ក្រសួងហិរញ្ញវត្ថុរុស្ស៉ី រៀបចំគម្រោងដំឡើងពន្ធក្នុងស្រុក ដើម្បីយកថវិកាមកធ្វើសង្រ្គាមនៅអ៊ុយក្រែន (Video inside)
24-09-2025 15:54
(មូស្គូ)៖ ក្រសួងហិរញ្ញវត្ថុរុស្ស៉ី បានឱ្យដឹងថា ខ្លួនកំពុងរៀបចំស្នើដំឡើងពន្ធលើតម្លៃបន្ថែម (VAT) ដល់អត្រា ២២ភាគរយ ចាប់ពីឆ្នាំ ២០២៦ ដែលពីមុនមានតែ ២០ភាគរយប៉ុណ្ណោះ ដើម្បីយកលុយមកជួយដល់ការចំណាយផ្នែកយោធា នៅក្នុងឆ្នាំទី៤ នៃសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ ២០២៥។
តាមសេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុរុស្ស៉ី ធនធានដែលគ្រោងទុកក្នុងថវិកា នឹងអាចយកមកបំពាក់អាវុធទំនើប ក៏ដូចជាសម្ភារយោធាចាំបាច់ដល់កងទ័ព បើកប្រាក់បៀវត្សរ៍ដល់បុគ្គលិកយោធា និងផ្គត់ផ្គង់ដល់ក្រុមគ្រួសារពួកគេ ជាមួយការធ្វើទំនើបកម្មសហគ្រាសឧស្សាហកម្មការពារជាតិ។ ក្រសួងក៏កំពុងស្នើឱ្យមានការដំឡើងពន្ធផ្សេងទៀត រួមទាំងអាជីវកម្មល្បែងផងដែរ។
ថ្មីៗនេះ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី បាននិយាយថា លោកបើកចំហរឱ្យមានការបង្កើនពន្ធមួយចំនួន ដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុ ក្នុងពេលមានសង្រ្គាម ដោយកត់សម្គាល់ថា សហរដ្ឋអាមេរិក ក៏ធ្លាប់ដំឡើងពន្ធលើ ក្រុមអ្នកមានស្តុកស្តម្ភ អំឡុងសង្រ្គាមវៀតណាម និងកូរ៉េកាលពីអតីតកាលដែរ៕