NATO នឹងបើកកិច្ចប្រជុំនៅថ្ងៃអង្គារសប្ដាហ៍នេះ ពាក់ព័ន្ធនឹងយន្ដហោះចម្បាំងរុស្ស៉ីបំពានចូលដែនអាកាសអេស្ដូនី (Video inside)

22-09-2025 17:06

(ព្រុចសែល)៖ បណ្ដាឯកអគ្គរដ្ឋទូត NATO នឹងបើកកិច្ចប្រជុំមួយនៅថ្ងៃអង្គារ ទី២៣ ខែកញ្ញា ដើម្បីពិភាក្សាគ្នាស្ដីពីការរំលោភបំពានដោយយន្ដហោះចម្បាំងរុស្ស៉ីចូលក្នុងដែនអាកាសនៃប្រទេសអេស្ដូនី បន្ទាប់ពីទីក្រុងតាឡិនអំពាវនាវឱ្យមានការពិគ្រោះយោបល់ជាបន្ទាន់នៅក្រោមមាត្រា៤ នៃសន្ធិសញ្ញា NATO។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

យន្ដហោះចម្បាំង NATO ត្រូវបានចល័ត បន្ទាប់ពីយន្ដហោះចម្បាំងរុស្ស៉ី MiG-31 ចំនួន៣គ្រឿងបានហោះបំពានចូលដែនអាកាសរបស់អេស្ដូនីក្នុងរយៈពេល១២នាទី​កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ប៉ុន្តែ ទីក្រុងមូស្គូបានច្រានចោលការចោទប្រកាន់នេះ។ អេស្ដូនីបានអំពាវនាវភ្លាមៗសម្រាប់ការបើកកិច្ចប្រជុំបន្ទាន់ជាមួយសម្ព័ន្ធមិត្ត​ NATO ក្នុងពេលមិនដល់២សប្ដាហ៍ស្រួលបួលផងក្រោយប៉ូឡូញដែលជា សមាជិក NATO ដែរនោះបានអំពាវនាវដូចគ្នានេះដែរ បន្ទាប់ពីបានអះអាងថាដ្រូនរុស្ស៉ីបំពានចូលដែនអាកាសរបស់ខ្លួន។

គួរបញ្ជាក់ នៅក្រោមមាត្រា៤ សមាជិកនីយមួយៗរបស់ NATO អាចអំពាវនាវឱ្យមានការរៀបចំកិច្ចប្រជុំបន្ទាន់ នៅពេលមានអារម្មណ៍ថាបូរណភាពទឹកដី ឯករាជ្យភាពនយោបាយ ឬសន្តិសុខរបស់ខ្លួន ប្រឈមនឹងគ្រោះថ្នាក់ ឬការគំរាមកំហែង។ កិច្ចប្រជុំនៅថ្ងៃអង្គារសប្ដាហ៍នេះនឹងក្លាយជាលើកទី៣ ដែលមាត្រា៤ត្រូវបានចាប់អនុវត្តចាប់តាំងពីរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែនកាលពីឆ្នាំ២០២២មក និងជាលើកទី៩ ក្នុងប្រវត្តិសាស្ត្រ៧៩ឆ្នាំមកនេះរបស់ NATO៕