ប្រមុខនុយក្លេអ៊ែរអ៊ីរ៉ង់ ទៅកាន់ទីក្រុងម៉ូស្គូដើម្បីចុះកិច្ចព្រមព្រៀងសាងសង់រោងចក្រនុយក្លេអ៊ែរ ខណៈ UN ពិចារណាដាក់ទណ្ឌកម្មឡើងវិញ (Video inside)

22-09-2025 19:02

(ម៉ូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃចន្ទថា ប្រមុខអង្គការថាមពលបរមាណូអ៊ីរ៉ង់ លោក Mohammad Eslami បានទៅដល់ទីក្រុងម៉ូស្គូសម្រាប់ការចរចា ខណៈដែលអង្គការសហប្រជាជាតិកំពុងពិចារណាថាតើត្រូវដាក់ទណ្ឌកម្មឡើងវិញលើទីក្រុងតេអេរ៉ង់ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដែរឬទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Eslami ដែលជាអនុប្រធានាធិបតីអ៊ីរ៉ង់ផងដែរ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ថា កិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីនឹងត្រូវបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកនៅរុស្ស៊ី រួមទាំងផែនការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរចំនួនប្រាំបី ខណៈដែលទីក្រុងតេអេរ៉ង់ស្វែងរកការសម្រេចបានសមត្ថភាពថាមពលនុយក្លេអ៊ែរ ២០ ជីហ្គាវ៉ាត់ (GW) ត្រឹមឆ្នាំ២០៤០។ លោកបានបញ្ជាក់ថា «ការចរចាលើកិច្ចសន្យាបានធ្វើឡើងរួចហើយ ហើយជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងសប្តាហ៍នេះ យើងនឹងឈានចូលដល់ជំហានប្រតិបត្តិការ»។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះធ្វើឡើងស្របពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ បានបដិសេធសេចក្តីព្រាងដំណោះស្រាយមួយដើម្បីដកទណ្ឌកម្មជាអចិន្ត្រៃយ៍លើទីក្រុងតេអេរ៉ង់។ ប្រទេសអឺរ៉ុប រួមមានអង់គ្លេស បារាំង និងអាល្លឺម៉ង់ កំពុងជំរុញឱ្យមានការដាក់ទណ្ឌកម្មឡើងវិញ ដោយចោទប្រកាន់អ៊ីរ៉ង់ថាមិនគោរពតាមកិច្ចព្រមព្រៀងឆ្នាំ២០១៥ ខណៈរុស្ស៊ី និងចិនបានប្រឆាំងនឹងជំហាននេះ។ ប្រសិនបើកិច្ចព្រមព្រៀងពន្យារពេលមិនអាចសម្រេចបានត្រឹមចុងខែកញ្ញា ថ្ងៃទី២៧ នោះទណ្ឌកម្មទាំងអស់របស់ UN នឹងត្រូវបានដាក់ឡើងវិញ៕