ខេត្តព្រះវិហារ រៀបចំកម្មវិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នៅភូមិតាកឹងចងចាំ ក្រោមប្រធានបទ «រសជាតិអំបុក រសជាតិក្រឡាន»
22-11-2026 14:39
(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកម្មវិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នៅភូមិតាកឹងចងចាំ ក្រោមប្រធានបទ «រសជាតិអំបុក រសជាតិក្រឡាន» ដោយមានការរៀបចំសកម្មភាពកម្សាន្ត វប្បធម៌ ប្រពៃណី និងកីឡាជាច្រើន ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ ព្រមទាំងលើកកម្ពស់ការថែរក្សា និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ប្រពៃណីជាតិ។
ទន្ទឹមនឹងការរៀបចំកម្មវិធីកម្សាន្ត រដ្ឋបាលខេត្តក៏បានយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខាភិបាល និងអនាម័យបរិស្ថាន ដោយបានដាក់ពង្រាយកម្លាំង និងរៀបចំមធ្យោបាយសង្គ្រោះបឋម ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលអញ្ជើញមកចូលរួមកម្សាន្ត។
នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋ រៀបចំពិធីក្រុងពាលី ដើម្បីបើកកម្មវិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នៅភូមិតាកឹងចងចាំ ឃុំថ្មី ស្រុកគូលែន។
បើតាមលោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ បានឱ្យដឹងថា ការរៀបចំពិធីនេះមានគោលបំណងសំខាន់ក្នុងការលើកកម្ពស់ និងអភិរក្សវប្បធម៌ ប្រពៃណីជាតិ ព្រមទាំងបង្កើតឱកាសឱ្យប្រជាពលរដ្ឋ ជាពិសេសបងប្អូនភៀសសឹកនៅភូមិតាកឹងចងចាំ បានចូលរួមសប្បាយរីករាយ និងបង្ហាញពីសាមគ្គីភាពក្នុងសហគមន៍។
លោកអភិបាលរងខេត្តបានបញ្ជាក់ថា សម្រាប់សកម្មភាពក្នុងកម្មវិធីនេះ មានការប្រកួតកីឡាបាល់ទះរបស់កូនចៅបងប្អូនភាសឹក ការដាល់អំបុក ការសំពះព្រះខែ ការដុតកន្លាន ការប្រឡងចម្រៀង ការប្រឡងផ្ទះគំរូ និងការរត់ចម្ងាយ៥គីឡូម៉ែត្រ ដែលគ្រោងធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា។ ក្រៅពីនេះ ក៏មានការសម្តែងស្គរដៃ និងបទភ្លេងប្រពៃណីខ្មែរ ដើម្បីបង្កើតបរិយាកាសកម្សាន្តជូនប្រជាពលរដ្ឋពេញមួយរយៈពេលពីរថ្ងៃនៃកម្មវិធីផងដែរ។
ជាមួយគ្នានេះ លោកអភិបាលរងខេត្តព្រះវិហារ ក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់លើការគ្រប់គ្រងបរិស្ថាន និងការធានាសុវត្ថិភាពជូនអ្នកចូលរួម ដោយមានការចូលរួមពីមន្ទីរបរិស្ថានក្នុងការរៀបចំទីតាំងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
ចំណែកផ្នែកសន្តិសុខវិញ មានកម្លាំងនគរបាលចាប់ពីប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលស្រុក រហូតដល់ស្នងការដ្ឋាននគរបាលខេត្ត រួមជាមួយកងរាជអាវុធហត្ថ បានដាក់កម្លាំងប្រចាំការដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ដោយឡែកផ្នែកសុខាភិបាលក៏បានរៀបចំប៉ុស្តិ៍សុខាភិបាល និងរថយន្តសង្គ្រោះបន្ទាន់ប្រចាំការនៅទីតាំងកម្មវិធី ដើម្បីផ្តល់សេវាសង្គ្រោះបឋមក្នុងករណីមានអ្នកចូលរួមមានបញ្ហាសុខភាព។ ប្រសិនបើមានករណីធ្ងន់ធ្ងរ ក៏មានរថយន្តត្រៀមដឹកបញ្ជូនទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកស្រុក ដើម្បីទទួលការព្យាបាលបន្តផងដែរ។
លោក មិន ស៊ីថា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវដែលអញ្ជើញមកចូលរួម សូមចូលរួមឱ្យបានច្រើនកុះករ ដើម្បីអបអរសាទរព្រះរាជពិធីនេះ ព្រមទាំងស្នើឱ្យអ្នកចូលរួមទាំងអស់ចូលរួមគោរពសណ្តាប់ធ្នាប់សាធារណៈ រក្សាអនាម័យ និងទទួលខុសត្រូវលើសុវត្ថិភាពរៀងៗខ្លួន ដោយសារការធានាសុវត្ថិភាព និងភាពសប្បាយរីករាយក្នុងកម្មវិធីនេះ ទាមទារឱ្យមានការចូលរួមសហការពីគ្រប់ភាគីទាំងអស់។
តាមរយៈសកម្មភាពទាំងនេះកម្មវិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នៅភូមិតាកឹងចងចាំ មិនត្រឹមតែជាព្រឹត្តិការណ៍កម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏មានតម្លៃក្នុងការថែរក្សាប្រពៃណី ទំនៀមទម្លាប់ និងពង្រឹងចំណងសាមគ្គីភាពក្នុងសហគមន៍ផងដែរ៕




































