ព្យុះស៊ុបភើទីហ្វុង Ragasa បោកបក់ខ្លាំងលើភាគខាងជើងហ្វីលីពីន, បង្ខំឲ្យជម្លៀសប្រជាជនជាង ១ម៉ឺននាក់ (Video inside)
22-09-2025 20:51
(ម៉ានីល)៖ ព្យុះស៊ុបភើទីហ្វុង Ragasa បានវាយប្រហារភាគខាងជើងប្រទេសហ្វីលីពីនកាលពីថ្ងៃចន្ទ អមដោយភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់ ដែលបង្កឲ្យមានទឹកជំនន់ ធ្វើឲ្យដើមឈើរលំ និងរបើកដំបូលផ្ទះ។ គ្រោះធម្មជាតិនេះបានជំរុញឲ្យមានការជម្លៀសប្រជាជនជាង ១០,០០០នាក់ ខណៈអាជ្ញាធរកំពុងប្រឹងប្រែងធានាសុវត្ថិភាពសាធារណៈ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ឥទ្ធិពលនៃព្យុះ Ragasa រួមផ្សំនឹងខ្យល់មូសុងនិរតី បាននាំឲ្យមានការផ្អាកការងារនៅតាមការិយាល័យរដ្ឋាភិបាល និងការសិក្សាគ្រប់កម្រិតនៅតំបន់ Metro Manila និងខេត្តចំនួន ២៩ កាលពីថ្ងៃចន្ទ។ យោងតាមការិយាល័យឧតុនិយមរដ្ឋរបស់ហ្វីលីពីន (PAGASA) ព្យុះនេះកំពុងឆ្ពោះទៅទិសខាងលិចក្នុងល្បឿន ២៥គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងកម្លាំងខ្យល់ ២១៥គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់កន្ត្រាក់រហូតដល់ ២៩៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយត្រូវបានគេរំពឹងថានឹងផ្លាស់ទីចេញពីតំបន់ដែនទទួលខុសត្រូវរបស់ហ្វីលីពីននៅព្រឹកថ្ងៃអង្គារ។
គួរបញ្ជាក់ថា ជាមធ្យមមានព្យុះទីហ្វុងប្រហែល ២០ វាយប្រហារប្រទេសហ្វីលីពីនជារៀងរាល់ឆ្នាំ។ ប្រជុំកោះមួយនេះងាយរងគ្រោះជាពិសេសដោយសារព្យុះស៊ីក្លូនត្រូពិច ដែលជារឿយៗនាំមកនូវភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងខ្យល់បក់បោកខ្លាំង ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរបួស ព្រមទាំងការបំផ្លិចបំផ្លាញដំណាំ និងទ្រព្យសម្បត្តិ៕