នៅឯ UN មេដឹកនាំកូរ៉េខាងត្បូង ប្តេជ្ញាបន្ធូរបន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង (Video inside)

24-09-2025 11:00

(ញូវយ៉ក)៖ កាលពីថ្ងៃអង្គារ ទី២៣ ខែកញ្ញា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានប្តេជ្ញាបញ្ចប់វដ្តដ៏អាក្រក់នៃភាពតានតឹងផ្នែកយោធាជាមួយកូរ៉េខាងជើង ក្នុងបំណងសម្រេចបាននូវការរួមរស់ដោយសន្តិភាព និងចែករំលែកភាពរីកចម្រើនជាមួយគ្នា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងសុន្ទរកថាលើកដំបូងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ លោក Lee បានសង្កត់ធ្ងន់លើចក្ខុវិស័យរបស់លោក ទាក់ទងនឹងដំណោះស្រាយជាដំណាក់កាលៗ ចំពោះបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ដោយផ្អែកលើការយល់ឃើញដែលថា បញ្ហារំសាយអាវុធនុយក្លេអ៊ែរ មិនអាចសម្រេចបានក្នុងរយៈពេលខ្លីនោះទេ។ លោក Lee និយាយថា ទីក្រុងសេអ៊ូលនឹងរកវិធីសាស្រ្តជាប់លាប់មួយ ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធា និងស្តារទំនុកចិត្តអន្តរកូរ៉េឡើងវិញ ហើយបានលើកពីសកម្មភាពនាពេលថ្មីៗ ដូចជាឈប់ឱ្យមានការបង្ហោះខិតប័ណ្ណរិះគន់ និងការផ្សព្វផ្សាយតាមឧបករណ៍បំពងសម្លេង ទៅកាន់កូរ៉េខាងជើងជាដើម។

គួរបញ្ជាក់ថា មុនពេលមានសុន្ទរកថារបស់ លោក Lee មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា លោកនឹងមិនចូលរួមក្នុងការចរចាណាមួយជាមួយកូរ៉េខាងត្បូងឡើយ ប៉ុន្តែថាគ្មានហេតុផលដើម្បីចៀសវាងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក ប្រសិនបើក្រុងវ៉ាស៉ីនតោនឈប់ទទូច ឱ្យកូរ៉េខាងជើងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ៕