វិមានក្រឹមឡាំង ចាត់ទុកការអះអាងរបស់លោក ត្រាំ ជុំវិញសង្គ្រាមអ៊ុយក្រែន ថាជាការយល់ខុស, សន្យាផ្តល់ «ព័ត៌មានពិត» ដល់វ៉ាស៊ីនតោន (Video inside)

24-09-2025 19:14

(មូស្គូ)៖ វិមានក្រឹមឡាំងបានចេញមុខបដិសេធទាំងស្រុងនូវទឡ្ហីករណ៍របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន ដោយបានបញ្ជាក់កាលពីថ្ងៃពុធថា ខ្លួននឹងផ្តល់ «ព័ត៌មានពិត» ដល់សហរដ្ឋអាមេរិក អំពីអ្វីដែលកំពុងកើតឡើងជាក់ស្តែងនៅសមរភូមិ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ការឆ្លើយតបនេះធ្វើឡើង បន្ទាប់ពីលោក ត្រាំ បានផ្លាស់ប្តូរជំហរភ្លាមៗដោយងាកទៅរកការគាំទ្រអ៊ុយក្រែនកាលពីថ្ងៃអង្គារ ដោយលោកបានអះអាងថា ទីក្រុងកៀវអាចដណ្តើមយកទឹកដីទាំងអស់ដែលរុស្ស៊ីបានកាន់កាប់មកវិញបាន។ វិមានក្រឹមឡាំងបានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចរុស្ស៊ីនៅតែមានស្ថិរភាព ហើយការរុលទៅមុខយឺតៗរបស់កងកម្លាំងរុស្ស៊ី គឺជាយុទ្ធសាស្ត្រដែលបានគិតគូរយ៉ាងល្អិតល្អន់។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានប្រាប់អ្នកសារព័ត៌មានថា «តាមការយល់ដឹងរបស់យើង សេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី ត្រាំ ត្រូវបានធ្វើឡើងបន្ទាប់ពីបានសន្ទនាជាមួយ (ប្រធានាធិបតីអ៊ុយក្រែន) លោក ហ្សេលេនស្គី។ ទស្សនៈនេះផ្ទុយស្រឡះពីការយល់ដឹងរបស់យើងអំពីស្ថានភាពជាក់ស្តែង»។ លោកបានបន្ថែមថា «ស្ថានការណ៍ជាក់ស្តែងនៅជួរមុខបានបញ្ជាក់យ៉ាងច្បាស់ហើយ»។

ទោះជាយ៉ាងណា អ្នកជាតិនិយមរុស្ស៊ីមួយចំនួនចាត់ទុកការផ្លាស់ប្តូរជំហររបស់លោក ត្រាំ ថាជាសញ្ញាមួយដែលលោកកំពុង «លាងដៃ» ចេញពីសង្គ្រាមនៅអ៊ុយក្រែន។ លោក Konstantin Malofeyev ដែលជាអ្នកមានឥទ្ធិពលនយោបាយម្នាក់ បាននិយាយថា «ត្រាំ បានបញ្ជូនអ៊ុយក្រែនឲ្យទៅប្រយុទ្ធជាមួយរុស្ស៊ី ដោយមានអឺរ៉ុបនៅក្បែរខ្លួន ខណៈដែលត្រូវទិញអាវុធពីសហរដ្ឋអាមេរិក»។

គួរបញ្ជាក់ថា លោក ប៉េស្កូវ ក៏បានច្រានចោលការពិពណ៌នារបស់លោក ត្រាំ ដែលហៅរុស្ស៊ីថាជា «ខ្លាក្រដាស» ផងដែរ។ ទន្ទឹមគ្នានេះ អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ម៉េដវេដេវ បាននិយាយថា លោក ត្រាំ បាន «ធ្លាក់ចូលទៅក្នុងការពិតមួយផ្សេងទៀត» ហើយបានទស្សន៍ទាយថា លោកនឹងផ្លាស់ប្តូរជំហរម្តងទៀត៕