កងការពារដែនអាកាសរុស្ស៉ី បាញ់ទម្លាក់ដ្រូនជាច្រេីនគ្រឿងរបស់អ៊ុយក្រែន​ ដែលសំដៅទៅទីក្រុងមូស្គូ និងតំបន់ផ្សេងទៀត (Video inside)

23-09-2025 15:11

(មូស្គូ)៖ ក្រុមមន្ត្រីនិយាយថា កងការពារដែនអាកាសរបស់រុស្ស៊ី នៅចន្លោះយប់ថ្ងៃចន្ទ និងព្រឹកថ្ងៃអង្គារនេះ បានបាញ់ទម្លាក់យន្តហោះដ្រូនអ៊ុយក្រែនចំនួន ៣៣គ្រឿងដែលឆ្ពោះមកទីក្រុងមូស្គូ ក៏ដូចជាច្រេីនគ្រឿងទៀតនៅតំបន់គ្រីមៀ និងផ្នែកផ្សេងទៀតនៃភាគខាងលិចនៃប្រទេសរុស្ស៉ី។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ ២០២៥។

អភិបាលក្រុងមូស្គូ លោក Sergei Sobyanin និយាយថា ដ្រូនត្រូវបានបំផ្លាញនៅពេលហោះឆ្ពោះមកកាន់ទីក្រុងក្នុងរយៈពេលប្រហែល ១២ម៉ោង។ ពេលនេះក្រុមអ្នកជំនាញកំពុងពិនិត្យកម្ទេចកម្ទីដ្រូនដែលធ្លាក់។ ក្រុមហ៊ុនអាកាសចរណ៍ជាតិរុស្ស៉ី Aeroflot បានឱ្យដឹងថាជើងហោះហើរត្រូវបានពន្យារពេល និងលុបចោលនៅអាកាសយានដ្ឋាន Sheremetyevo នៃទីក្រុងមូស្គូ ដែលមានអ្នកដំណើរច្រេីនបំផុត ហេីយនឹងបេីកដំណើរការឡើងវិញទាំងស្រុងនៅយប់ថ្ងៃអង្គារ។

នៅឯតំបន់គ្រីមៀ ដ្រូន ៦គ្រឿងត្រូវបានបំផ្លាញនៅក្បែរកំពង់ផែ ខណៈកម្ទេចកម្ទីនៃដ្រូនបានធ្លាក់បង្កជាអគ្គីភ័យ ប៉ុន្តែត្រូវបានពន្លត់ទាន់ពេល។ ចំណែក ដ្រូន​ ៣គ្រឿងត្រូវបានបាញ់ទម្លាក់នៅតំបន់ Tula ភាគកណ្តាលរុស្ស៉ី ដោយមិនបង្កការខូចខាត ឬមានអ្នករងរបួសនោះទេ។

តាមក្រសួងការពារជាតិរុស្ស៉ី ដ្រូនអ៊ុយក្រែនចំនួន ៨១គ្រឿងត្រូវបាន​បាញ់ស្ទាក់នៅពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទ និង ៦៩គ្រឿងនៅវេលាទាបភ្លឺថ្ងៃអង្គារ។ Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍ដោយឯករាជ្យបានទេ ៕