគរយ និងភ្ញៀវជាតិថយចុះ ២៧ភាគរយ។ មូលហេតុនៃការថយចុះនេះ គឺដោយសារបញ្ហាសន្តិសុខសកល ការបិទច្រកព្រំដែន បញ្ហាតម្លៃប្រេង និងកត្តាព្រំដែន ដែលបានប៉ះពាល់ដល់វិស័យឯកជន។

លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់គ្រប់ស្ថាប័ន និងអ្នកពាក់ព័ន្ធទាំងអស់ រួមគ្នាថែរក្សាអនាម័យ និងបរិស្ថានក្នុងក្រុង-ស្រុក ដើម្បីលើកកម្ពស់សោភ័ណភាពខេត្តប្រវត្តិសាស្ត្រមួយនេះ ក្នុងការទាក់ទាញភ្ញៀវទេសចរ ព្រោះខេត្តសៀមរាបនឹងត្រូវរៀបចំព្រឹត្តិការណ៍សំខាន់ៗជាច្រើននៅពេលខាងមុខ មានពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦។ ជាពិសេសកម្មវិធី «ភូមិវប្បធម៌នៃហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» ព្រមទាំងការត្រៀមលក្ខណៈទទួលគណៈប្រតិភូហ្វ្រង់កូហ្វូនីអន្តរជាតិ។

សូមជម្រាបថា កិច្ចប្រជុំសាមញ្ញលើកទី៣០នេះ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ កាលពីថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦។ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៤ កាលពីថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ និងពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៦ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប និងបញ្ហាផ្សេងៗ៕