បទវិភាគ៖ ការដើរទៅកាន់ទិសដៅតែមួយ គឺជាជម្រើសដ៏ល្អបំផុតរបស់ចិននិងអាមេរិក

24-09-2025 16:34

(ប៉េកាំង)៖ កិច្ចជំនួបពិភាក្សាតាមទូរស័ព្ទរវាងមេដឹកនាំកំពូលនៃប្រទេសចិននិងអាមេរិកម្តងទៀតបន្ទាប់ពីរំលងអស់រយៈពេល៣ខែ បានទាក់ទាញក្រសែចក្ខុរបស់ពិភពលោកទាំងមូល។

យប់ថ្ងៃទី ១៩ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយធ្វើការផ្លាស់ប្តូរយ៉ាងស្មោះស្ម័គ្រ និងស៊ីជម្រៅអំពីទំនាក់ទំនងរវាងចិននិងអាមេរិក នាពេលបច្ចុប្បន្ន និងបញ្ហាដែលយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងបានផ្តល់ការណែនាំជាយុទ្ធសាស្រ្ត សម្រាប់ការអភិវឌ្ឍ ទំនាក់ទំនងរវាងចិននិងអាមេរិក ប្រកបដោយស្ថិរភាពនៅដំណាក់កាលបន្ទាប់។

លោក Xi Jinping បានលើកឡើងថា ទំនាក់ទំនងរវាងចិននិងអាមេរិកមានសារសំខាន់ណាស់ ចិននិងអាមេរិកអាចផ្តល់ ជំនួយដល់គ្នាទៅវិញទៅមក ស្វែងរកវិបុលភាពរួម បង្កើតសុខសុភមង្គលដល់ប្រទេសទាំងពីរ ក៏ដូចជាមានអំណោយផល ដល់ពិភពលោកផងដែរ ។ លោក ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកបានថ្លែងថា ទំនាក់ទំនងរវាងអាមេរិកនិងចិន ជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតនៅលើពិភពលោក ការដែលប្រទេសទាំងពីរធ្វើកិច្ចសហប្រតិបតិ្តការ អាចសម្រេចបាន នូវភារកិច្ចជាច្រើនដែលមានអំណោយផល ដល់សន្តិភាពនិងស្ថិរភាពសកល រំពឹងទុកអាចរក្សាទំនាក់ទំនងដ៏មហិមា ល្អប្រសើរនិងយូរអង្វែងជាមួយប្រទេសចិន។

ប្រព័ន្ធសារព័ត៌មានរបស់អាមេរិក ដូចជាទីភ្នាក់សារព័ត៌មាន AP និងវិទ្យុសាធារណៈជាតិរបស់អាមេរិកជាដើម បាននាំគ្នាផ្សាយដំណឹងអំពី កិច្ចជំនួបកំពូលនៃប្រមុខរដ្ឋចិននិងអាមេរិកលើកនេះ។ កាសែត« South China Morning Post »របស់ចិនហុងកុងបានវាយតម្លៃថា កិច្ចជំនួបតាមទូរស័ព្ទរបស់ប្រមុខរដ្ឋចិននិងអាមេរិកលើកនេះ ជាសញ្ញាកត់សម្គាល់ថា ប្រទេសធំទាំងពីរបានធ្វើកិច្ចខិតខំប្រឹងប្រែងថ្មីបំផុត ដើម្បីលំនឹងទំនាក់ទំនង។

ប្រវត្តិសាស្ត្រហាក់ដូចជាកញ្ចក់មួយ ដែលបានឆ្លុះបញ្ចាំងពីអតីតកាល និងបំផុសគំនិតពីពេលអនាគត។ ៨០ឆ្នាំមុន ចិននិងអាមេរិកធ្លាប់ប្រកៀកស្មាគ្នាតស៊ូប្រយុទ្ធ ដើម្បីសន្តិភាពនិងយុត្តធម៌។ បច្ចុប្បន្ននេះ ក្នុងនាមជារដ្ឋសមាជិកអចិន្ត្រៃយ៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចិននិងអាមេរិកក៏គួរធ្វើកិច្ចសហប្រតិបតិ្តការ ដើម្បីសន្តិភាពនិងវិបុលភាពសកល ក្នុងយុគសម័យថ្មី និងរ៉ាប់រងទំនួលខុសត្រូវរបស់ប្រទេសធំដែរ។

តាំងពីខែឧសភាពឆ្នាំនេះមក ក្រោមការណែនាំពីគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋចិននិងអាមេរិក ទាំងមុនទាំងក្រោយ ក្រុមការងារភាគីទាំងពីរបានធ្វើកិច្ចពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មចំនួនបួនជុំ។ ក្នុងកិច្ចពិភាក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅទីក្រុងម៉ាឌ្រីដដែល ទើបបញ្ចប់នៅសបា្តហ៍នេះ ចិននិងអាមេរិកបានឈានដល់គំនិតឯកភាពរួមជា ក្របខ័ណ្ឌមូលដ្ឋានស្តីពីការដោះស្រាយបញ្ហាពាក់ព័ន្ធនឹង TikTok ឱ្យបានសមរម្យ។ ប៉ុន្តែអាមេរិកមិនបានបញ្ឈប់ ទង្វើខុសឆ្គងដែលបានចាត់វិធានការដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មដោយឯកតោភាគីទៅលើប្រទេសចិន ព្រមទាំងបានពង្រីកបញ្ជីឈ្មោះដាក់ទណ្ឌកម្មទៅលើ អង្គភាពរបស់ចិនជាបន្តបន្ទាប់។ ទាក់ទិននឹងរឿងនេះ ប្រទេសចិនបានលើកឡើងកង្វល់យ៉ាងម៉ឺងម៉ាត់ចំពោះអាមេរិករួចហើយ។

ថ្លែងក្នុងកិច្ចជំនួបតាមទូរស័ព្ទ លោក Xi Jinping បានបង្ហាញយ៉ាងច្បាស់នូវគោលការណ៍ និងគោលជំហររបស់ចិន ក្នុងការដោះស្រាយបញ្ហាដ៏លេចធ្លោ ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ដោយលើកឡើងថា ភាគីទាំងពីរសុទ្ធតែត្រូវដើរ ស្របតាមទិសដៅជាមួយគ្នា និងធ្វើកិច្ចខិតខំប្រឹងប្រែង អាមេរិកគួរចៀងវាងពីការចាត់វិធានការដាក់កំហិត ខាងពាណិជ្ជកម្មដោយឯកតោភាគី ក្នុងន័យកុំប៉ះពាល់ដល់លទ្ធផលរបស់ភាគីទាំងពីរ ដែលទទួលបានក្នុង កិច្ចពិគ្រោះពិភាក្សាជាច្រើនជុំ។ ពាក់ព័ន្ធនឹងបញ្ហាTikTok លោកបានថ្លែងថា “រីករាយឃើញសហគ្រាស ធ្វើកិច្ចចរចាពាណិជ្ជកម្មឱ្យបានល្អលើ មូលដ្ឋានសមស្របនឹងក្បួនច្បាប់ទីផ្សារ និងឈានដល់ដំណោះស្រាយ ដែលសមស្របនឹងច្បាប់និងការកំណត់របស់ចិន”។ រំពឹងទុកអាមេរិកអាចបង្កបង្កើតបរិយាកាស ប្រកបអាជីវកម្ម ដែលប្រកបដោយភាពបើកទូលាយ យុត្តិធម៌និងមិនរើសអើងសម្រាប់ឱ្យសហគ្រាសចិន ទៅបណ្តាក់ទុននៅអាមេរិក។

ចាត់ទុកប្រវតិ្តសាស្ត្រជាជាមេរៀន ឆ្ពោះទៅកាន់អនាគត ។ បើប្រកាន់ខ្ជាប់ការណែនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរមិនងាករេ និងប្រកាន់ខ្ជាប់ការអនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់ ប្រមុខរដ្ឋនៃប្រទេសទាំងពីរយ៉ាងពិតប្រាកដ នោះចិននិងអាមេរិក ក៏មានសមត្ថភាពគ្រប់គ្រងការខ្វែងគំនិតដោយសមរម្យ និងស្វែងរកផ្លូវសហប្រតិបតិ្តការឈ្នះ-ឈ្នះក្នុងយុគសម័យថ្មី ក្នុងនាមជាប្រទេសធំ នេះក៏ជាកាតព្វកិច្ចរួមរបស់ចិននិងអាមេរិក ដើម្បីអនាគតរបស់ពិភពលោកផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន