ជាការផ្លាស់ប្ដូរវោហាសាស្ត្រ លោក ត្រាំ ថាអ៊ុយក្រែនអាចដណ្ដើមយកទឹកដីទាំងអស់របស់ខ្លួនពីរុស្ស៉ីមកវិញ (Video inside)

24-09-2025 09:06

(យូអិន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្លាស់ប្ដូរវោហាសាស្ត្ររបស់លោកអំពីសង្រ្គាមនៅអ៊ុយក្រែន ដោយនិយាយថាអ៊ុយក្រែនអាចវាយដណ្ដើមយកទឹកដីរបស់ខ្លួនទាំងអស់ ដែលរុស្ស៉ីដណ្ដើមគ្រប់គ្រង ចាប់តាំងពីការឈ្លានពានផ្ទុះឡើងត្រឡប់មកវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ ធ្វើការកត់សម្គាល់ខាងលើក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃអង្គារ ទី២៣ ខែកញ្ញា បន្ទាប់ពីរូបលោកជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នាឱកាសចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។ កន្លងមក លោក ត្រាំ ធ្លាប់បាននិយាយថាទាំងទីក្រុងកៀវ និងទីក្រុងមូស្គូត្រូវតែធ្វើសម្បទានទឹកដីដើម្បីបិទបញ្ចប់ សង្រ្គាម។ ក្នុងការបង្ហោះរបស់លោក លោក ត្រាំ បានសរសេរដូច្នេះថា «បន្ទាប់ពីបានមើលឃើញរុស្ស៉ីជួបបញ្ហាសេដ្ឋកិច្ចដោយសង្រ្គាម ខ្ញុំគិតថាអ៊ុយក្រែនដោយមានការគាំទ្រពីសហភាពអឺរ៉ុប កំពុងស្ថិត នៅលើទីតាំងមួយដើម្បីប្រយុទ្ធ និងអាចដណ្ដើមបានទឹកដីរបស់ខ្លួនទាំងអស់មកវិញ»។ ប៉ុន្តែមិនទាន់មានសញ្ញាបង្ហាញថាពាក្យសម្ដីបែបនេះរបស់លោក ត្រាំ គឺជាការផ្លាស់ប្ដូរគោលនយោបាយណាមួយ របស់សហរដ្ឋអាមេរិកនោះទេ។

គួរបញ្ជាក់ថា តាមរយ​ៈការលើកឡើងរបស់លោក ត្រាំ វានឹងតម្រូវ​ឱ្យអ៊ុយក្រែនវាយបណ្ដេញកងទ័ពរុស្ស៉ីដែលកំពុងគ្រប់គ្រង២០ភាគរយនៃទឹកដីអ៊ុយក្រែន ក្នុងនោះរួមមានតំបន់គ្រីមៀដែលរុស្ស៉ីកាន់កាប់ ចាប់តាំងពីឆ្នាំ២០១៤មក៕