EU និង WHO ច្រានចោលការអះអាងរបស់លោក ត្រាំ ដែលភ្ជាប់ថ្នាំប៉ារ៉ាសេតាម៉ុលនឹងជំងឺអូទីសឹម (Video inside)

23-09-2025 21:21

(ព្រុចសែល)៖ សហភាពអឺរ៉ុប និងអាជ្ញាធរសុខាភិបាលអង់គ្លេស បានចេញមុខបញ្ជាក់ជាថ្មីកាលពីថ្ងៃអង្គារ អំពីសុវត្ថិភាពនៃការប្រើប្រាស់ថ្នាំប៉ារ៉ាសេតាម៉ុលអំឡុងពេលមានផ្ទៃពោះ ដោយបានបដិសេធទាំងស្រុងនូវការព្រមានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានភ្ជាប់ថ្នាំបំបាត់ការឈឺចាប់ដ៏ពេញនិយមនេះទៅនឹងជំងឺអូទីសឹម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការចេញមុខបកស្រាយនេះធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃចន្ទ លោក ត្រាំ បានលើកឡើងពីទំនាក់ទំនងរវាងជំងឺអូទីសឹម ទៅនឹងការចាក់វ៉ាក់សាំងកុមារ និងការប្រើប្រាស់ថ្នាំ Tylenol (ឈ្មោះម៉ាកប៉ារ៉ាសេតាម៉ុលនៅអាមេរិក) ដោយស្ត្រីមានផ្ទៃពោះ។ ឆ្លើយតបនឹងបញ្ហានេះ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ភស្តុតាងនៃទំនាក់ទំនងនេះនៅតែ «មិនស៊ីសង្វាក់គ្នា» ហើយបានជំរុញឲ្យមានការប្រុងប្រយ័ត្នក្នុងការទាញសេចក្តីសន្និដ្ឋាន។

ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) បានបញ្ជាក់ថា មិនមានភស្តុតាងថ្មីណាមួយ ដែលតម្រូវឲ្យមានការផ្លាស់ប្តូរការណែនាំបច្ចុប្បន្នឡើយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ EMA បាននិយាយថា «ភស្តុតាងដែលមាន បានរកឃើញថាគ្មានទំនាក់ទំនងរវាងការប្រើប្រាស់ថ្នាំប៉ារ៉ាសេតាម៉ុលអំឡុងពេលមានផ្ទៃពោះ និងជំងឺអូទីសឹមនោះទេ» ដោយបន្ថែមថា ថ្នាំនេះអាចប្រើប្រាស់បាននៅពេលចាំបាច់ ក្នុងកម្រិតទាបបំផុតដែលមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា ការផ្តល់ដំបូន្មានរបស់លោក ត្រាំ ដែលធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមាន គឺផ្ទុយទាំងស្រុងពីគោលការណ៍របស់សមាគមវេជ្ជសាស្ត្រ។ លោក Viktor Ahlqvist អ្នកនិពន្ធនាំមុខនៃការសិក្សាវិទ្យាសាស្ត្រដ៏ធំបំផុតលើប្រធានបទនេះ បាននិយាយថា រដ្ឋបាលលោក ត្រាំ «ហាក់ដូចជាមានការយល់ខុសលើភស្តុតាងដែលមាន»។ ទន្ទឹមគ្នានេះ អ្នកនាំពាក្យ WHO លោក Tarik Jasarevic បានសង្កត់ធ្ងន់ថា វ៉ាក់សាំងមិនមែនជាមូលហេតុបង្កជំងឺអូទីសឹមនោះទេ ដោយបន្ថែមថា «នេះគឺជាអ្វីដែលវិទ្យាសាស្ត្របានបង្ហាញឲ្យឃើញរួចហើយ ហើយរឿងទាំងនេះមិនគួរត្រូវបានលើកជាចម្ងល់ឡើយ»