មនុស្សយ៉ាងហោច១២នាក់ស្លាប់ ក្នុងគ្រោះទឹកជំនន់នៅរដ្ឋ Kolkata ប្រទេសឥណ្ឌា (Video inside)

24-09-2025 14:17

(ញូវដែលី)៖ មនុស្សយ៉ាងហោច១២នាក់បានស្លាប់ ស្របពេលដែលភ្លៀងបានធ្លាក់យ៉ាងខ្លាំងក្លា លើទីក្រុង Kolkata នៅភាគខាងកើត​ប្រទេសឥណ្ឌា និងតំបន់ជុំវិញនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥។

ប្រធាននាយកដ្ឋានឧតុនិយមឥណ្ឌាប្រចាំទីក្រុង Kolkata បានឱ្យដឹងថា វាជាការធ្លាក់ភ្លៀងខ្លាំងបំផុតមិនធ្លាប់មានឡើយនៅទីក្រុងនេះ គិតចាប់តាំងតែពីឆ្នាំ១៩៨៨មក។ ប៉ូលិសបានប្រាប់ថា មនុស្ស៩នាក់បានបាត់បង់ជីវិត នៅទីក្រុង Kolkata ដែលភាគច្រើនគឺដោយសារ​ឆក់ខ្សែភ្លើង ហើយ២នាក់បានលង់ទឹក ខណៈមួយចំនួនផ្សេងទៀត នៅតំបន់ជុំវិញនោះ ក៏បានស្លាប់ផងដែរ។

ភ្លៀងធ្លាក់ខាងលើ បានបង្កការជន់លិចធ្ងន់ធ្ងរនៅក្នុងទីក្រុង Kolkata ដោយចរាចរណ៍ទាំងតាមផ្លូវថ្នល់ ផ្លូវដែក និងផ្លូវអាកាស សុទ្ធតែ​បានរងការប៉ះពាល់ ហើយក៏មានការដាច់ចរន្តអគ្គិសនីយូរម៉ោង នៅតាមតំបន់ជាច្រើនថែមទៀតផង។ ប្រការនេះបង្កជាឧបសគ្គ​ចំពោះការត្រៀមលក្ខណៈរៀបចំ សម្រាប់ពិធីបុណ្យ Durga Puja ដែលជាបុណ្យធំបំផុតប្រចាំឆ្នាំរបស់សាសនិកហិណ្ឌូ នៅរដ្ឋ West Bengal។

គួរបញ្ជាក់ថា បើតាមការព្យាកររបស់អាជ្ញាធរឧតុនិយម នៅរដ្ឋ West Bengal ព្រមទាំងតំបន់ភាគខាងកើតនៃប្រទេសឥណ្ឌា នឹងបន្តរង​ការធ្លាក់ភ្លៀងខ្លាំង សម្រាប់រយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត ដោយសារតែឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប នៅលើឆកសមុទ្រ Bengal៕