ប្រមុខការទូតអាមេរិក កូរ៉េខាងត្បូង និងជប៉ុន សម្តែងក្តីបារម្ភ ទាក់ទងនឹងច្រកសមុទ្រតៃវ៉ាន់ (Video inside)

23-09-2025 13:54

(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភអំពីសកម្មភាពអស្ថិរភាពជុំវិញកោះតៃវ៉ាន់ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយបន្ទាប់ពីកិច្ចប្រជុំ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែកញ្ញា ឆ្នាំ ២០២៥។

នៅក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្រ្តីការបរទេសទាំង ៣ ក៏បានសម្តែងការប្រឆាំងយ៉ាងខ្លាំងចំពោះការទាមទារចំណែកដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង និងការប៉ុនប៉ងប្រេីកម្លាំងដេីម្បីអនុវត្តសកម្មភាពទាមទារ។ សេចក្តីថ្លែងការណ៍នេះមិនបានលេីកពីប្រទេសចិនទេ ប៉ុន្តែវាកើតឡើងចំពេលដែលមានភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៉ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនជុំវិញដែនទឹកមានជម្លោះនៃសមុទ្រចិនខាងត្បូង។

ក្រសួងការបរទេសតៃវ៉ាន់ បានស្វាគមន៍ចំពោះក្តីបារម្ភនេះ ដោយនិយាយថានឹងសហការជាមួយសហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ក៏ដូចជាដៃគូដែលមានចិត្តគំនិតដូចគ្នាផ្សេងទៀត ដើម្បីធានាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ និងឥណ្ឌូប៉ាស៊ីហ្វិក។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Iwaya Takeshi បានជួបប្រជុំគ្នានៅទីក្រុងញូវយ៉ក កាលពីថ្ងៃចន្ទសប្តាហ៍នេះ៕