លោក ម៉ាក្រុង៖ «ពេលវេលាបានមកដល់ហើយ» ខណៈបារាំង និងប្រទេសជាច្រើនទៀតទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
23-09-2025 19:30
(ញូវយ៉ក)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានទទួលការទះដៃអបអរសាទរយ៉ាងកងរំពងកាលពីថ្ងៃចន្ទ ក្រោយប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ ដោយចាត់ទុកថាជាជំហាន «ជាប្រវត្តិសាស្ត្រ និងចាំបាច់» ដើម្បីបញ្ចប់ជម្លោះ និងបង្កើតសន្តិភាពយូរអង្វែងនៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងនៅក្នុងសន្និសីទអន្តរជាតិមួយដែលសហការរៀបចំដោយបារាំង និងអារ៉ាប៊ីសាអូឌីត លោកបានប្រកាសថា «ពេលវេលាបានមកដល់ហើយ» ដើម្បីបញ្ចប់សង្គ្រាមនៅហ្កាហ្សា, ដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ៤៨នាក់ដែលនៅសេសសល់ និងស្តារដំណោះស្រាយរដ្ឋពីរឡើងវិញ។ លោកបានបន្ថែមថា «គ្មានអ្វីអាចដោះសាឲ្យសង្គ្រាមដែលកំពុងបន្តនៅហ្កាហ្សាបានឡើយ។ ផ្ទុយទៅវិញ អ្វីៗគ្រប់យ៉ាងតម្រូវឲ្យយើងបញ្ចប់វាជាដាច់ខាត»។
ទោះជាយ៉ាងនេះក្តី លោក ម៉ាក្រុង បានថ្កោលទោសយ៉ាងខ្លាំងក្លាជាថ្មីម្តងទៀត ចំពោះការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយហៅវាថា «ជាការវាយប្រហារភេរវកម្មដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល»។ លោកបានសង្កត់ធ្ងន់ថា «ការទទួលស្គាល់នេះគឺជាការបរាជ័យសម្រាប់ក្រុមហាម៉ាស» និងសម្រាប់អ្នកដែលចង់បំផ្លាញរដ្ឋអ៊ីស្រាអែល។
គួរបញ្ជាក់ថា តាមរយៈការទទួលស្គាល់នេះ បារាំងបានចូលរួមជាមួយចលនាអន្តរជាតិមួយដែលកាន់តែទូលំទូលាយ។ លោក ម៉ាក្រុង បានបញ្ជាក់ថា ប្រទេសជាច្រើនទៀតរួមមាន អង់ដូរ៉ា, អូស្ត្រាលី, បែលហ្ស៊ិក, កាណាដា, លុចសំបួ, ម៉ាល់តា, ម៉ូណាកូ, ព័រទុយហ្គាល់, ចក្រភពអង់គ្លេស និងសានម៉ារីណូ ក៏បានសម្រេចទទួលស្គាល់រដ្ឋប៉ាឡេស្ទីនផងដែរ។ នៅក្នុងកិច្ចប្រជុំនោះ បារាំង និងអារ៉ាប៊ីសាអូឌីត បានដាក់ចេញផែនការសន្តិភាពមួយឈ្មោះថា «សេចក្ដីប្រកាសទីក្រុងញូវយ៉ក» ដែលត្រូវបានអនុម័តដោយសំឡេងភាគច្រើនលើសលប់៕