លោក ត្រាំ នឹងថ្លែងសុន្ទរកថានៅមហាសន្និបាត UN ខណៈសម្ព័ន្ធមិត្តរង់ចាំចម្លើយជុំវិញបញ្ហាអ៊ុយក្រែន និងប៉ាឡេស្ទីន
23-09-2025 20:32
(ញូវយ៉ក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងថ្លែងសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក នាថ្ងៃអង្គារនេះ នៅក្នុងពេលវេលាមួយដែលទំនាក់ទំនងអន្តរជាតិកំពុងមានភាពចម្រូងចម្រាស បន្ទាប់ពីបារាំងបានចូលរួមជាមួយចក្រភពអង់គ្លេស កាណាដា អូស្ត្រាលី និងព័រទុយហ្គាល់ ក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សុន្ទរកថានេះនឹងក្លាយជាសុន្ទរកថាមួយដែលគេទន្ទឹងរង់ចាំបំផុត ខណៈសម្ព័ន្ធមិត្ត និងគូប្រជែងរបស់អាមេរិក កំពុងរង់ចាំស្ដាប់នូវអ្វីដែលលោកប្រធានាធិបតីនឹងនិយាយ អំពីកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្កាហ្សា និងនៅអ៊ុយក្រែន។ នេះក៏ជាលើកទីមួយដែរ ដែលលោក ត្រាំ វិលត្រឡប់មកកាន់វេទិកា UN វិញ ចាប់តាំងពីចាប់ផ្ដើមអាណត្តិទីពីររបស់លោកកាលពីខែមករា។
គួរបញ្ជាក់ថា មន្ត្រីអង្គការសហប្រជាជាតិក៏កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ផងដែរ ថាតើនឹងមានការកាត់ផ្ដាច់ជំនួយហិរញ្ញវត្ថុបន្ថែមទៀតពីសហរដ្ឋអាមេរិក ដែលជាម្ចាស់ជំនួយធំជាងគេរបស់ពួកគេដែរឬទេ។ ក្នុងអំឡុងខែដំបូងៗនៃអាណត្តិរបស់លោក ត្រាំ រដ្ឋបាលរបស់លោកបានកាត់បន្ថយការចំណាយលើជំនួយអន្តរជាតិ និងបានដកខ្លួនចេញពីអង្គការអន្តរជាតិមួយចំនួនដូចជា អង្គការសុខភាពពិភពលោក (WHO) និងក្រុមប្រឹក្សាសិទ្ធិមនុស្ស៕