លោក ម៉ាក្រុង៖ ប្រសិនបើលោក ត្រាំ ចង់ឈ្នះពានរង្វាន់ណូបែលសន្តិភាព ត្រូវតែបញ្ចប់សង្រ្គាមនៅហ្កាហ្សា (Video inside)
24-09-2025 10:05
(Reuters)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយកាលពីថ្ងៃអង្គារ ទី២៣ ខែកញ្ញា ថាប្រសិនបើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពិតជាចង់ឈ្នះពានរង្វាន់ណូបែលសន្តិភាព ពិតមែន នោះលោកចាំបាច់ត្រូវតែបញ្ចប់សង្រ្គាមនៅហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង BFM TV នាឱកាសចូលរួមសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក លោក ម៉ាក្រុង បានសង្កត់ធ្ងន់ថាមានតែលោក ត្រាំ តែម្នាក់គត់ដែល អាចដាក់សម្ពាធលើអ៉ីស្រាអែលឱ្យបញ្ចប់សង្រ្គាម។ «មានមនុស្សតែម្នាក់គត់ដែលអាចធ្វើរឿងនេះបាន នោះគឺប្រធានាធិបតីអាមេរិក។ ហើយហេតុផលដែលលោកអាចធ្វើយ៉ាងមានប្រសិទ្ធភាពជាងពួកយើង ក៏ព្រោះតែ យើងមិនបានផ្គត់ផ្គង់អាវុធដែលអាចឱ្យសង្រ្គាមនៅហ្កាហ្សាបន្តកើតឡើងឡើយ។ តែសហរដ្ឋអាមេរិកបាន និងកំពុងផ្គត់ផ្គង់អាវុធ (ឱ្យអ៉ីស្រាអែល)»។ នេះជាការលើកឡើងរបស់លោក ម៉ាក្រុង ដោយបន្ថែមថាលោក ត្រាំ តែងតែនិយាយថាចង់បានសន្តិភាព ដោះស្រាយបញ្ចប់ជម្លោះ និងចង់ឈ្នះពានរង្វាន់ណូបែលសន្តិភាព។ ដូច្នេះលោក ត្រាំអាចនឹងឈ្នះពានរង្វាន់ណូបែលសន្តិភាព ប្រសិនបើលោកបញ្ចប់សង្រ្គាមនៅហ្កាហ្សា។
គួរបញ្ជាក់ថា មកនឹងពេលនេះ ប្រទេសជាច្រើនក្នុងនោះរួមមាន កម្ពុជា អ៉ីស្រាអែល និងប៉ាគីស្ថាន បានតែងតាំងលោក ត្រាំ ជាបេក្ខភាពពានរង្វាន់ណូបែលសន្តិភាព សម្រាប់ការជួយស្វែងរកកិច្ចព្រមព្រៀងសន្តិភាព ឬបទឈប់បាញ់៕