លោក ហ្សេលេនស្គី គិតថាលោក ត្រាំ អាចជួយផ្លាស់ប្ដូរគោលជំហររបស់ចិន ចំពោះសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន (Video inside)

24-09-2025 09:26

(Reuters)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអង្គារ ទី២៣ ខែកញ្ញា បាននិយាយថារូបលោកផ្ទាល់ជឿថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចជួយបញ្ចុះបញ្ចូលឱ្យលោកប្រធានាធិបតីចិន ស៊ី ជីនពីង ផ្លាស់ប្ដូរគោលជំហរចំពោះសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News បន្ទាប់ពីបានជួបពិភាក្សាជាមួយលោក ត្រាំ នាឱកាសចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាលោកប្រធានាធិបតី ត្រាំ អាចជួយផ្លាស់ប្ដូរគោលជំហររបស់លោក ស៊ី ជីនពីងចំពោះសង្រ្គាមនេះ ហើយក៏ព្រោះតែចិន យើងមិនគិតនោះទេថាចិនចង់ឱ្យសង្រ្គាមនេះចប់»។ លោកបន្ថែមថា «ខ្ញុំគិតថាយើងត្រូវតែធ្វើអ្វីៗគ្រប់យ៉ាងដើម្បីកុំឱ្យឥណ្ឌាដកខ្លួនចេញ ហើយពួកគេអាចនឹងផ្លាស់ប្ដូរគោលជំហររបស់ពួកគេចំពោះវិស័យថាមពលរុស្ស៉ី។ ប៉ុន្តែចំពោះចិន វាជារឿងដ៏លំបាក ដ្បិតសព្វថ្ងៃ វាមិនមែនជាប្រយោជន៍របស់ពួកគេនោះទេដែលត្រូវបញ្ឈប់ការគាំទ្ររុស្ស៉ី»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានចាត់ទុកចិន និងឥណ្ឌា គឺជាអ្នកចូលរួមចំណែងដ៏សំខាន់ក្នុងសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន ដោយសារតែប្រទេសទាំង២នៅតែបន្តទិញប្រេងពីរុស្ស៉ី។ ប្រភពមួយ បានប្រាប់ Reuters ថាលោក ត្រាំ បានជំរុញឱ្យសហភាពអឺរ៉ុបដំឡើងពន្ធគយ ១០០ភាគរយលើចិន ជាការកំញើញកុំឱ្យប៉េកាំងទិញប្រេងពីរុស្ស៉ី ហើយលោកក៏បានអំពាវនាវឱ្យដំឡើងពន្ធគយ ដូចគ្នានេះលើឥណ្ឌាផងដែរ៕