រថក្រោះអ៊ីស្រាអែលបន្តរុលចូលជ្រៅក្នុងទីក្រុងហ្កាហ្សា ខណៈលោក ត្រាំ ពិភាក្សាអំពីសន្តិភាពជាមួយមេដឹកនាំមូស្លីមនៅ UN

24-09-2025 18:51

(ហ្កាហ្សា)៖ កងកម្លាំងអ៊ីស្រាអែល បានបន្តរុលចូលទៅកាន់កណ្ដាលទីក្រុងហ្កាហ្សាកាលពីថ្ងៃពុធ ស្របពេលដែលការវាយប្រហារតាមផ្លូវអាកាសមួយ បានវាយប្រហារជំរំជ្រកកោនមួយកន្លែង បណ្តាលឲ្យមនុស្សយ៉ាងតិច ២០នាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមគ្រូពេទ្យបានគូសបញ្ជាក់ថា មនុស្សយ៉ាងតិច ២០នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅពេលដែលការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលបានវាយប្រហារចំជំរំជ្រកកោនរបស់ក្រុមគ្រួសារជនភៀសខ្លួន ក្បែរផ្សារមួយនៅកណ្ដាលទីក្រុង។ សាក្សីម្នាក់ឈ្មោះ Sami Hajjaj បាននិយាយទាំងក្តុកក្តួលថា «ពួកយើងកំពុងដេកលក់...ពួកគេមិនបានជូនដំណឹង ឬផ្តល់សញ្ញាអ្វីទាំងអស់ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល។ នៅទីនេះមានកុមារ និងស្ត្រី ប្រហែល ២០០នាក់ ដែលមកពី ៦ទៅ៧គ្រួសារ»។

នៅតំបន់ Tel Al-Hawa រថក្រោះបានរុលចូលតំបន់ដែលមានប្រជាជនរស់នៅច្រើន ធ្វើឲ្យប្រជាជនជាប់គាំងនៅក្នុងផ្ទះរបស់ពួកគេ ខណៈរថក្រោះជាច្រើនគ្រឿងទៀតត្រូវបានគេឃើញប្រចាំការនៅក្បែរមន្ទីរពេទ្យ Al-Quds។ សាក្សី និងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាសបានរាយការណ៍ថា រថក្រោះក៏បានរុលទៅជិតមន្ទីរពេទ្យ Al Shifa ដែលជាមន្ទីរពេទ្យធំជាងគេនៅហ្កាហ្សាផងដែរ។

គួរបញ្ជាក់ថា ការវាយលុកនេះកើតឡើង ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងសន្តិភាពជាមួយមេដឹកនាំមូស្លីមនៅឯអង្គការសហប្រជាជាតិ។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីម៉ារ៉ាត WAM កិច្ចប្រជុំនោះបានផ្តោតសំខាន់លើការបញ្ចប់សង្គ្រាម។ លោក ត្រាំ ដែលកន្លងមកបានថ្កោលទោសប្រទេសមួយចំនួនដែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីន បានមានប្រសាសន៍ថា កិច្ចប្រជុំបន្ទាប់នឹងធ្វើឡើងជាមួយភាគីអ៊ីស្រាអែល៕