មហាសេដ្ឋីអាមេរិក Bill Gates សន្យាផ្តល់ថវិកា ៩១២លានដុល្លារដេីម្បីប្រយុទ្ធប្រឆាំងជំងឺជាសកល និងអំពាវឱ្យរដ្ឋាភិបាលគិតឡេីងវិញអំពីការកាត់បន្ថយមូលនិធិសុខភាពពិភពលោក (Video inside)

23-09-2025 11:44

(ញូវយ៉ក)៖ មូលនិធិ Gates នឹងផ្តល់ថវិកាចំនួន ៩១២លានដុល្លារដល់មូលនិធិសកលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ ដោយមហាសេដ្ឋី លោក Bill Gates បានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះ ជាមួយការជំរុញឱ្យរដ្ឋាភិបាលគិតឡេីងវិញទាក់ទងនឹងការកាត់បន្ថយមូលនិធិសុខភាពពិភពលោក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គា រ ទី២៣ ខែកញ្ញា ឆ្នាំ ២០២៥។

ថ្លែងក្នុងព្រឹត្តិការណ៍ Reuters Newsmaker នៅទីក្រុងញូវយ៉ក លោក Gates និយាយថា ពិភពលោកស្ថិតនៅលេីផ្លូវបំបែក ដោយកុមាររាប់លាននាក់ប្រឈមនឹងហានិភ័យនៃការស្លាប់ ប្រសិនបើមូលនិធិធ្លាក់ចុះខ្លាំងពេក។ ក្មេងដែលកើតនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ាមានឱកាស ១៥ភាគរយនៃការស្លាប់មុនអាយុ ៥ឆ្នាំ។

លោក Gates គូសបញ្ជាក់ថា «ខ្ញុំគ្មានសមត្ថភាពបំពេញចន្លោះដែលរដ្ឋាភិបាលកាត់បន្ថយទេ ហើយក៏មិនចង់បង្កើតឱ្យមានការភាន់ច្រឡំណាមួយអំពីរឿងនោះដែរ»។ លោកបន្ថែមថា អ្វីដែលកើតឡើង ចំពោះសុខភាពកុមារក្នុងពិភពលោកគឺអាក្រក់ ជាងមនុស្សភាគច្រើនបានដឹង​ ហេីយការគិតទុករយៈពេលវែងមានផលល្អជាងមនុស្សភាគច្រើនស្រមៃទៅទៀត។

គួរបញ្ជាក់ថា យោងតាមវិទ្យាស្ថានសម្រាប់ការវាស់ស្ទង់ និងវាយតម្លៃអំពីសុខភាពដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ជំនួយអភិវឌ្ឍសកលបានធ្លាក់ចុះ ២១ភាគរយចន្លោះឆ្នាំ ២០២៤និង២០២៥ ហើយឥឡូវនេះស្ថិតក្នុងកម្រិតទាបរយៈពេល ១៥ឆ្នាំ៕