ទីក្រុងហុងកុង បិទសាលារៀន និងអាជីវកម្ម ខណៈកំពុងប្រឈមនឹងព្យុះទីហ្វុងដ៏មានឥទ្ធិពល Ragasa (Video inside)
23-09-2025 09:04
(ហុងកុង)៖ នៅថ្ងៃអង្គារ ទី២៣ ខែកញ្ញា ទីក្រុងហុងកុង ត្រូវប្រឈមនឹងព្យុះទីហ្វុង Ragasa ដែលជាព្យុះដ៏មានឥទ្ធិពលបំផុតមួយមិនធ្លាប់មានក្នុងរយៈពេលច្រើនឆ្នាំ ដោយបានបិទសាលារៀន និងអាជីវកម្មមួយចំនួន ខណៈជើងហោះហើរក្នុងតំបន់ភាគច្រើនត្រូវផ្អាកចាប់ពីយប់នេះរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នាយកដ្ឋានឧតុនិយមនៅហុងកុង បានឱ្យដឹងថា ព្យុះទីហ្វុង Ragasa ដែលផ្ទុកកម្លាំងខ្យល់ល្បឿន ២២០គីឡូម៉ែត្រក្នុងមួយម៉ោង កំពុងខិតមកជិតឆ្នេរសមុទ្រនៃខេត្តក្វាងទុងភាគខាងត្បូង ប្រទេសចិន។ ខ្យល់ព្យុះបោកបក់ឆ្នេរសមុទ្រ និងនៅលើដីគោកទំនងជាកេីតមានក្នុងទីក្រុងហុងកុងនៅថ្ងៃនេះ ជាមួយនិងភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រខ្ពស់។ នីវ៉ូទឹកសមុទ្រ អាចនឹងមានលក្ខណៈស្រដៀងទៅនឹងអ្វីដែលគេបានឃេីញអំឡុងព្យុះទីហ្វុង Hato ឆ្នាំ ២០១៧ និងព្យុះទីហ្វុង Mangkhut ឆ្នាំ ២០១៨ ដែលកាលណោះបានបណ្តាលឱ្យមានការខូចខាតគិតជាទឹកប្រាក់រាប់ពាន់លានដុល្លារ។
អាជ្ញាធរនៅក្នុងទីក្រុងហុងកុង នឹងបង្កើនសញ្ញាព្រមានអំពីព្យុះទីហ្វុងដល់កម្រិតខ្ពស់បំផុតទី ៣របស់ខ្លួននៅរសៀលថ្ងៃអង្គារ ដែលនឹងជំរុញឱ្យអាជីវកម្ម ក៏ដូចជាសេវាកម្មដឹកជញ្ជូនភាគច្រើនត្រូវបិទ។ ទន្ទឹមនេះជើងហោះហើរប្រហែល ៧០០រងការរំខាន។ កាលពីថ្ងៃចន្ទអាជ្ញាធរមូលដ្ឋានបានប្រគល់បាវខ្សាច់ឱ្យពលរដ្ឋនៅតំបន់ទំនាប ខណៈមនុស្សជាច្រើនទិញរបស់របរស្តុកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ដោយឡែកអ្នកស្រុកនៅក្នុងទីក្រុងម៉ាកាវ ក៏កំពុងប្រឈមមុខនឹងផលប៉ះពាល់ខ្លាំងផងដែរ ដោយមានផែនការបិទសាលារៀន និងការជម្លៀសចេញ។
គួរបញ្ជាក់ថា ព្យុះទីហ្វុង Ragasa បានបោកបក់កាត់ភាគខាងជើងប្រទេសហ្វីលីពីនកាលពីថ្ងៃចន្ទ ដោយជំរុញឱ្យប្រធានាធិបតី លោក Ferdinand Marcos Jr ដាក់បទបញ្ជាឱ្យភ្នាក់ងារឆ្លើយតបគ្រោះមហន្តរាយ តាមដានយ៉ាងយកចិត្តទុកដាក់ និងកោះប្រជុំទីភ្នាក់ងាររដ្ឋាភិបាលទាំងអស់៕