ប្រមុខ UN៖ ការបដិសេធមិនឲ្យមានរដ្ឋប៉ាឡេស្ទីន គឺជា «អំណោយសម្រាប់ក្រុមជ្រុលនិយមនៅគ្រប់ទីកន្លែង»
23-09-2025 19:13
(ញូវយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូតឺរ៉េស បានអំពាវនាវកាលពីថ្ងៃចន្ទឲ្យមាន «វឌ្ឍនភាពដែលមិនអាចត្រឡប់ថយក្រោយបាន» ឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ ដើម្បីបញ្ចប់ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ដោយព្រមានថាការខកខានក្នុងការធ្វើសកម្មភាព នឹងធ្វើឲ្យវិបត្តិ «ដែលមិនអាចទទួលយកបាន» នេះ កាន់តែអូសបន្លាយ និងដុនដាបទៅៗ។
ថ្លែងនៅក្នុងសន្និសីទអន្តរជាតិកម្រិតខ្ពស់មួយនៅឯទីស្នាក់ការ UN លោកបានមានប្រសាសន៍ថា ជម្លោះរ៉ាំរ៉ៃនេះបានឈានដល់ចំណុច «ដែលមិនអាចទទួលយកបានទាំងផ្នែកសីលធម៌ ផ្លូវច្បាប់ និងនយោបាយ»។ លោក ហ្គូតឺរ៉េស បានបន្ថែមថា «យើងនៅទីនេះថ្ងៃនេះ ដើម្បីជួយរកផ្លូវចេញតែមួយគត់ពីសុបិន្តអាក្រក់នេះ» ដោយសង្កត់ធ្ងន់លើចក្ខុវិស័យនៃរដ្ឋឯករាជ្យពីរ គឺអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលរួមរស់ជាមួយគ្នាដោយសន្តិភាព។
លោក ហ្គូតឺរ៉េស បានថ្កោលទោសម្តងទៀតចំពោះការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ និងបានទាមទារឲ្យមានការដោះលែងចំណាប់ខ្មាំងជាបន្ទាន់។ ទន្ទឹមគ្នានេះ លោកក៏បានថ្កោលទោសចំពោះការវាយប្រហារសងសឹកដែលនាំរក «ការបំផ្លិចបំផ្លាញជាប្រព័ន្ធ» នៅតំបន់ហ្កាហ្សា ដោយបញ្ជាក់ថា «គ្មានអ្វីអាចដោះសាឲ្យការដាក់ទណ្ឌកម្មជាសមូហភាពលើប្រជាជនប៉ាឡេស្ទីន ឬការបោសសម្អាតជាតិសាសន៍គ្រប់ទម្រង់បានឡើយ»។
គួរបញ្ជាក់ថា លោក ហ្គូតឺរ៉េស បានព្រមានថា ការបន្តពង្រីកការតាំងទីលំនៅរបស់អ៊ីស្រាអែល និងតំបន់ West Bank គឺជា «ការគំរាមកំហែងដល់ការរស់រានមានជីវិត» នៃដំណោះស្រាយរដ្ឋពីរ។ លោកបានសង្កត់ធ្ងន់ថា «ការបង្កើតរដ្ឋសម្រាប់ប៉ាឡេស្ទីនគឺជាសិទ្ធិ មិនមែនជារង្វាន់ទេ។ ការបដិសេធមិនឲ្យមានរដ្ឋ គឺជាអំណោយសម្រាប់ក្រុមជ្រុលនិយមនៅគ្រប់ទីកន្លែង»៕