អ៊ុយក្រែនអះអាងថា បានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់រុស្ស៊ីនៅតំបន់ Bryansk និង Samara
23-09-2025 20:23
(កៀវ)៖ អគ្គសេនាធិការនៃកងកម្លាំងអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារថា យោធារបស់ខ្លួនបានបើកការវាយប្រហារទៅលើទីតាំងចែកចាយប្រេងរបស់រុស្ស៊ីចំនួនពីរនៅតំបន់ Bryansk និង Samara កាលពីយប់មិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសេចក្តីថ្លែងការណ៍តាមរយៈ Telegram អគ្គសេនាធិការបានបញ្ជាក់ថា នៅតំបន់ Samara យោធាអ៊ុយក្រែនបានវាយប្រហារលើស្ថានីយផលិតកម្មមួយខ្សែ ដែលលាយប្រេងឆៅរបស់រុស្ស៊ីប្រភេទ Urals សម្រាប់នាំចេញ។ ចំណែកឯនៅតំបន់ Bryansk វិញ គោលដៅគឺជាស្ថានីយផលិតកម្មនៃបំពង់ប្រេងមួយខ្សែ ដែលមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការផ្គត់ផ្គង់ដល់កងទ័ពរុស្ស៊ី។ សេចក្តីថ្លែងការណ៍បានបន្ថែមថា «ទំហំនៃការខូចខាតកំពុងត្រូវបានកំណត់»។
ក្រសួងការពារជាតិរុស្ស៊ីបានអះអាងតាមរយៈ Telegram ថា អង្គភាពរបស់ខ្លួនបានបំផ្លាញដ្រូនអ៊ុយក្រែននៅពីលើតំបន់ Bryansk និង Samara ប៉ុន្តែមិនមានការអត្ថាធិប្បាយជាសាធារណៈភ្លាមៗអំពីការខូចខាតនោះទេ។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អ៊ុយក្រែនបានបន្តយុទ្ធនាការវាយប្រហារដោយដ្រូនរយៈចម្ងាយឆ្ងាយរបស់ខ្លួនលើទីតាំងផលិតប្រេងរបស់រុស្ស៊ីជាបន្តបន្ទាប់ ដើម្បីព្យាយាមកាត់បន្ថយចំណូលពីការនាំចេញ និងការផ្គត់ផ្គង់នៅជួរមុខរបស់ទីក្រុងមូស្គូ។ ក្រៅពីនេះ អគ្គសេនាធិការអ៊ុយក្រែនក៏បានអះអាងផងដែរថា កងទ័ពរបស់ខ្លួនបានវាយប្រហារលើអាកាសយានដ្ឋានយោធាមួយកន្លែងនៅតំបន់គ្រីមៀដែលត្រូវបានរុស្ស៊ីកាន់កាប់ ដោយបានធ្វើឲ្យយន្តហោះចំនួន ២គ្រឿងរងការខូចខាត៕