លោក ដូណាល់ ត្រាំ ព្រមានថា រឿងអាក្រក់នឹងកើតឡើង ប្រសិនបើអាហ្វហ្កានីស្ថាន មិនប្រគល់មូលដ្ឋានទ័ពអាកាស Bagram ឱ្យអាមេរិកវិញ (Video inside)
21-09-2025 10:00
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍ ទី២០ ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា រឿងអាក្រក់មុខជានឹងកើតឡើង ប្រសិនបើអាហ្វហ្កានីស្ថាន មិនប្រគល់ការគ្រប់គ្រងមូលដ្ឋានទ័ពអាកាស Bagram ឱ្យមកសហរដ្ឋអាមេរិកវិញទេនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមយ៉ាងដូច្នេះថា «ប្រសិនបើអាហ្វហ្កានីស្ថាន មិនឱ្យមូលដ្ឋានទ័ពអាកាស Bagram មកអ្នកដែលសាងសង់វា នោះគឺសហរដ្ឋអាមេរិក វិញទេ រឿងអាក្រក់មុខជានឹងកើតឡើងជាមិនខាន»។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកបានព្យាយាមស្វែងរក ការគ្រប់គ្រងមូលដ្ឋានយោធាខាងលើឡើងវិញ ដែលធ្លាប់ត្រូវបានប្រើប្រាស់ដោយកងទ័ពអាមេរិកនៅអាហ្វហ្កានីស្ថាន ក្រោយព្រឹត្តិការណ៍ភេរវកម្មថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០០១។ កាលពីថ្ងៃសុក្រ លោកប្រធានាធិបតីអាមេរិក បានប្រាប់ថា លោកកំពុងជជែកជាមួយអាហ្វហ្កានីស្ថាន អំពីរឿងនេះ។
គួរបញ្ជាក់ថា ការដកកងទ័ពអាមេរិកកាលពីឆ្នាំ២០២១ បានអនុញ្ញាតឱ្យក្រុមតាលីបង់ ផ្តួលរំលំរដ្ឋាភិបាលគាំទ្រដោយទីក្រុងវ៉ាស៉ីនតោន ហើយជាលទ្ធផល មូលដ្ឋានយោធាអាមេរិកនានា ដែលស្ថិតនៅប្រទេសអាហ្វហ្កានីស្ថាន ត្រូវធ្លាក់ក្រោមការគ្រប់គ្រងរបស់តាលីបង់។ ក្រុមមន្រ្តីតាលីបង់ កន្លងមកធ្លាប់បានបង្ហាញទស្សនៈជំទាស់ នឹងការបង្កើតវត្តមានឡើងវិញ របស់សហរដ្ឋអាមេរិក៕