ភរិយាអតីតប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ឡើងសវនាការ ក្នុងសំណុំរឿងពុករលួយ (Video inside)

24-09-2025 15:29

(សេអ៊ូល)៖ នាថ្ងៃពុធ ទី២៤ ខែកញ្ញា តុលាការនៅប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមបើកការជំនុំជម្រះក្តីបទល្មើសព្រហ្មទណ្ឌ សម្រាប់ភរិយា​របស់អតីតប្រធានាធិបតីលោក Yoon Suk Yeol ដែលត្រូវបានទម្លាក់ពីអំណាច ខណៈវាគឺជាលើកដំបូងបង្អស់ ដែលអតីតជំទាវទី១ (ភរិយាប្រធានាធិបតី) ​នៅកូរ៉េខាងត្បូង ត្រូវឡើងសវនាការវិនិច្ឆ័យទោសបែបនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោកស្រី Kim Keon Hee ត្រូវបានចាប់ខ្លួនកាលពីខែសីហាកន្លងទៅ ក្រោមបទចោទ​ប្រកាន់ចម្រុះជាច្រើន ក្នុងនោះរួមមានទាំង​ការបោកបញ្ឆោតពាក់ព័ន្ធទីផ្សារភាគហ៊ុន និងការប្រព្រឹត្តអំពើពុករលួយ។ លោកស្រីបានបង្ហាញវត្តមានដោយផ្ទាល់ក្នុងសវនាការ​ជាលើកដំបូងនៅតុលាការនៃទីក្រុងសេអ៊ូល។ ចំណែកស្វាមីលោកស្រី គឺលោក Yoon វិញ ក៏ត្រូវបានចាប់ខ្លួន និងកំពុងស្ថិតក្រោមការឃុំឃាំងដូចគ្នា បន្ទាប់ពីត្រូវបានទម្លាក់ពីអំណាច ដោយសារតែការប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក កាលពីចុងឆ្នាំ២០២៤។

គួរបញ្ជាក់ថា ការចាប់ដំណើរការនៃសំណុំរឿងខាងលើ បានន័យថា ប្រទេសកូរ៉េខាងត្បូងនាពេលនេះ គឺមានអតីតប្រធានាធិបតី និងអតីតជំទាវទី១ ត្រូវប្រឈមមុខដំណើរការជំនុំជម្រះក្តីបទល្មើសព្រហ្មទណ្ឌ ក្នុងពេលទន្ទឹមគ្នាតែម្តង៕