លោកខាងលិច និងរុស្ស៉ី តឹងសសៃកដាក់គ្នានៅឯ UN ជុំវិញបញ្ហាបំពានដែនអាកាសរបស់សមាជិក NATO (Video inside)
23-09-2025 10:15
(ញូវយ៉ក)៖ នៅឯអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បក្សសម្ព័ន្ធណាតូ (NATO) បានចោទប្រកាន់រុស្ស៉ី អំពីការបំពានដែនអាកាសនៃសមាជិករបស់ខ្លួន ដូចជាអេស្តូនី និងប៉ូឡូញ ខណៈដែលរុស្ស៉ីចាត់ទុកជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែកញ្ញា ឆ្នាំ ២០២៥។
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Yvette Cooper និយាយថា សកម្មភាពមិនប្រុងប្រយ័ត្នរបស់រុស្ស៉ីនាំហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយអាវុធដោយផ្ទាល់រវាងណាតូ និងរុស្ស៉ី។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោកស្រី Andrii Sybiha និយាយថា សកម្មភាពរបស់ទីក្រុងមូស្គូគួរតែត្រូវបានឆ្លើយតបយ៉ាងរឹងមាំ និងការបន្តផ្តល់ឱ្យទីក្រុងកៀវ ដើម្បីធ្វើសមាហរណកម្មការការពារដែនអាកាសរបស់ខ្លួន។
បេសកជនថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅ UN លោក Michael Waltz បាននិយាយថា ទីក្រុងមូស្គូ ត្រូវលុបបំបាត់ភាពតានតឹង មិនមែនធ្វើឱ្យកាន់តែតានតឹងនោះទេ។ ចំណែក ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៉ីប្រចាំនៅ UN លោក Dmytry Polyanskiy បាននិយាយថា គ្មានភស្តុតាងណាមួយសម្រាប់ការអះអាងនេះទេ ហេីយវាជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន។
គួរបញ្ជាក់ថា ថ្មីៗនេះ ដ្រូនរបស់រុស្ស៉ីជាង ២០គ្រឿងបានបំពានចូលដែនអាកាសប៉ូឡូញ អំឡុងការវាយប្រហារលេីអ៊ុយក្រែន ដែលនាំឱ្យយន្តហោះរបស់អង្គការណាតូបាញ់ទម្លាក់បានមួយចំនួន។ អេស្តូនី កាលពីថ្ងៃសុក្រសប្តាហ៍មុន បានអះអាងថាយន្តហោះចម្បាំងរុស្ស៉ី MiG-31 ចំនួន ៣គ្រឿងបានហោះចូលដែនអាកាសរបស់ខ្លួនដោយគ្មានការអនុញ្ញាត ហើយស្ថិតនៅលេីដែនអាកាសរយៈពេល ១២នាទីមុនពេលត្រូវបានបង្ខំឱ្យចាកចេញ៕