វិមានក្រឹមឡាំងតបទៅលោក ត្រាំ ថាលោក ពូទីន មិនបានកំពុងស៊ុមគ្រលុំជាមួយលោក ស៉ី និងលោក គីម ប្រឆាំងអាមេរិកនោះទេ (Video inside)

03-09-2025 15:17

(មូស្គូ)៖ នៅថ្ងៃពុធ ទី៣ ខែកញ្ញា វិមានក្រឹមឡាំងបាននិយាយថា លោក វ៉្លាឌីមៀ ពូទីន មិនបានកំពុងគប់គិតគ្នាជាមួយមេដឹកនាំចិន លោក ស៉ី ជីនពីង និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដើម្បីប្រឆាំងសហរដ្ឋអាមេរិកនោះទេ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់បែបនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កាលពីថ្ងៃអង្គារ លោក ត្រាំ បាននិយាយថា លោកខកចិត្តជាខ្លាំងជាមួយលោក ពូទីន ហើយបានចោទថា លោក ពូទីន លោក ស៉ី និងលោក គីម កំពុងតែសមគំនិតគ្នាប្រឆាំងអាមេរិក។ នៅពេលត្រូវបានសាកសួរអំពីការអត្ថាធិប្បាយយ៉ាងដូច្នោះរបស់លោក ត្រាំ ទីប្រឹក្សាគោលនយោបាយការបរទេសនៃវិមានក្រឹមឡាំងរុស្ស៉ី លោក Yuri Ushakov បាននិយាយថា «ខ្ញុំចង់បញ្ជាក់ថា មិនមាន​នរណាម្នាក់កំពុងគប់គ្នាឡើយ គ្មាននរណាម្នាក់បាននិងកំពុងរៀបផែនការណាមួយនោះទេ ពោលគឺគ្មានការស៊ុមគ្រលុំអ្វីទាល់តែសោះ ហើយគ្មាននរណាម្នាក់ ធ្លាប់សូម្បីតែគិតនូវគំនិតបែបនេះ... ក្នុងចំណោមមេដឹកនាំទាំង៣ (ពូទីន ស៉ី និង គីម) គ្មាននរណាមួយ មានគំនិតយ៉ាងដូច្នោះទេ»

គួរបញ្ជាក់ថា អំឡុងពិធីព្យុហយាត្រាយោធាដ៏សម្បើមមួយ នៅរដ្ឋធានីប៉េកាំងនាថ្ងៃពុធនេះ អមដោយវត្តមានពិសេសរបស់លោក ពូទីន និងលោក គីម លោក ស៉ី បានព្រមានថា ពិភពលោកសព្វថ្ងៃកំពុងប្រឈមមុខជាមួយ ជម្រើសរវាងសង្រ្គាមនិងសន្តិភាព។ វត្តមានរួមគ្នារបស់មេដឹកនាំទាំង៣ ត្រូវបានមើលឃើញថា ជាការបង្ហាញកម្លាំងសាមគ្គីភាពមួយ ដែលមិនពុំធ្លាប់មានពីមុនមក។

នៅពេលត្រូវបានសួរថា តើលោកព្រួយបារម្ភដែរឬទេ អំពីការបង្កើតសម្ព័ន្ធភាពរវាងរុស្ស៉ីនិងចិន ប្រឆាំងសហរដ្ឋអាមេរិក លោក ត្រាំ បានឆ្លើយថា «ខ្ញុំមិនបារម្ភអ្វីទាំងអស់ ដ្បិតយើងមានយោធាដែលខ្លាំងដាច់គេលើពិភពលោក ដូច្នេះពួកគេនឹងមិនហ៊ានប្រើយោធា ប្រឆាំងមកលើពួកយើងនោះទេ។ ជឿខ្ញុំចុះ»