អេស្តូនី ថាយន្តហោះយោធារុស្ស៉ី ហោះចូលដែនអាកាសរបស់ខ្លួន តែរុស្ស៉ីបដិសេធ (Video inside)

20-09-2025 20:22

(តាលិន)៖ រដ្ឋាភិបាលអេស្តូនី បានឱ្យដឹងថា យន្តហោះយោធារុស្ស៉ីចំនួន ៣គ្រឿងបានរំលោភលើដែនអាកាសរបស់ខ្លួន រយៈពេល ១២នាទីកាលពីថ្ងៃសុក្រសប្តាហ៍នេះ ដែលជាសកម្មភាពលុកលុយមិនធ្លាប់មានពីមុនមក ខណៈដែលរុស្ស៉ីថាយន្តហោះនោះហោះលេីដែនអព្យាក្រឹត។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២០ ខែកញ្ញា ឆ្នាំ ២០២៥។

ទីក្រុង Tallinn បានឱ្យដឹងថា យន្តហោះចម្បាំង MiG-31 ចំនួន ៣គ្រឿងបានហោះចូលដែនអាកាសអេស្តូនី ដោយគ្មានការអនុញ្ញាត ហើយស្ថិតនៅលេីអាកាសរយៈពេល ១២នាទី មុនពេលត្រូវបានបង្ខំឱ្យដកថយ ដោយអំឡុងពេលដែលមានយន្តហោះល្បឿនលឿនធ្វើដំណើរឆ្លងកាត់។ រដ្ឋមន្រ្តីការបរទេសអេស្តូនី លោក Margus Tsahkna និយាយថា រុស្ស៉ីធ្លាប់បំពានដែនអាកាសអេស្តូនី ៤ដងក្នុងឆ្នាំនេះ ដែលជារឿងមិនអាចទទួលយកបានរួចទៅហេីយ ប៉ុន្តែការបំពានថ្មីនេះ គឺរឹតតែស្មោកគ្រោក។

ចំណែក ក្រសួងការពារជាតិរុស្ស៉ីលេីកឡេីងថា យន្តហោះរបស់ខ្លួនហោះហេីរពីលើដែនទឹកអព្យាក្រឹតនៃសមុទ្របាល់ទិក ក្នុងដំណើរពីភាគពាយព្យនៃប្រទេសរុស្ស៉ីទៅកាន់តំបន់ Kaliningrad។ ការហោះហើរអនុវត្តដោយអនុលោមតាមច្បាប់អន្តរជាតិ ដោយមិនបំពានព្រំដែននៃប្រទេសផ្សេងទៀតដូចដែលមានការបញ្ជាក់នោះទេ។

គួរបញ្ជាក់ថា អេស្តូនី គឺសមាជិករបស់អង្គការណាតូមួយទៀត បន្ទាប់ពីរូម៉ានី និងប៉ូឡូញដែលបានអះអាងពីការបំពានដែនអាកាសដោយរុស្ស៉ី។ ការណ៍នោះបានជំរុញឱ្យយន្តហោះរបស់អង្គការណាតូចេញធ្វេីសកម្មភាព ហើយក្រុមមន្ត្រីលោកខាងលិចនិយាយថា រុស្ស៉ីកំពុងធ្វេីតេស្តលេីការត្រៀមខ្លួន និងដោះស្រាយរបស់បក្សសម្ព័ន្ធយោធាមួយនេះ៕