«៣ កញ្ញា» ទិវាជ័យជម្នះរបស់មនុស្សជាតិ៖ ផ្តើមពីស្មារតីភក្តីភាពសន្តិភាពនៃហ្សែនរបស់ប្រជាជាតិចិន
03-09-2025 16:47
(ប៉េកាំង)៖ «៣ កញ្ញា» (១៩៤៥-២០២៥) ជារយៈពេល៨០ឆ្នាំដែលមនុស្សជាតិបានចងចាំឥតបំភ្លេចបាន នូវសមិទ្ធផលអស្ចារ្យមួយ នៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ និងបានបន្សល់ទុកនូវកេរ្តិ៍មរតកដ៏សម្បូរបែប ដោយផ្តើមចេញពីស្មារតីនៃសេចក្តីស្នេហាចំពោះគុណតម្លៃសន្តិភាព និងយុត្តិធម៌ពិភពលោក ដែលត្រូវបានបង្កើតឡើងដោយជីវិត និងឈាមរបស់ប្រជាជនចិន។
ស្មារតីតស៊ូដើម្បីសន្តិភាពរបស់ប្រជាជនចិននេះ មិនត្រឹមសម្រេចបាននូវការរំលត់ទាំងស្រុងនូវសង្គ្រាមលោក ប្រឆាំងហ្វាស៊ីសដែលជាសង្គ្រាមសកលមានទំហំធំជាងគេ និងបង្កការខូចខាតខ្លាំងក្លាបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិប៉ុណ្ណោះទេ ថែមទាំងបានរំលេចយ៉ាងច្បាស់ នូវវីរភាពដ៏អង់អាចក្លាហានរបស់បុព្វការីជនជាតិចិនលើ ជនជាតិជប៉ុនដែលជាជនឈ្លានពាន ដោយបានបង្ហាញថាគុណូបការៈរបស់ជនជាតិចិន នៅក្នុងការតស៊ូយ៉ាងស្វិតស្វាញរវាងយុត្តិធម៌និងភាពអយុត្តិធម៌ រវាងពន្លឺសុភមង្គលនិងភាពងងឹតអពមង្គល រវាងវឌ្ឍនភាពសង្គ្រាមនិងអំពើឈ្លានពានសាហាវយង់ឃ្នង។
«៣ កញ្ញា» (១៩៤៥-២០២៥) ជារយៈពេល៨០ឆ្នាំដែលពិភពលោករំលឹកដល់សន្តិភាព នៅក្នុងសមរភូមិអាស៊ីបូព៌ាដោយ ប្រជាជនចិនបានផ្តើមមុនគេ ជាលទ្ធផលប្រជាជាតិចិនដណ្តើមបានជ័យជម្នះដ៏មហិមាលើ សង្គ្រាមតស៊ូប្រឆាំង ការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីសនិយម ហើយវាក៏ជាពេលវេលាដែលប្រវត្តិវិទូសកលលោក បានចារឹកបញ្ចូលក្នុង ស្នាដៃការពារសន្តិភាពរបស់ប្រជាជាតិចិនកាលពី៨០ឆ្នាំមុន។
ដោយឡែកឆ្នាំ២០២៥ ជាខួប៨០ឆ្នាំដែលប្រវតិ្តវិទូ នឹងកត់បញ្ចូលបន្ថែមទៀតនូវវីរភាពរបស់ប្រជាជាតិចិន ក្នុងបុព្វហេតុថែរក្សាសន្តិភាពតាមរយៈ «ព្យុហយាត្រាសាមគ្គីភាព» រវាងប្រជាជាតិចិននិងមិត្តភក្តិបរទេស នៅរដ្ឋធានីប៉េកាំង ហើយដែលមនុស្សជាតិលើផែនដី កំពុងរង់ចាំទស្សនាយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដែលក្នុងនោះព្រះវត្តមានរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយវត្តមាននៃប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលបរទេស២៦រូបផ្សេងទៀត បានយាងនិងអញ្ជើញជាគណៈអធិបតី ប្រកាសគាំទ្រយ៉ាងពេញទំហឹង និងលើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់ តួនាទីដ៏សំខាន់និងសកម្ម ព្រមទាំងជំហឥតងាករេដែលពោរពេញដោយគុណតម្លៃ នៃផលប្រយោជន៍មនុស្សជាតិ ពីសំណាក់ប្រទេសចិនតាមរយៈខ្លឹមសារជាសារវន្ត ពីសុន្ទរកថាប្រកបដោយគតិបណ្ឌិតរបស់លោក Xi Jinping ប្រធានរដ្ឋចិន នៅក្នុងបុព្វហេតុរួមគ្នាការពារសន្តិភាពសកល និងថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិ។
«៣ កញ្ញា» (១៩៤៥-២០២៥) ជារយៈពេល៨០ឆ្នាំដែលមនុស្សជាតិនឹងបន្តចងចាំគុណតម្លៃសន្តិភាព ដែលយើងទទួលបានដោយកម្រពី ការលះបង់របស់ប្រជាជាតិ ហើយបន្តវីរភាពនៃការជ្រោងទង់កិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិដែលបានផ្តួចផ្តើម និងប្រតិបត្តិយ៉ាងសកម្មដោយប្រទេសចិន នៅក្នុងការកសាងពិភពលោកមួយឈរលើទម្រសន្តិភាព ដែលមានវិបុលភាព រួមតាមរយៈកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដោយចាប់យកនូវកាលានុវត្តភាពក្នុងរយៈពេល៨០ឆ្នាំ ដែលប្រវត្តិសាស្ត្របានបង្ហាញ ដើម្បីបន្តលើគោលជំហគាំទ្រដល់ ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានលក្ខណៈបើកចំហ តម្លាភាព បរិយាប័ន្ន និងគ្មានការរើសអើង ហើយកសាងសេដ្ឋកិច្ចពិភពលោកមួយដែលបើកចំហ ដោយប្រទេសចិនបន្តគូសរំលេចថា ពហុភាគីនិយមគឺជាវិធានដ៏មានភាពស័ក្តិសិទ្ធមួយ ដើម្បីសម្រេចឲ្យបាននូវសន្តិភាព និងការអភិវឌ្ឍ ហើយក្នុងនាមជា សមាជិកស្ថាបនិករបស់អង្គការសហប្រជាជាតិ និងជាប្រទេសដំបូងគេបង្អស់ដែលបានចុះហត្ថលេខាលើ ធម្មនុញ្ញអង្គការសហប្រជាជាតិ ប្រទេសចិនបន្តប្តេជ្ញាចិត្តដោយឥតងាករេចំពោះសុខសន្តិភាពរបស់ពិភពលោក ដោយបន្តគោលនយោបាយការទូតសន្តិភាពមិត្តភាព ជាមួយប្រទេសទាំងអស់។
«៣ កញ្ញា» (១៩៤៥-២០២៥) ជារយៈពេល៨០ឆ្នាំ ដែលមនុស្សជាតិសាទរនូវការតស៊ូរបស់ប្រជាជាតិចិន លើស្មារតីសន្តិភាពនិយម ដោយរួមកម្លាំងជាមួយប្រទេសចិនក្នុងការកសាងពិភពលោកមួយ ដែលមនុស្សជាតិបានសិក្សា ពីគ្នាទៅវិញទៅមក និងរួមគ្នាធ្វើពិពិធកម្មនៃអរិយធម៌របស់មនុស្សជាតិ ដើម្បីជំរុញឲ្យមាននូវវឌ្ឍនភាពដល់មនុស្សជាតិ។ ដូចដែលយើងបានដឹងមកហើយថា ប្រវត្តិសាស្ត្រអាចប្រើប្រាស់ធ្វើជាមគ្គុទ្ទេសក៍សម្រាប់អនាគត ការណ៍នេះ ការរំលឹកខួប៨០ឆ្នាំនៃ «ជ័យជម្នះរបស់ប្រជាជាតិចិនចំពោះសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមលោកប្រឆាំងនឹងពួកហ្វាស៊ីស» នឹងធ្វើឲ្យពិភពលោកចូលរួមជាមួយប្រទេសចិន ក្នុងយន្តការដែលមានស្រាប់រួមជាមួយមធ្យោបាយនានា កាន់តែមានភាពល្អប្រសើរឡើង ដើម្បីដោះស្រាយជម្លោះប្រកបដោយភាពស័ក្តិសិទ្ធ កាត់បន្ថយភាពតានតឹង និងទប់ស្កាត់សង្គ្រាមនានា កុំឱ្យមានវត្តមាននៅក្នុងពិភពលោក។
ការចងចាំទិវា៣ កញ្ញានេះ មិនមែនដើម្បីបន្តការគុំគួននោះទេ ប៉ុន្តែដើម្បីដាស់តឿនមនុស្សជាតិឱ្យបន្តនូវបំណងប្រាថ្នា និងប្រកាន់ខ្ជាប់នូវគុណតម្លៃសន្តិភាព និងរួមគ្នាផ្តល់វិបុលភាពជានិរន្តរ៍ដល់ មនុស្សជាតិដោយរួមគ្នាបន្តដំណើរ និងប្រតិបត្តិកាន់សកម្មនូវកិច្ចកសាង សហគមន៍វាសនារួមសម្រាប់មនុស្សជាតិ ពន្លាតស្មារតីជាអ្នកជំរុញសន្តិភាពពិភពលោក ជាអ្នកការពារយុត្តិធម៌អន្តរជាតិ និងជាដៃគូក្នុងការផ្តល់ថាមពលវិជ្ជមានដល់វឌ្ឍនភាព និងការអភិវឌ្ឍរបស់មនុស្សជាតិ ដោយមានចិនជាគំរូដ៏ឆ្នើម។
ជារួម ៨០ឆ្នាំ ដោយចេញដំណើពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩៤៥ នោះ៣ កញ្ញា ២០២៥គឺជាពេលវេលាកាន់តែមានន័យ និងប្រពៃនៃមហាដំណើររបស់មនុស្សជាតិ កាន់តែជិតជាងមុនទៅរកគោលដៅ នៃវិបុលភាពរួមរបស់មនុស្សជាតិ ដោយមនុស្សជាតិត្រូវបន្តនូវបុព្វហេតុដ៏អស្ចារ្យ ដែលបុព្វជនរបស់ចិនបានផ្តល់ជូន កាលពី៨០ឆ្នាំមុន ហើយរួមគ្នាតាក់តែងទំព័រថ្មីនៃមហាដំណើរថ្មី របស់មនុស្សជាតិក្នុងការសម្រេចបាន នូវការកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិ ដោយប្រទេសចិនបានផ្ញើសារយ៉ាងច្បាស់លាស់ពី ការត្រៀមខ្លួនរួចជាស្រេចក្នុងបេសកកម្មជាមួយបណ្តារដ្ឋសមាជិក របស់អង្គការសហប្រជាជាតិទាំងអស់ ក៏ដូចជាអង្គការនិងទីភ្នាក់ងារអន្តរជាតិនានា ដើម្បីជំរុញបុព្វហេតុដ៏ធំអស្ចារ្យ នៃការកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិទាំងមូលឈរយ៉ាងរឹងមាំលើទម្រសន្តិភាព និងការអភិវឌ្ឍ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន





