ឥណ្ឌូណេស៉ី លើកសំណើបញ្ជូនកងទ័ព ២០ ០០០នាក់ដើម្បីជួយរក្សាសន្តិភាព ក្រោយសង្រ្គាមហ្កាហ្សា (Video inside)

24-09-2025 14:00

(ញូវយ៉ក)៖ ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto បានលើកសំណើឱ្យមានការបញ្ជូនទាហាន ២០ ០០០នាក់ទៅកាន់តំបន់ហ្កាហ្សា ក្នុងនាមជាកងកម្លាំងរក្សាសន្តិភាព ករណីមានកិច្ចព្រមព្រៀងសន្តិភាពណាមួយ នាពេលខាងមុខរវាងអ៉ីស្រាអែល ​និងប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ ២០២៥។

លោក Prabowo គូសបញ្ជាក់ថា «យើងទុកចិត្តអង្គការសហប្រជាជាតិ (UN)។ យើងនឹងបន្តបម្រើសន្តិភាព នៅទីកន្លែងណា ដែលត្រូវការ ដោយមិនគ្រាន់តែជាពាក្យសម្តីប៉ុណ្ណោះទេ ប៉ុន្តែជាសកម្មភាពជាក់ស្តែង»។ លោកបន្ថែមថា «ប្រសិនបើ និងនៅពេលណា ដែលក្រុមប្រឹក្សាសន្តិសុខ UN និងមហាសន្និបាតសម្រេចចិត្តធ្វើដូច្នេះ នោះឥណ្ឌូណេស៉ីត្រៀមជាស្រេច ដើម្បីដាក់ពង្រាយទាហានប្រុសស្រីរបស់យើងចំនួន ២០ ០០០នាក់ ឬច្រើនជាងនេះ ដើម្បីជួយធានាសន្តិភាពហ្កាហ្សា»

គួរបញ្ជាក់ថា សំណើនេះត្រូវបានស្វាគមន៍ពីសំណាក់ប្រទេសជុំវិញពិភពលោក ដែលទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីន ក្នុងរយៈពេលថ្មីចុងក្រោយនេះ៕