យន្តហោះចម្បាំងអង់គ្លេស ចាប់ផ្តើមបេសកកម្មការពារដែនអាកាសរបស់ NATO នៅលើប្រទេសប៉ូឡូញ (Video inside)

21-09-2025 12:30

(ឡុងដ៍)៖ រដ្ឋាភិបាលទីក្រុងឡុងដ៍ បានឱ្យដឹងថា ក្រុមយន្តហោះចម្បាំងរបស់ចក្រភពអង់គ្លេស បានចាប់ផ្តើមធ្វើប្រតិបត្តិការលើកដំបូង ក្រោមក្របខណ្ឌនៃបេសកកម្មការពារដែនអាកាសរបស់អង្គការ NATO លើប្រទេសប៉ូឡូញ ដែលមានគោលដៅពង្រឹងការការពារខ្លួន របស់បក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ បន្ទាប់ពីមានការទន្ទ្រានចូលពីយន្តហោះដ្រូន ដែលត្រូវបានអះអាងថា ជារបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក John Healey បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា បេសកកម្មខាងលើ គឺជាការបញ្ជូនសញ្ញាយ៉ាងច្បាស់ៗថា ដែនអាកាសរបស់ NATO នឹងត្រូវបានការពារយ៉ាងរឹងមាំ។ ទីក្រុងឡុងដ៍ បានប្រកាសអំពីគម្រោងបេសកកម្មនេះ ​កាលពីថ្ងៃចន្ទដើមសប្តាហ៍ បន្ទាប់ពីមានយន្តហោះដ្រូនសង្ស័យជារបស់រុស្ស៉ី បានបំពានចូលដែនអាកាសរបស់ប៉ូឡូញ ហើយត្រូវបានបាញ់ទម្លាក់។

គួរបញ្ជាក់ថា សេចក្តីប្រកាសរបស់អង់គ្លេស គឺធ្វើឡើងចំពេលផងដែរ ដែលសមាជិក NATO គឺអេស្តូទី ទើបតែបានអះអាង កាលពីថ្ងៃសុក្រសប្តាហ៍នេះថា យន្តហោះយោធារុស្ស៉ី៣គ្រឿង បានបំពានដែនអាកាសរបស់ខ្លួន រយៈពេលប្រមាណជា១២នាទី ប៉ុន្តែទីក្រុងមូស្គូ បានចេញមុខបដិសេធ៕