កាសែត The Sunday Guardian ផ្សាយ៖ បក្សប្រឆាំង, អ្នកជាតិនិយមថៃ «ជាប់ពាក់ព័ន្ធ» ក្នុងផែនការប្រឆាំងនឹងនាយករដ្ឋមន្ត្រីកម្ពុជា (Video inside)
08-09-2025 12:22
(ញូវដែលី)៖ យោងតាមខ្លឹមសារនៃឯកសារសម្ងាត់ផ្ទៃក្នុង ដែលកាសែត The Sunday Guardian បានទទួលដោយអនាមិកជាបន្តបន្ទាប់ក្នុងរយៈពេលមួយខែ មានការអះអាងថា ក្រុមសកម្មជនប្រឆាំងកម្ពុជាដែលកំពុងនិរទេសខ្លួន បានសម្របសម្រួលជាមួយចលនា «អាវលឿង» ជាតិនិយមរបស់ប្រទេសថៃ ដើម្បីបង្កអស្ថិរភាពដល់រដ្ឋាភិបាលក្នុងទីក្រុងភ្នំពេញ។ ភាពត្រឹមត្រូវនៃឯកសារទាំងនោះមិនទាន់អាចត្រូវបានគេផ្ទៀងផ្ទាត់ដោយឯករាជ្យនៅឡើយទេ។
ក្នុងចំណោមឯកសារទាំងនោះ មានរាប់បញ្ចូលអ៉ីមែលចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដែលត្រូវបានចាត់ទុកថាត្រូវបាន លោកស្រី មូរ សុខហួរ ជាអតីតរដ្ឋមន្ត្រីដែលកំពុងនិរទេសខ្លួនក្រៅប្រទេស ផ្ញើទៅឱ្យសកម្មជនប្រឆាំងនៅក្រៅប្រទេស លោក ឯម ពិសិដ្ឋ ដែលជាអ្នកដឹកនាំបណ្តាញយុវជនកម្ពុជាសកល មានទីតាំងនៅប្រទេសថៃ។ ភ្ជាប់ជាមួយអ៉ីមែលនោះគឺជាឯកសារមួយដែលមានចំណងជើងថា «ផែនការសកម្មភាពទ្វេភាគី និងសេចក្តីណែនាំរបស់ប្រធាន»។
ផែនការសកម្មភាពនេះបានសរសេររៀបរាប់អំពីគំនិតផ្តួចផ្តើមនានាដើម្បី «រៀបចំសកម្មភាពយុទ្ធសាស្ត្រនៅតាមព្រំដែនកម្ពុជា-ថៃ» និង «ពង្រីកសាធារណមតិអំពីបញ្ហាទឹកដីនៅក្នុងតំបន់រសើបមួយចំនួន ដូចជាតាមាន់ធំ និងតំបន់តំបន់មុំបីនៅព្រះវិហារ»។
យោងតាមផែនការនោះ ក្រុមអាវលឿងរបស់ប្រទេសថៃត្រូវបានប្រគល់ភារកិច្ចឱ្យប្រមូលកម្លាំងសម្រាប់ប្រតិបត្តិការនៅព្រំដែន ដើម្បីបង្កការរំខាន និងផ្តល់ការហ្វឹកហាត់ជាប្រព័ន្ធ...សម្រាប់ការប្រឈមមុខគ្នាដោយហិង្សាការតវ៉ា អហិង្សា និងសង្គ្រាមព័ត៌មាន។
សម្រាប់ភាគីកម្ពុជា ផែនការនេះអំពាវនាវឱ្យមានកិច្ចខិតខំ «ពង្រឹងបណ្តាញនៅថ្នាក់មូលដ្ឋាន ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា» និងសម្របសម្រួលជាមួយសកម្មជនថៃ ដើម្បីបញ្ឆេះចលនាជាតិនិយម និង «ប្រែក្លាយជម្លោះកម្ពុជា-ថៃ ឱ្យទៅជាចលនាជំទាស់នឹងភាពស្របច្បាប់នៃការគ្រប់គ្រងរបស់គ្រួសាររបស់អតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងគោលបំណងដើម្បីឈានទៅផ្ដួលរំលំ»។
ផ្នែកនៃឯកសារដែលមានសរសេរចំណងជើងថា «សេចក្តីណែនាំរបស់ប្រធាន» បានស្នើឱ្យមានការបង្កើតមូលដ្ឋានសកម្មភាពនៅក្នុងប្រទេសថៃ ឱ្យមានការត្រៀមរៀបចំសម្រាប់ការហ្វឹកហាត់ និងការអនុវត្តវិធានការតឹងរ៉ឹងផ្នែកសន្តិសុខសាយប័រ និងទិន្នន័យឯកជន ដើម្បីបង្ការការបែកធ្លាយព័ត៌មាន។ អ៊ីមែលដែលភ្ជាប់មកជាមួយនោះ (ប្រសិនបើជាការពិត) បានបង្ហាញថា «មូរ សុខហួរ បានសរសេរទៅកាន់ ឯម ពិសិដ្ឋ ដោយលើកឡើងអំពីផែនការទាំងនេះ»។
អ្នកទាំងពីរនេះត្រូវបានទាក់ទងដើម្បីសុំការអត្ថាធិប្បាយ។ ជាការឆ្លើយតប មូរ សុខហួរ បាននិយាយថា «ខ្លួនមិនបានផ្ញើឯកសារណាមួយឱ្យ ឯម ពិសិដ្ឋ ទេ»។ មូរ សុខហួរបានបន្ថែមថា «ខ្ញុំបានពិនិត្យមើលប្រអប់អ៉ីមែលដែលខ្ញុំបានផ្ញើចេញ ហើយគ្មានអ៊ីមែលណាមួយត្រូវបានផ្ញើពីខ្ញុំទៅ ឯម ពិសិដ្ឋ ទេ។ ដូចខ្ញុំបានបញ្ជាក់រួច ហើយមុននេះ ខ្ញុំមិនមានអ៉ីមែលរបស់ម្នាក់នោះទេ ហើយខ្ញុំក៏មិនមានឯកសារណាមួយដែលទាក់ទងនឹងព័ត៌មានដែលអ្នកបានផ្តល់មកឱ្យខ្ញុំដែរ។ ខ្ញុំចាត់ទុកឯកសារភ្ជាប់នោះជាឯកសារក្លែងក្លាយ»។
គ្មានការឆ្លើយតបណាមួយពី ឯម ពិសិដ្ឋ ទេ រហូតមកដល់ពេលដែលអត្ថបទនេះបានចុះផ្សាយ។ ប្រភពដែលបានផ្តល់ឯកសារទាំងនេះមិនបានបង្ហាញអត្តសញ្ញាណ របស់ខ្លួនទេ។
បណ្តាញការងាររបស់ មូរ សុខ ហួរ និង ឯម ពិសិដ្ឋ ធ្លាប់មានទំនាក់ទំនងគ្នាកាលពីអតីតកាល។ នៅខែមីនា ឆ្នាំ២០២៤ បណ្តាញយុវជនកម្ពុជាសកល និងចលនាខ្មែរដើម្បីប្រជាធិបតេយ្យបានប្រកាសអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលពួកគេបានបង្ហោះនៅលើ Facebook ដោយបានសន្យាសហការលើការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំសម្រាប់យុវជន។
MoU នោះមិនបានលើកឡើងអំពីប្រទេសថៃ ឬ ជម្លោះព្រំដែននោះទេ តែវាបញ្ជាក់ថា «ភាគីទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការជាផ្លូវការលើសកម្មភាព បណ្តុះបណ្តាល» មុន ពេល មានការបែកធ្លាយ នៅពេលនេះ។
ការលើកឡើងនៅក្នុងឯកសារ នោះអំពីរបបគ្រួសាររបស់អតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺពាក់ព័ន្ធនឹងតថភាពនៃនយោបាយស្នូលរបស់ កម្ពុជា។ សម្តេច ហ៊ុន សែន បានគ្រប់គ្រងប្រទេសអស់រយៈពេលជិត៤ទសវត្សរ៍ មុនពេលប្រគល់អំណាចនៅឆ្នាំ២០២៣ ទៅឱ្យកូនប្រុសច្បងរបស់លោកគឺសម្តេច ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រី។
សម្តេច ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងនៅតែត្រូវបានចាត់ទុកជាឥស្សរជនដ៏មានឥទ្ធិពលបំផុតនៅក្នុងនយោបាយកម្ពុជា។ អ្នកគាំទ្របានពណ៌នា ការ ប្រគល់អំណាចនេះថាជា «ការធានានិរន្តរភាពនិងស្ថិរភាព»។
ការបែកធ្លាយនេះបានកើតឡើង នៅចំពេលមានភាពតានតឹងជាថ្មីនៅព្រំដែន ជាពិសេសជុំវិញប្រាសាទ តាមាន់ធំ ដែលជាតំបន់ជម្លោះរវាង កម្ពុជា និង ថៃ។ នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចោទប្រកាន់មេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេសថា បានឃុបឃិតជាមួយបរទេសដើម្បីបង្កចលាចល ខណៈបណ្តាញដែលគាំទ្ររដ្ឋាភិបាលបានព្រមានអំពីបដិវត្តពណ៌។ បទឈប់បាញ់ដ៏ផុយស្រួយមួយត្រូវបានធ្វើឡើងរវាងប្រទេសទាំងពីរ នៅថ្ងៃទី២៨ ខែកក្កដា ២០២៥។ នៅប្រទេសថៃ ឆាកនយោបាយ នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។
នាយករដ្ឋមន្ត្រី Paetongtarn Shinawatra ត្រូវបានតុលាការធម្មនុញ្ញដកតំណែងកាលពីថ្ងៃទី២៩ ខែសីហា បន្ទាប់ពីកាន់តំណែងបានត្រឹមតែ១ ឆ្នាំ ប៉ុណ្ណោះ ពីបទបំពានក្រមសីលធម៌ ពាក់ព័ន្ធនឹងការសន្ទនាតាមទូរស័ព្ទដែលបានបែកធ្លាយកាលពីខែមិថុនា ជាមួយសម្តេច ហ៊ុន សែន។
នៅក្នុងការសន្ទនានោះ លោកស្រីត្រូវបានចោទប្រកាន់ថា បានមើលងាយលើការអនុវត្តរបស់យោធាថៃនៅក្នុងជម្លោះព្រំដែន។ ការដកលោកស្រីចេញពីតំណែងបានកើតឡើងបន្ទាប់ពីមានការតវ៉ាជាតិនិយមអស់ជាច្រើនសប្តាហ៍ ដែលដឹកនាំដោយក្រុមអាវលឿង ដែលជាចលនារាជានិយម និងអភិរក្សនិយម ដែលមានអរិភាពយូរយារណាស់មកហើយចំពោះគ្រួសារ Shinawatra និងជាឧបករណ៍ដ៏សំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងកាលពីមុនដើម្បីទម្លាក់រដ្ឋាភិបាលរបស់ពួកគេ។
បើទោះបីជាបទឈប់បាញ់បានចូលជាធរមានចាប់តាំង ពីថ្ងៃទី២៨ខែកក្កដាក៏ដោយ ក៏អ្វីៗនៅតែមានភាពមិនច្បាស់លាស់។ រហូតមកដល់ពេលនេះប្រទេសថៃ បាន បដិសេធមិនដោះលែងទាហានខ្មែរយ៉ាងហោចណាស់១៨នាក់ ដែលត្រូវបានឃុំខ្លួន បន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាន។
អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បាននិយាយថា «កាលពីដើមសប្តាហ៍នេះ កងទ័ពថៃ អមដោយគ្រឿងចក្រធុនធ្ងន់ បានចូលមកកាន់ផ្នែកខ្លះនៃដែនអធិបតេយ្យភាពរបស់កម្ពុជា និងបានដាក់លួសបន្លា បើទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីកងទ័ពកម្ពុជាក៏ដោយ»។ ការលើក ឡើងនេះបានធ្វើឡើង បន្ទាប់ពីកម្ពុជាបានរៀបចំដំណើរទស្សនកិច្ចរបស់ អនុព័ន្ធយោធាបរទេសទៅកាន់ទីតាំងទាំងនោះដើម្បី បង្ហាញពីតំបន់ដែលស្ថិតនៅក្នុងទឹកដី របស់កម្ពុជា៕





