រុស្ស៊ី និងអ៊ីរ៉ង់ ចុះអនុស្សរណៈសាងសង់រោងចក្រនុយក្លេអ៊ែរខ្នាតតូចនៅអ៊ីរ៉ង់ (Video inside)

24-09-2025 19:59

(មូស្គូ)៖ សាជីវកម្មថាមពលនុយក្លេអ៊ែររដ្ឋរុស្ស៊ី Rosatom បានប្រកាសថា រុស្ស៊ី និងអ៊ីរ៉ង់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយកាលពីថ្ងៃពុធ លើកិច្ចសហប្រតិបត្តិការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចនៅក្នុងប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅក្នុងជំនួបមួយនៅទីក្រុងមូស្គូ រវាងប្រធានក្រុមហ៊ុន Rosatom លោក Alexei Likhachev និងប្រធានអង្គការថាមពលបរមាណូអ៊ីរ៉ង់ លោក Mohammad Eslami។ ក្រុមហ៊ុន Rosatom បានហៅគម្រោងនេះថាជា «គម្រោងជាយុទ្ធសាស្ត្រ»។

លោក Eslami ដែលជាអនុប្រធានាធិបតីអ៊ីរ៉ង់ផងដែរ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់កាលពីដើមសប្តាហ៍នេះថា ផែនការនេះគឺដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរចំនួនប្រាំបី ខណៈដែលទីក្រុងតេអេរ៉ង់ កំពុងព្យាយាមសម្រេចឲ្យបាននូវសមត្ថភាពថាមពលនុយក្លេអ៊ែរ ២០ ជីហ្គាវ៉ាត់ (GW) នៅត្រឹមឆ្នាំ២០៤០។

គួរបញ្ជាក់ថា បច្ចុប្បន្នអ៊ីរ៉ង់ដែលតែងតែទទួលរងនូវការខ្វះខាតអគ្គិសនីក្នុងអំឡុងខែដែលមានតម្រូវការខ្ពស់ មានរោងចក្រថាមពលនុយក្លេអ៊ែរដែលកំពុងប្រតិបត្តិការតែមួយគត់នៅទីក្រុង Bushehr ភាគខាងត្បូងនៃប្រទេស។ រោងចក្រនេះត្រូវបានសាងសង់ឡើងដោយប្រទេសរុស្ស៊ី និងមានសមត្ថភាពផលិតថាមពលប្រហែល ១ ជីហ្គាវ៉ាត់។ រុស្ស៊ីមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ ហើយកន្លងមកបានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលមកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ខណៈដែលអ៊ីរ៉ង់អះអាងថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់គោលបំណងសន្តិភាពប៉ុណ្ណោះ៕