វៀតណាម នឹងបន្តការចរចាពន្ធជាមួយសហរដ្ឋអាមេរិក ខណៈស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀត (Video inside)
24-09-2025 11:50
(ហាណូយ)៖ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានឱ្យដឹងថា វៀតណាមនឹងបន្តកិច្ចចរចាពន្ធគយជាមួយសហរដ្ឋអាមេរិក ខណៈកំពុងស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយទីផ្សារដទៃទៀត ដោយបន្ថែមថាប្រទេសនេះ កំណត់គោលដៅកំណើននៃការនាំចេញចំនួន ១២ភាគរយសម្រាប់ឆ្នាំ ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ ២០២៥។
តាមរយៈសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់រដ្ឋាភិបាល នាថ្ងៃពុធនេះ លោក Pham Minh Chinh និយាយថា វៀតណាម មានបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្លុកទីផ្សារអាមេរិកខាងត្បូង (Mercosur) និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅក្នុងត្រីមាសទី ៤នៃឆ្នាំនេះ។ Mercosur មានសមាជិកដូចជា ប្រេស៉ីល អាហ្សង់ទីន ប៉ារ៉ាហ្កាយ និងអ៊ុយរូហ្កាយ រួមទាំងបូលីវីដែលកំពុងស្នើចូលជាសមាជិក។
សហរដ្ឋអាមេរិក ដែលជាទីផ្សារធំបំផុតរបស់វៀតណាម បានយកពន្ធ ២០ភាគរយលើទំនិញវៀតណាម ចាប់តាំងពីថ្ងៃទី ៧ ខែសីហាមក ខណៈដែលការដឹកជញ្ជូនពីប្រទេសទី ៣ ឆ្លងកាត់វៀតណាមប្រឈមនឹងពន្ធ ៤០ភាគរយ។ តាមការប៉ាន់ប្រមាណដោយកម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ ពន្ធគយអាមេរិក នាំមកនូវហានិភ័យនៃការកាត់បន្ថយ រហូតដល់មួយភាគប្រាំនៃការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក ដែលធ្វើឱ្យវៀតណាមក្លាយជាប្រទេសរងគ្រោះខ្លាំងជាងគេនៅក្នុងតំបន់អាស៉ីអាគ្នេយ៍៕